ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ពិភពលោក​ទាំងមូល រួមទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវា​ដំរី ពិភពលោក ១២ សីហា ដោយបាន​តាំងចិត្ត​ខ្ពស់ ក្នុងការ​ថែរក្សា​អភិរក្ស​សត្វ​ដំរី និង​ផ្តល់នូវ​ទីជម្រក​សុខសាន្ត ដោយ​គ្មាន​ការគំរាមកំហែង ពី​ការ​បរបាញ់ កាត់បន្ថយ​ជម្លោះ រវាង​មនុស្ស និង​ដំរី​។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ ក្នុង​សន្និសីទ​សារព័ត៌មាន អំពី​អន្ទាក់​សូន្យ​ថាៈ កម្ពុជា បច្ចុប្បន្ននេះ មាន​ដំរី​អាស៊ី ចន្លោះ​ពី ៤០០ ទៅ ៦០០ ក្បាល ដែល​ភាគច្រើន រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប (​តំបន់​ព្រៃ​ឡង់​) និង តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្ត​មណ្ឌល​គី​រី ខេត្តរតនគិរី ដែលជា​តំបន់​ជីវៈចម្រុះ ដ៏​សំបូរបែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក ត្រូវបាន​ប៉ាន់​ស្មានថា មាន​ចំនួន​ប្រមាណ​ជាង ៧០ ក្បាល​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថាៈ ប្រទេស​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ប្រទេស នានា លើ​ពិភពលោក ក្នុងការ​អភិរក្ស​សត្វ​ដំរី ដែល​នៅ​សេសសល់ នៅលើ​ពិភពលោក ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ នៅក្នុង​បញ្ជី​ក្រហម​របស់ អង្គការ​សហភាព​អន្ដរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ដោយបាន​អំពាវនាវ​ឱ្យ បញ្ឈប់​សកម្មភាព​ទាំងឡាយ ដែលមាន​លក្ខណៈ​គំរាមកំហែង​ដល់​ដំរី ជាពិសេស កាត់បន្ថយ​ជម្លោះ រវាង​មនុស្ស និង​ដំរី​។​

​ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បាន​ថ្លែងថាៈ «​ដំរី​អាស៊ី កំពុង​រង​ការគំរាមកំហែង នៅលើ​សកលលោក ដោយសារតែ នៅតែ​មានការ​បរបាញ់ ការដាក់​អន្ទាក់ ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរី និង​ការចាប់​ផ្ស៊ាំ យកមក​ចិញ្ចឹម​ក្នុងស្រុក ដែល​យើងទាំងអស់គ្នា ចាំបាច់​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ដំរី ឱ្យបាន​គង់វង្ស​»​។​

​លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថាៈ យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់ អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ ៧០ ឆ្នាំ ចុងក្រោយ​នេះ ចំនួន​ដំរី​អាស៊ី នៅលើ​ពិភពលោក បាន​ថយចុះ ប្រហែលជា ៥០ ភាគរយ ចំណែកឯ​ទីជម្រក​របស់​វា បាន​បាត់​បង់អស់​ជិត ៩០ ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី សរុប​ប្រមាណ​ពី ៣៩.៤៦៣ ក្បាល ទៅ ៤៧.៤២៧ ក្បាល ដែល​កំពុង​រស់នៅក្នុង​ព្រៃ សព្វថ្ងៃ ក្នុងនោះ​ប្រហែល ៧៥ ភាគរយ រស់នៅក្នុង​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។ ដំរី​អាស៊ី ត្រូវបាន​ចាត់ទុកថា ជា​ប្រភេទ សត្វ​បង្គោល​ដ៏​សំខាន់ ដោយសារ​សារៈសំខាន់ ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត នៅក្នុង​ដែន​ជម្រក​របស់​វា​។​

​ជាមួយគ្នានេះដែរ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បន្ថែមថាៈ ថ្មីៗ​នេះ កូនដំរី​ស្រុក ២ ក្បាល បានកើត​នៅ​រតនគិរី និង​នៅ​មណ្ឌលគិរី ដែល​នេះ​គឺជា​ដំណឹង​ដ៏​ល្អ សម្រាប់​ការងារ អភិរក្ស​ដំរី​ស្រុក ផងដែរ ដែល​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ខ្ពស់​។​

​បើ​យោងតាម​ការប៉ាន់ស្មាន ផែនការ​សកម្មភាព រយៈពេល ១០ ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរី ព្រៃ​អាស៊ី​នេះ ត្រូវការ​ថវិកា​ចំនួន ៤០,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​គម្រោង​ថវិកា រំពឹងថា​នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​ជាង​នេះ លោក នេត្រ ភក្ត្រា បាន​ថ្លែង​ដោយ​បញ្ជាក់ថាៈ កម្ពុជា បានរៀបចំ​យន្តការ ក៏ដូចជា មានច្បាប់ និង​អនុវត្ត​ជាប្រចាំ ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ការជួញដូរ​សត្វព្រៃ ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទល្មើស​ជាច្រើន ហើយ​រំដោះ​សត្វព្រៃ​ជាច្រើន ពី​ក្រញាំដៃ​នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿង ទៅ​តុលាការ ផ្តន្ទាទោស​តាមច្បាប់ ក៏ដូចជា ការផាកពិន័យ​ជា​ប្រាក់​ជាដើម​៕/V