​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា បានប្រកាស​បើក​ព្រឹត្តិការណ៍ ការប្រកួត​កីឡា ប៊ីយ៉ា​ភូ​ល ពានរង្វាន់ LUX98 -P00L 9-Ball Open 2022 ជា​ផ្លូវការ​ហើយ​។​

​នេះ​ជាការ​ប្រកួត ដើម្បី​ស្វែងរក​កីឡាករ ប៊ីយ៉ា​ភូ​ល​ឆ្នើមៗ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែមទៀត ត្រៀមខ្លួន​ប្រកួត​ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ មាន​ជើង​ខ្លាំងៗ ចំនួន ១៦ រូប ចូលរួម​ប្រកួត​។​

​ក្នុងឱកាស​ពិធី​បើក​ជា​ផ្លូវការ នៅថ្ងៃនេះ ដោយមាន​ការអញ្ជើញ ចូលរួម​ជា​កិត្តិយស ពី​សំណាក់ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង និង​រៀបចំ​ព្រឹ​តិ្ត​ការណ៍ និង​កញ្ញា ហេង ចាង ម្ចាស់​ក្លិប​កីឡា​ប៊ីយ៉ា​ភូ​ល និង​ស្នូក​យ័រ LUX98 ។​

​លោក ម៉ា​រ៉ា សុជាតិ បានរៀបចំ​បង្កើត​សកម្មភាព​ប្រកួត​ផ្សេងៗ ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដោយ​បើកឱកាស​ឲ្យ​អ្នកមាន​ទេពកោសល្យ ផ្នែក​កីឡា​ប៊ីយ៉ា​ភូ​ល និង​ស្នូកឃ័រ ជា​វិញ្ញាសា​កីឡា ដែល​បាន​បញ្ចូល​ទៅក្នុង​ព្រឹត្តិការណ៍ SEA GAMES 2023 លើក​ទី​៣២ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣ ខាងមុខ ចូលរួម​បញ្ចេញ​សមត្ថភាព ដើម្បី​ក្លាយខ្លួនជា​កីឡាករ តំណាង​ជាតិ តំណាង​ក្លិប​ផ្សេងៗ តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ជាតិ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ នេះដែរ ។​

​លោក ហួត សេង​ទ្រី បាន​និយាយថាៈ រាល់​ការប្រកួត គឺជា​ការជ្រើសរើស​រក​កីឡាករ​ឆ្នើមៗ តំណាង​ឲ្យ​ក្លិប សហព័ន្ធ និង​ជាតិ ដើម្បី​ចូលរួម​ការប្រកួត​ផ្សេងៗ លើក​ឆាក​ជាតិ និង​អន្តរជាតិ ដូចជា​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដូច្នេះ​ក្លិប នីមួយៗ ត្រូវ​ពង្រឹង​ធនធាន​កីឡាករ​របស់ខ្លួន ក្នុងការ​ចម្រាញ់​រក​កីឡាករ​ឆ្នើម ដើម្បី​ព្រឹត្តិការណ៍ SEA GAMES 2023 លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣​ខាងមុខ​។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍ថាៈ ក្នុងនាម​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​កោតសរសើរ សហព័ន្ធ និង​ម្ចាស់​ក្លិប ដែល​បាន​សហការគ្នា យ៉ាង​ល្អប្រសើរ រៀបចំ​ការប្រកួត​ពាន់​រង្វាន់ LUX 98- POOL 9-BALL OPEN 2022 ដើម្បី​ការជ្រើសរើស​រក​កីឡាករ​ឆ្នើមៗ តំណាង​ឲ្យ​កម្ពុជា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ខាងមុខ​។​

​ប្រភេទ​កីឡា​ប៊ីយ៉ា​ស្នូកឃ័រ មានឈ្មោះ​ក្នុង​បញ្ជី SEA GAMES 2023 លើក​ទី​៣២ ក្នុងចំណោម ៣៩ ប្រភេទ​កីឡា ហើយ​សហព័ន្ធ បាន​ត្រៀម​ដាក់ ចំនួន ១០ វិញ្ញាសា បុរស​៦​វិញ្ញាសា និង​នារី​៤​វិញ្ញាសា ចំពោះ​ការប្រកួត​សហព័ន្ធ​ចម្រាញ់​រក​កីឡាករ​ល្អ​។​

​លោក​បាន​បន្តថាៈ សហព័ន្ធ សហការ​ជាមួយ​ក្លិប LUX 98 ជា​ក្លិប​មាន​ទីតាំង និង​ទីលាន​ល្អ តុ​ប៊ីយ៉ា​ស្តង់ដារ​អន្តរជាតិ យ៉ាងច្រើន ហើយ​មាន​ផាសុកភាព ដើម្បី​បង្កើត ការប្រកួត​នូវ វិញ្ញាសា​មួយ​គឺ ប៊ីយ៉ា POOL 9-BALL ក្នុងការ​សម្រិតសម្រាំង រក​ធនធាន​កីឡាករ នាពេលខាងមុខ បាន​រៀបរាប់​ខាងលើ ឲ្យ​បាន​គាប់ប្រសើរ​មួយ សម្រាប់​ការចូលរួម ក្នុង​ព្រឹត្តិការណ៍​ទាំងនោះ ដោយ​យើង​បើកទូលាយ​ឲ្យ​ប្លែក​បំផុត ទាំង​ខ្មែរ និង​បរទេស នៅ​កម្ពុជា អាចដាក់​ពាក្យ​ចូលរួម ការប្រកួត​ពានរង្វាន់​បុរស​មួយ មាន​ឈ្មោះថា LUX98-POOL 9-BALL OPEN 2022 ព្រោះ​ប្រភេទ​កីឡា ប៊ីយ៉ា​ភូ​ល​នេះ គឺមាន​អ្នក​ចូលចិត្ត​ច្រើន និង​មាន​សក្តានុពល​ខ្លាំង ទូទាំង​ពិភពលោក ហើយក៏​ជាការ​ប្រកួតប្រជែង​មួយ ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​ស្មារតី រវាង​កីឡាករ​បរទេស និង​កីឡាករ​កម្ពុជា​យើង​ផងដែរ​៕/V​