​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ អាជ្ញាធរ​ថៃ​នៅ​ក្រុង​បាងកក​បាន​ឃាត់ខ្លួន​អ្នកជំនួញ​ចិន​ម្នាក់ ដែល​ជា​កម្មវត្ថុ​នៃ​ការ​តាម​ស្វែង​ចាប់ខ្លួន​ជា​អន្តរជាតិ​ដោយសារ​បើក​កាស៊ីណូ​តាម​អន​ឡា​ញ​​ខុសច្បាប់ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​សៅរ៍​និង​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ទី​១៤​សីហា​។​

​យោង​តាម​សារព័ត៌មាន​ចិន លោក ស៊ី ជី​ចង​(She Zhijiang) អាយុ​៤០​ឆ្នាំ បាននិងកំពុង​រត់គេច​ខ្លួន​ពី​អាជ្ញាធរ​ចិន​ចាប់តាំងពី​ឆ្នាំ​២០១២​។​

​សារព័ត៌មាន​ជា​ច្រើន​និយាយថា បុរស​នេះ​មាន​គំរោង​​ធំៗ​និង​រកស៊ី​បើក​ល្បែង​រួមគ្នា​នៅ​កម្ពុជា និង​នៅរដ្ឋកា​យីន​របស់​មី​យ៉ាន់​ម៉ា ព្រមទាំង​ការរកស៊ី​ឆ្នោត​នៅ​ហ្វីលីពីន​។​

​ប៉ូលិស​ថៃ​បាន​និយាយថា ទិដ្ឋាការ​ស្នាក់នៅថៃ​របស់​លោក​ស៊ី​ត្រូវបាន​លុបចោល​ក្រោយ​ការនាំចូល​កន្លែង​ឃុំឃាំង​ប៉ូលិស​កាលពី​យប់​ថ្ងៃ​ពុធ ដោយ​រង់ចាំ​សំណើ​ធ្វើ​បត្យាប័ន ហើយ​«​រដ្ឋអាជ្ញា​នឹង​ដាក់​សំណើ​ចាប់ឃុំខ្លួន​​បណ្តោះអាសន្ន​មួយ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​នៅ​សប្តាហ៍​ក្រោយ​»​។​

​សូមបញ្ជាក់​ថា ប៉ូលិស​អន្តរជាតិ​(Interpol)​បាន​ចេញ​និវេទន៍​ក្រហម​តាមចាប់ខ្លួនធុរជនរូបនេះ​កាលពី​ខែ​ឧសភា ឆ្នាំ​២០២១ ចំពោះ​បទចោទប្រកាន់​ព្រហ្មទណ្ឌ​នៅ​ចិន ពាក់ព័ន្ធ​នឹង​ការបើក​ការ​ស៊ីណូ​មួ​យ​និង​​ប្រឈម​​ការដាក់ទោស​អោយ​ជាប់គុក​ដប់ឆ្នាំ​។​

​បើ​តាម​ប៉ូលិស​អន្តរជាតិ រវាង​ខែមករា​ឆ្នាំ​២០១៨ និង​ខែកុម្ភៈ​ឆ្នាំ​២០២១ ជនសង្ស័យ​ដែល​ដឹកនាំ​ក្រុម​ឧក្រិដ្ឋ​មួយ បាន​សមគំនិត​ជាមួយ​អ្នកដទៃ​ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន​និង​សិក្សា​និង​អភិវឌ្ឍ​កម្មវិធី​លេង​​ល្បែងភ្នាល់​តាម​អន​ឡា​ញ​(​អ៊ីនធឺណិត​)​។​គេហទំព័រ​ភ្នាល់​ល្បែង​តាម​អន​ឡាញ​រួមមាន Hongshulin, Yigou និង Yiyou International​ត្រូវបាន​បង្កើត​ឡើង​និង​រកបាន​អ្នក​ចូល​លេង​ជាង៣៣០.០០០​នាក់​។​

​និវេទន៍​របស់​ប៉ូលិស​អន្តរជាតិ​បាន​​បន្ថែមថា ដំណើ​ការរកស៊ី​ល្បែង​ខុសច្បាប់​នេះ​នាំ​អោយ​លោកស៊ី ជី​ចងរ​កចំណូល​បាន​២២,២​លាន​ដុល្លារ និង​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​បរទេស​។​

ស៊ី​មាន​លិខិត​ឆ្លង​ដែន​កម្ពុជា តែ​កើត​នៅ​​ក្នុង​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​។​

​បើ​តាម​សារព័ត៌មាន​ថៃ ជនរងគ្រោះ​ម្នាក់​ពី​ការ​ចាញ់ល្បែង​អន​ឡាញ​នេះ​អស់ប្រាក់​សន្ធឹកសន្ធាប់ បាន​សម្លាប់​ខ្លួនឯង​៕

​មេ​បន​ល្បែង​តាម​អន​ឡាញ​ខុសច្បាប់​ចិន ត្រូវបាន​ចាប់ខ្លួន​នៅ​ថៃ​