ខេត្ត​ចំនួន​៨ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង នៅពេល​ពីរ បី ថ្ងៃ ខាងមុខ​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​ថា ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា នឹង​រំកិល​ធ្លាក់ចុះ ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ នៅ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​របប​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ លក្ខណៈ​បែប​ខាងលើ នឹងធ្វើ​ឲ្យ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ ភ្លៀង​នឹង​បន្ត​ធ្លាក់ ក្នុង​សភាព​ជា​លក្ខណៈ​ឡូ​កាល់ ស្ទើរ​គ្រប់​ទីកន្លែង ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ​។​

​នៅក្នុង​សេ​ក្តី​ជូនដំណឹង បានបញ្ជាក់​ថាៈ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ អាចធ្វើ​ឲ្យ​បណ្តា តំបន់​ផ្ទៃ​រងទឹក​ភ្លៀង និង​បណ្តា​ខេត្ត​មួយចំនួន ដែល​កន្លងមក ទទួលបាន​នូវ​បរិមាណ ទឹកភ្លៀង​បង្គួរ និង​ច្រើន​រួចមកហើយ អាច​នឹង​បន្ថែម​បរិមាណ កើនឡើង​ទៀត ដែលជា​ហេតុ បង្កើតឡើង នូវ​ជំនន់​ទឹកភ្លៀង​សារជាថ្មី មាន​ជាអាទិ៍ៈ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៕/V​