ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍,ស្រ្តេតថែមស៍​)៖ ក្រុមប្រឆាំង​ថៃ​នៅ​សប្តាហ៍​ក្រោយ​នឹង​ស្វះស្វែង​អោយ​តុលាការ​ធម្មនុញ្ញ​សំរេច​អំពី​ព្រំដែន​នៃ​អាណត្តិ​ប្រាំបី​ឆ្នាំ​របស់​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ដោយ​មន្ត្រី​ម្នាក់​ក្នុង​​គណបក្ស​«​ធ្វើដំណើរ​ទៅ​មុខ​»​បាន​និយាយថា បណ្តា​បក្ស​ប្រឆាំង​នឹង​ផ្ញើ​ញត្តិ​មួយ​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ពុធ​។​

​លោក​ប្រា​យុទ្ធ​កាលពី​សប្តាហ៍​មុន​ក៏​បាន​និយាយថា រឿង​អាណត្តិ​របស់​លោក​វា​អាស្រ័យ​លើ​តុលាការ​បកស្រាយ​

​ណាត​ថាវុ​ធ បួ​ប្រាធូ​ម​(Natthawut Buaprathum)​អនុប្រធាន​គណបក្ស​ធ្វើ​ដំណើរ​ទៅមុខ បាន​និយាយថា​« ក្រុម​ប្រឆាំង​នឹង​ស្នើ​អោយ​តុលាការ​ផ្អាក​តំណែង​លោក​ប្រា​យុទ្ធ ដោយសារ​យើង​មិន​ចង់​​ឃើញ​ផលប៉ះពាល់​អវិជ្ជកាម​ណា​មួយ​លើ​ការដឹកនាំ​កិច្ចការជាតិ​និង​ការចំណាយ​ថវិកា​បើ​លោក​ប្រា​យុទ្ធ​នៅ​បន្ត​ក្នុង​តំណែង​នេះ​…»​។​

​គណបក្ស​ភឿ​ថៃ ដែល​ជា​បក្សប្រឆាំង​ថៃ​ធំជាងគេ ចង់អោយ​តុលាការ​បញ្ជាក់​ថា​តើ​ស្ថាបនិក​រដ្ឋប្រហារ​ឆ្នាំ​២០១៤​រូប​នេះ​កាន់តំណែង​នាយករដ្ឋមន្ត្រី​ដល់​ចុង​អាណត្តិ​ប្រាំបី​ឆ្នាំ​ហើយ​ឬ​នៅ និង​ថា​តើ​ពេល​កាន់​​តំណែង​ក្នុង​របប​យោធា​ក្រោយ​រដ្ឋប្រហារ​ភ្លាម​គួរ​រាប់បញ្ចូល​ដែរ​ឬ​អត់​។​ភឿ​ថៃ​និយាយថា​បើ​រាប់​បញ្ចូល រយៈពេល​កាន់តំណែង​ប្រាំបី​ឆ្នាំ​របស់​លោក​ត្រូវ​ចប់​នៅ​ថ្ងៃ​២៣​សីហា ២០២២​។​

​បើ​តាម​កំណត់ហេតុ​អង្គប្រជុំ​មួយ​ដែល​មាន​ការចូលរួម​ពី​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​កាលពី​ឆ្នាំ​២០១៨ អាណត្តិ​ប្រាំបី​ឆ្នាំ​របស់​លោក​ប្រា​យុទ្ធ ត្រូវ​ចប់​នៅ​ខែ​នេះ​។​

​តែ​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​មួយ​ក្នុង​រដ្ឋាភិបាលចំរុះ​លោក អានុ​ធីន ឆាន​វី​រ៉ា​គុល បាន​និយាយថា​លោក​មិន​ខ្វល់​អំពី​អាណត្តិ​របស់​លោក​ប្រា​យុទ្ធ​ចប់​ពេល​ណា​ទេ តែ​«​យើង​នឹង​ធ្វើ​អ្វី​គ្រប់​​យ៉ាង​ដើម្បី​គាំទ្រ​លោក​អោយ​ដឹកនាំ​រដ្ឋាភិបាល​រហូត​ចប់​អាណត្តិ​របស់​វា​នៅ​ឆ្នាំក្រោយ​។​ការបកស្រាយ​ច្បាប់​អាស្រ័យ​លើ​តុលាការ​ធម្មនុញ្ញ​»​។​

​ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា​ទី​១៥៨​កំណត់ថា​នាយករដ្ឋមន្ត្រី​ម្នាក់​អាច​កាន់តំណែង​យូរ​បំផុត​ត្រឹម​ប្រាំបី​ឆ្នាំ តែ​ពួក​អ្នកនយោបាយ​ថៃ​កំពុង​បែកបាក់​គ្នា​អំពី​ថា​តើ​អាណត្តិ​ប្រាំ​ឆ្នាំ​របស់​លោក​ប្រា​យុទ្ធ​ចប់​នៅពេល​​ណា​ដោយ​កាលបរិច្ឆេទ​បី​កំពុង​លើក​មក​ពិចារណា​។​

​ខ្លះ​ថា​វា​ត្រូវ​ចប់​នៅ​ខែ​នេះ ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៤​ពេល​លោក​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដំបូង​ក្រោយ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​នោះ​។​ក្រុម​មួយ​ទៀត​ថា​វា​គួរ​ចប់​នៅ​ឆ្នាំ​២០២៧​ឯណោះ​ដោយសារ​​លោក​ត្រូវបាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ នៅ​ខែ​មិថុនា ឆ្នាំ​២០១៩​។​បើ​យក​តាម​គំនិត​នេះ អាណត្តិ​របស់​លោក​ត្រូវ​ចប់​ដល់​ទៅ​ចុងឆ្នាំ​២០២៧​ឯណោះ​។​

​យោង​តាម​ការ​គណនា​មួយទៀត ការចាប់ផ្តើម​រាប់​អាណត្តិ​របស់​លោក​គឺ​នៅ​ខែ​មេសា​ឆ្នាំ​២០១៧ ពេល​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ត្រូវបាន​ប្រកាស​ប្រើ មានន័យថា​អាណត្តិ​របស់​លោក​ប្រា​យុទ្ធ​ត្រូវ​ចប់​នៅ​ឆ្នាំ​២០២៥​។​

​កាលពី​សប្តាហ៍​មុន ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​កាន់អំណាច លោក ប្រា​វីត វង់​ស៊ូ​វ៉ុន បាន​សម្តែង​ការគាំទ្រ​លោក​ប្រា​យុទ្ធ​សំ​រាប់ការ​កាន់​មុខតំណែង​ពីរ​ឆ្នាំ​ទៀត មានន័យថា​បើ​មាន​ការបោះ​​ឆ្នោត​សកល​នៅ​ឆ្នាំក្រោយ​ហើយ​គណបក្ស​របស់​លោក​ឈ្នះ​បាន​សម្លេង​ភាគច្រើន​នោះ លោក​ប្រា​យុទ្ធ​នឹង​បន្ត​ធ្វើ​នាយករដ្ឋមន្ត្រី​ជាថ្មី​។​

​នៅពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​លោក​បាន​ត្រៀម​ចូល​ជំនួស​ទេ​ក្នុងករណី​តុលាការ​សំរេច​ថា​លោក​ប្រា​យុទ្ធ​អស់​អាណត្តិ​ដឹកនាំ​ប្រទេស លោក​ប្រា​វីត​បាន​ឆ្លើយថា​« តើ​ខ្ញុំ​ត្រៀម​ខ្លួន​ដូច​ម្តេចទៅ​?​ខ្ញុំ​មិន​ទាំង​បាន​​គិត​អំពី​វា​ផង​។​លោកនាយក​រដ្ឋមន្ត្រី​នឹង​បន្ត​នៅ​ក្នុង​តំណែង​ពីរ​ឆ្នាំ​ទៀត​»​។​

​លោក​ប្រា​យុទ្ធ​កាលពី​សប្តាហ៍​មុន​ក៏​បាន​និយាយថា រឿង​អាណត្តិ​របស់​លោក​វា​អាស្រ័យ​លើ​តុលាការ​បកស្រាយ នៅពេល​ក្រុមប្រឆាំង​ងាក​មក​រក​មធ្យោបាយ​ច្បាប់​ដើម្បី​ចាត់ការ​អតីត​មេទ័ព​រូប​នេះ​បន្ទាប់​​ពី​លោក​រួច​ផុត​ពី​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​ក្នុង​សភា​ចំនួន​ពីរ​បី​លើក​មក​ហើយ​៕