ដោយៈ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក នួន សុខុម នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង និង​កម្លាំង​អាវុធហត្ថ​ខេត្ត ស្រុក រួម​នឹង​នគរបាល​ឃុំ​រុះ​រាន់ ចុះបង្ក្រាប​រថយន្ត​ដឹកឈើ បាន​ចំនួន បី គ្រឿង នៅ​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២២ ។​

​លោក នួន សុខុម បានឱ្យដឹងថាៈ រថយន្ត​ដឹកឈើ​លេខ​២ ចំនួន ១ គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ចាប់​នៅ​ព្រំប្រទល់ ជី​អោក និង​រថយន្ត​ដឹកឈើ​លេខ​១ ចំនួន ២ គ្រឿង​ទៀត ម៉ាក​តូយ៉ូតា សុ​ី​ណា ១ គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2E 0893 និង​រថយន្ត​ម៉ាក​តូយ៉ូតា ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស ដឹកឈើ​ប្រភេទ​លេខ​១ សុ​ក្រម ពេញ​ឡាន ជា​រថយន្ត​របស់​ក្រុម​មេ​ឈ្មួញ​ជើង​ខ្លាំង ឈ្មោះ តុលា ចាប់បាន នៅ​ភូមិ​ទួល​ឈ្នួន ឃុំ​រុះ​រាន់ ស្រុក​រវៀង ខេត្តព្រះវិហារ ។​

​លោក នួន សុខុម បានឱ្យដឹង​ទៀតថាៈ នៅ​ម៉ោង ៥ ល្ងាច រថយន្ត​សាំ​យ៉ុង​ដឹកឈើ​លេខ ២ ចេញពី​ស្រុក​រវៀង យកទៅ​កំពង់ធំ លោក​បាន​ផ្តល់ដំណឹង ទៅ​កម្លាំង​នគរបាល​សេដ្ឋកិច្ច ខេត្ត ប្រចាំការ​នៅ​ព្រំប្រទល់ ឃាត់​រថយន្ត​ដឹកឈើ​នេះ យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល ព្រៃឈើ​រវៀង ។ នៅ​យប់​ថ្ងៃ​ដដែល​នោះ លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះទៅ​ដល់​ភូមិ ឃុំ ខាងលើ បាន​ប្រទះឃើញ​ក្រុម​រថយន្ត​ដឹកឈើ លេខ​១ ចំនួន ២ គ្រឿង បម្រុង​ដឹក​ចេញ ប៉ុន្តែ​ត្រូវបាន​កម្លាំង​យើង ស្ទាក់​ចាប់បាន ។ ចំណែក​តៃកុង​រថយន្ត បាន​រត់​គេចខ្លួនបាត់ ។​

​លោក នួន សុខុម បាន​បន្តថា កម្លាំង​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ បាន​យកចិត្តទុកដាក់​ខ្ពស់ បំផុត ចំពោះ​ការការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រួមទាំង ការទប់ស្កាត់ និង​ដកហូត​បាន ការ​រុករាន កាន់កាប់​ដីព្រៃ មក​ទុកជា​សម្បត្តិ​រដ្ឋ វិញ​ផងដែរ ។​

​លោក នួន សុខុម បាន​សុំឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​បងប្អូន​អ្នកសារព័ត៌មាន ចូលរួម​សហការ​ផ្តល់​ព័ត៌មាន ដល់​សមត្ថកិច្ច ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ឱ្យមាន​ប្រ​សិ​ទ្ឋ​ភាព​។ ពិតណាស់ ការការពារ​ធនធាន​ធម្មជាតិ តម្រូវឱ្យមាន ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន បើ​ពឹងផ្អែក​តែ​លើ​ជំនាញ​មិន​គ្រប់គ្រាន់​ទេ ។​

​លោក នួន សុខុម បានឱ្យដឹង​ទៀតថាៈ ករណី​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ កម្លាំង​ជំនាញ បន្ត​ស្រាវជ្រាវ រកមុខ​សញ្ញា ដើម្បី​កសាង​សំណុំរឿង ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់ ។​ ​ចំណែក​វត្ថុតាង មាន​រថយន្ត​ចំនួន បី គ្រឿង រួមទាំង​ឈើ​មួយចំនួន ត្រូវបាន​រឹបអូស យកមក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕/V​