ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: រដ្ឋបាលខេត្ត​គ្រោង​រៀបចំ​កែលម្អ​ផ្សារ​ធំ​បាត់ដំបង​ឡើងវិញ​ទៅតាម​ទម្រង់​ដើម បន្ទាប់ពី​យុទ្ធនាការ​កាត់​សំយាបផ្ទះ និង​ស្លាក​ផ្សាយពាណិជ្ជកម្ម​ក្នុង​តំបន់​អភិរក្ស​បាន​ជិត ១០០​ភាគរយ​។​

​កាលពី​ថ្មីៗ​កន្លងមកនេះ​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា ជាមួយ​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៨០០​ខ្នង​ផ្ទះ​យ៉ាង​ផុលផុស​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​តំបន់​អភិរក្ស​ក្នុង​ក្រុង​មកដល់ពេលនេះ​ទទួលបាន​លទ្ធផល​ចំនួន​ជាង ៩០​ភាគរយ​ហើយ ។​ចំពោះមុខ​នេះ​ក្រុមការងារ​កំពុង​បន្ត​យុទ្ធនា​ការកំណត់​យក​ថ្នាំ​ពណ៌​លាប​ទៅលើ​អគារ​ទាំងអស់នោះ​ឲ្យ​មាន​ស្តង់ដារ​តែមួយ ដូចគ្នា​ទៅនឹង​បណ្តា​ប្រទេស​អភិវឌ្ឍ​មួយចំនួន​នៅក្នុង​ពិភពលោក​។​

​កំណែទម្រង់​ដើម្បី​សោភ័ណភាព​ក្រុង​បាត់ដំបង​ដំណាក់កាល​ដំបូង​នេះ​ក៏​នឹងត្រូវ​រៀបចំ​ថែមទៀត​ចំពោះ​ថែវ​មុខផ្ទះ​ទុកជា​ចំហ លើសពីនេះ​ក៏ត្រូវ​សម្រួល​បើក​ច្រក​ឌឿងហែម​នៅ​ផ្នែក​ខាងក្រោយ​អគារ​អភិរក្ស​ផងដែរ​ដើម្បី​សម្រួល​ដល់​ការចេញចូល​ប្រើប្រាស់​ជា​សាធារណ​: ពិសេស​បង្កលក្ខណ​:​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​បានល្អ​ប្រសើរ​។ ដោយឡែក​ការកែលម្អ​ដំណាក់កាល​បន្ទាប់​និង​សំខាន់​ជាងនេះទៀត​គឺ​ចំណតរថយន្ត​ក្នុង​ក្រុង​គ្រប់​ប្រភេទ ដងផ្លូវ​សាធារណ​:​សម្រាប់​អ្នកធ្វើដំណើរ​ដោយ​ថ្មើរជើង និង​ផ្លូវ​សម្រាប់​ជនពិការ​ទៀតផង​។​

​អភិបាលខេត្ត​បាត់ដំបង បាន​បន្ត​លើកឡើង​ទៀតថា ក្រោយ​ផែនការ​រៀបចំ​ខាងលើ​អាជ្ញាធរខេត្ត​ក៏​គ្រោង​រៀបចំ​ផ្សារ​ធំ​បាត់ដំបង ហៅ​ផ្សារណាត់ ផងដែរ​ដែល​ជាទី​ប្រមូលផ្តុំ​មនុស្ស ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ចេញចូល​ដើរលេង​កម្សាន្ត ឬ​ទិញ​ទំនិញ វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​។ ចំពោះ​តួ​ផ្សារ​ទាំងមូល​កំណត់​ឲ្យ​លាបថ្នាំ​ពណ៌​ទៅតាម​ទម្រង់​ជំនាន់​ដើម ហើយ​បើកផ្លូវ​ច្រក​កណ្តាល​ឲ្យ​ភ្ញៀវ​ចេញចូល​ដោយ​ងាយស្រួល​៕​សរន​