​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​ប្រាំពីរ​នាក់​ត្រូវបាន​សម្លាប់​ដោយ​ទឹក​ហូរ​បុក​នាំយក​ទៅ​នៅ​ក្នុង​ទន្លេ​មាន​ទឹក​រា​ក់មួយ​នៅ​កន្លែង​កម្សាន្ត​លំហែកាយ​ពេញនិយម​មួយ ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​​នៅឯ​ភ្នំ​ប៉ែក​ខាងលើ​នៅ​ចិន​ភាគ​និរតី នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​កាលពី​ថ្ងៃអាទិត្យ​។​

​ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​ទីក្រុង​ផឹង​ចូ​វ​(Pengzhou)​បាន​និយាយថា កម្មករ​និង​អ្នកស្ម័គ្រចិត្ត​បាន​អំពាវនាវ​អោយ​ប្រជាជន​ចាកចេញ​ពី​តំបន់​នោះ​ភ្លាម​ក្រោយ​ទទួល​ព័ត៌មាន​អំពី​​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​រសៀល​ថ្ងៃ​សៅរ៍​។​គេ​អាច​ឮ​សម្រែក​អោយ​ភៀសខ្លួន​និង​សម្រែក​ជនរងគ្រោះ​ដែល​ឡើងគោក​មិនទាន់​។​អ្នកទេសចរ​អង្គុយ​ឈរ​នៅ​កណ្តាល​កូន​ទន្លេ​រីងស្ងួត​ខ្លួន​បាន​ព្យាយាម​ឡើង​​គោក តែ​ខ្លះ​ឡើង​មិន​ទាន់​និង​ត្រូវ​ទឹក​បុក​ហូរ​ចុះ​តាម​ខ្សែទឹក​។​

​បុរស​ម្នាក់​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មនុស្ស​ជាច្រើន​ត្រូវ​ទឹក​បុក​ហូរ​នាំយកទៅ រួម​មាន​កូនក្មេង នៅពេល​ទឹក​ហូរ​ចុះមក​យ៉ាង​លឿន​ធ្វើអោយ​គ្រប់​គ្នា​បាត់​ម្ចាស់ការ​តែ​ដប់​ទៅ​ម្ភៃ​វិនាទី​។​

​រដ្ឋាភិបាល​ទីក្រុង​ចេង​ឌូ​(Chengdu)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ប្រាំពីរ​នាក់​បាន​ស្លាប់​និង​បី​នាក់​កំពុង​ដេក​ពេទ្យ​ដោយ​របួសស្រាល​។​

​ផឹង​ចូ​វ ជា​កន្លែង​ទេសចរណ៍​ពេញនិយម​មួយ​នៅ​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​ចេង​ឌូ នៃ​ខេត្ត​ស៊ី​ឈ័ន​។​

​រូបភាព​បង្ហាញ​មនុស្ស​ម្នាក់​ត្រូវ​ទឹក​ហូរ​បុក​ធ្លាក់​តាម​ខ្សែទឹក​យ៉ាង​លឿន​នៅ​ផឹង​ចូ​វ

​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​ប្រទេស​ចិន ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​ពន្លិច​បណ្តា​ដង​វិថី​នៅ​ក្នុង​ទីក្រុង ស៊ី​នី​ញ កាលពី​យប់​ថ្ងៃ​សៅរ៍​។​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ក៏​ត្រូវ​បាន​ព្យាករណ៍​សំរាប់​ថ្ងៃអាទិត្យ​និង​ចន្ទ​។​

​ក្នុងពេល​ជាមួយគ្នា រលក​កំដៅ​ក៏​កំពុង​វាយប្រហារ​ចិន​ខាងត្បូង ដោយ​ការព្យាករណ៍​និយាយ​ថា​សីតុណ្ហភាព​នឹង​ឡើង​ដល់​៣៥​ទៅ​៣៩​អង្សា​សេ និង​អាច​៤០​អង្សា​សេ​នៅ​កន្លែង​ខ្លះ រួម​ទាំង​ទីក្រុង​សៀង​ហៃ​។​

​ខេត្ត​ជៀង​ស៊ូ​(Jiangsu)​ព្រមាន​ថា សីតុណ្ហភាព​លើ​ផ្លូវថ្នល់​អាច​ឡើងដល់​៧២​អង្សា​សេ ដោយ​បង្ក​ហានិភ័យ​អំពី​ការផ្ទុះ​កង់ឡាន​៕