ដោយ៖ រស្មី /បាត់ដំបង៖ នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម កែវ សុទ្ធា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឯកភ្នំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកហ្លួង បានដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា និងវត្ថុបរិក្ខារ វេរប្រគេនព្រះសង្ឃគង់នៅវត្ដព្រែកហ្លួង  និង វត្តបាក់អំរែក ដែលស្ថិតនៅ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ 

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្ត លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានតាមភូមិ នីមួយៗ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ គណ:កម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាច្រើនអ្នក ។ 

ក្នុងកម្មវិធីវេរប្រគេនដែលបានប្រារព្ធធ្វើឡើងនៅក្នុងវត្ដព្រែកហ្លួង  និង វត្តបាក់អំរែក ឯកឧត្ដម កែវ សុទ្ធា ក៏បានវេរទៀនព្រះវស្សា និងវត្ថុបរិក្ខារប្រគេនព្រះសង្ឃទាំង២វត្ត  ក្នុងមួយវត្តទទួលបានទៀនព្រះវស្សា១គូ ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស មី៥កេស សាដក១គូ ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ  តែ៥គីឡូ អង្ករ៥០គីឡូក្រាម ទឺកដោះគោ ៥​ កំប៉ុង ស្ករ ៣គីឡូក្រាម និងបានប្រគេនបច្ច័យកសាងវត្ត ១លាន ២០ម៉ឺនរៀល និងថវិការមួយចំនួនទៀត ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា ។ 

ក្នុងឱកាសនោះដែរ ឯកឧត្ដម កែវ សុទ្ធា ក៏បានឧបត្ថម្ភ គំនូរលើជញ្ជាំងព្រះវិហារ មួយផ្ទាំងធំ តម្លៃ៣៥០ដុល្លារ និងឯកឧត្ដម ឈីវ មង្គល ឧបត្ថម្ភ រូបគំនូរ២ផ្ទាំងតូច ៣០០ដុល្លារ នៅវត្តបាក់អំរ៉ែកផងដែរ ៕