ដោយ:សុវណ្ណកុម្ភៈ/ ភ្នំពេញ៖ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ ក្រុមកុមារាអាយុក្រោម ១០ឆ្នាំ និងក្រោម ១៤ឆ្នាំ ក្រុមកុមារីអាយុក្រោម ១៤ឆ្នាំ និងក្រោម ១៨ឆ្នាំបានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship League លើកដំបូងបង្អស់នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងរាជធានីភ្នំពេញក្រោមការសហការរវាងអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន AIA Cambodia។

ប្រធានគ្រប់គ្រងប្រចាំប្រទេស របស់អង្គការផ្កាយសមុទ្រលោកស្រី ជួប វិច្ឆិកា បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់នេះនៅរាជធានីភ្នំពេញនិងខេត្តនានាដូចជាក្រុងកំពតក្រុងសៀមរាបនិងខេត្តកំពង់ស្ពឺជាដើមដោយមានវត្តមានកុមារនិងយុវជនចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងសកម្មភាពកីឡាដោយមានកីឡាការិនីជិត ៧២៥នាក់ ។

កាលពីដើមឆ្នាំកន្លងទៅអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន AIA Cambodia បានប្រកាសជាពត៌មានថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship Leagueក្នុងគោលដៅប្រមូលផ្តុំកុមារនិងយុវជនកម្ពុជានៅទូទាំងប្រទេសឲ្យមកជួបជុំគ្នា បញ្ចេញសមត្ថភាព។

ដោយការពង្រីកវិសាលភាពនៃការប្រកួតនេះព្រឹត្តិការណ៍នេះបាននាំយកឱកាសប្រកួតប្រជែងបាល់ទាត់ទៅដល់កុមារនិងយុវជនជាច្រើននៅក្រុងកំពតក្រុងសៀមរាបនិងខេត្តកំពង់ស្ពឺ ដែលនេះក៏ជាឱកាសដំបូងបង្អស់សម្រាប់ពួកគេទៀតនូវស្នាមញញឹម សំលេងហ៊ោរកញ្ជៀវ និងស្មារតីស្រលាញ់កីឡារបស់កីឡាករ កីឡាការនីទាំងអស់គឺពិតជាធ្វើឲ្យខ្ញុំរំភើបចិត្តយ៉ាងខ្លាំង ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នេះបានជួយលើកកម្ពស់ និងផ្តល់ឱកាសដល់កុមារ និងយុវជនជាច្រើនរងផលប៉ះពាល់ ដោយសារតែភាពក្រីក្រការរើសអើងយេនឌ័រនិងពិការភាពជាដើមនេះពិតជាមានក្តីសោមនស្សយ៉ាងខ្លាំងដែលបានឃើញពីភាពរីកចម្រើនដ៏គួរឲ្យកត់សម្គាល់នៃសហគមន៍នានាទូទាំងប្រទេសកម្ពុជា ។

លោកស្រីប្រធានបន្ថែមទៀតថាតាមរយៈកិច្ចគាំទ្ររបស់ក្រុមហ៊ុននេះអង្គការផ្កាយសមុទ្រអាចធ្វើការពង្រីកវិសាលភាពនៃការប្រកួតបាល់ទាត់កុមារនិងយុវជនក៏ដូចជាបន្តបេសកកម្មរបស់ពួកយើងក្នុងការកសាងជីវិតដ៏ល្អប្រសើរសម្រាប់កុមារ និងយុវជនទាំងនោះផង ដែរ ។

ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រមានរយៈពេលមួយថ្ងៃពេញនេះនឹងទទួលស្វាគមន៍វត្តមានក្រុមកីឡាករ-កីឡាការិនីទៅតាមប្រភេទអាយុចំនួន៤ដូចជា៖ ក្រុមកុមារាអាយុក្រោម ១០ឆ្នាំ និងក្រោម ១៤ឆ្នាំ ក្រុមកុមារីអាយុក្រោម ១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ៕សរន