ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក ហេង សួរ តំណាង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អបអរ​សារ​ទរ ដល់​ជ័យលាភី​អាហារូបករណ៍ JDS និង​អាហារូបករណ៍ MEXT ក្នុង​ក្របខ័ណ្ឌ​អ្នកដឹកនាំ​វ័យក្មេង ឆ្នាំ​២០២២-២០២៣ ដែល​ត្រូវ​ចេញទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ជប៉ុន ហើយ​លោក​បានចាត់ទុក​ជ័យលាភី​ទាំងអស់ គឺជា​ធនធាន​ដ៏​មាន​សក្តានុពល សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

​ការលើកឡើង​នេះ គឺធ្វើឡើង​ក្នុងឱកាស​ដែល​លោក ហេង សួរ ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទ្វីបអាស៊ី​ខាងកើត និង​អាគ្នេយ៍ បាន​អញ្ជើញ​ជា​អធិបតី​តំណាង លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជាមួយ​និស្សិត​ទទួល​ជ័យលាភី​អាហារូបករណ៍ ទៅ​បន្ត​ការសិក្សា នៅ​ប្រទេស​ជប៉ុន សម្រាប់​ឆ្នាំ​សិក្សា ២០២២-២០២៣ ចំនួន​៣១​រូប នៅ​សណ្ឋាគារ​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​។

​ពិធី​នេះ ក៏មាន​ការចូលរួម​ពី​អតីត​និស្សិត​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទ្វីបអាស៊ី​ខាងកើត និង​អាគ្នេយ៍ សរុប​ចំនួន ៨១​រូប​។

​ថ្លែង​ក្នុង​ពិធី​នេះ លោក ហេង សួរ បាន​ពាំ​នាំនូវ​ការ​ផ្តាំ​សួរសុខទុក្ខ និង​សេចក្តី​អបអរសាទរ​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ជ័យលាភី​អាហារូបករណ៍​ទាំងអស់​។ លោក ហេង សួរ បានផ្តល់​អនុសាសន៍ ដល់​និស្សិត​ជ័យលាភី​អាហារូបករណ៍​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់ ក្នុងការ​ថែទាំ​សុខភាព ដោយសារ​កត្តា​សុខភាព គឺជា​កត្តា​សំខាន់បំផុត មុននឹង​ឈានទៅរក​ភាពជោគជ័យ ក្នុងការ​សិក្សា និង​ការបំពេញ​ការងារ​ផ្សេងៗ​។

​លោក ហេង សួរ បាន​បន្តថាៈ ក្រៅពី​សិក្សា​ជំនាញ​សិក្សា​នៅឯ​សាលា និស្សិត ក៏ត្រូវ​ព្យាយាម​ក្រេប​យក​បទពិសោធន៍​រស់​នៅក្នុង​ប្រទេស​ជប៉ុន ព្រោះថា ប្រជាជន​ជប៉ុន មាន​វិន័យ និង​ការគោរព​គ្នា​បាន​យ៉ាង​ល្អ​។ លោក ហេង សួរ ក៏បាន​ក្រើនរំលឹក​ដល់​និស្សិត​ទាំងអស់ ធ្វើជា​ទូត​សុ​ឆន្ទៈ​របស់​កម្ពុជា ក្នុងការ​បង្ហាញ​ពី​វប្បធម៌ ទំនៀម​ទំលាប់ ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា ទៅកាន់​និស្សិត និង​ប្រជាជន​ជប៉ុន ក៏ដូចជា ប្រជាជាតិ​ដទៃទៀត ដែល​និស្សិត បាន​ជួប​ប្រាស្រ័យ​ទាក់ទង ក្នុងអំឡុងពេល​សិក្សា នៅក្នុង​ប្រទេស​នោះ​។

​គួរ​បញ្ជាក់ថា អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ជ​ប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០០ ក្រោម​ជំនួយឥតសំណង​របស់ រាជរដ្ឋាភិបាល​ជប៉ុន​។ អាហារូបករណ៍ JDS ផ្តោត​សំខាន់​លើ​មន្ត្រីរាជការ​វ័យក្មេង ដែលមាន​សមត្ថភាព ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​ផែនការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច ក្នុងនាម​ជា​អ្នកដឹកនាំ នាពេល​អនាគត​។

​គិត​មកទល់​បច្ចុប្បន្ន កម្ពុជា បាន​បញ្ជូន​និស្សិត​សរុប​ប្រមាណ​ជិត ៥០០ នាក់ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្រោម​គម្រោង​អាហារូបករណ៍ JDS​។ ក្នុង​ឆ្នាំ​២០២២​នេះ មន្ត្រីរាជការ​កម្ពុជា សរុប​ចំនួន ២៦​រូប បានទទួល​អាហារូបករណ៍ JDS ក្នុងនោះ​ចំនួន ២​រូប សិក្សា​ថ្នាក់បណ្ឌិត និង ២៤​រូប សិក្សា​ថ្នាក់អនុបណ្ឌិត​៕/V​