ដោយ​៖​ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចំនួន ៧​នាក់ ទៅ​ហ្វឹកហាត់​រយៈពេល​៣​ខែ នៅ​ប្រទេស​ជប៉ុន លើ​វិញ្ញាសា​ឯកត្តជន និង​វិញ្ញាសា​ក្រុម ដើម្បី​ត្រៀម​ប្រជែង​មេដាយ នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ដោយឡែក​កីឡាការិនី​កា​រ៉ា​តេ រិ​ទ្ធ គឹម​លាង បានអោយដឹងថា ការហ្វឹកហាត់​នៅ​ជប៉ុន​រយៈពេល​ខ្លី​ក៏ពិតមែន ប៉ុន្តែ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើនជាង​ហ្វឹកហាត់​ក្នុងស្រុក ដោយសារ​នៅ​ទីនោះ គឺ​យើង​ផ្តោតទៅលើ​តែ​ការហ្វឹកហាត់ ការផ្តោត​អារម្មណ៍​ក៏បាន​ខ្ពស់​ដែរ​។​

​រិ​ទ្ធ គឹម​លាង បន្តថា​ស៊ី​ហ្គេម​២០២៣​នៅ​កម្ពុជា​សង្ឃឹម​ខ្ពស់​ពីព្រោះ​មានឱកាស​ចេញ​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស​ច្រើនជាង​។ ចំពោះ​ស៊ី​ហ្គេម នៅ​វៀតណាម ការត្រៀម​មិនបាន​ល្អ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ការហ្វឹកហាត់​បាន​តិចតួច និង​តាម​អន​ឡា​ញន៍​ធ្វើអោយ​មានការ​ពិ​
​បាក​គ្រូ​មិនអាច​កែ​បាន និង​មិនអាច​ផ្តល់​ជា​បច្ចេកទេស​ផ្ទាល់ៗ ជាពិសេស​មិនសូវ​បានចេញ​ប្រ​កួត​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ធ្វើអោយ​ខ្លាច​ទីលាន និង​ការ​បន្សាំ​ខ្លួន​មិនល្អ​។ ដូច្នេះ​សិទ្ធ​ផល​ធ្លាក់ចុះ ទម្រង់​ក៏​ធ្លាក់ តែ​កម្លាំង​អាច​រក្សាបាន​។ បញ្ហា​នេះ បានធ្វើអោយ​អត្ត​ព​លិ​ក​កីឡា​កា​រ៉ា​តេ មិន​ទទួលបាន​ជោគជ័យ ស៊ី​ហ្គេម នៅ​វៀតណាម​។​

​ជាមួយគ្នានេះ​កីឡាការិនី​ដដែល​បញ្ជាក់ទៀតថា​ទោះ​មានការ​ហ្វឹកហាត់​ច្រើនយ៉ាង​ណាក៏ដោយ បើ​មិនមាន​ការប្រកួត គឺ​មិនមាន​ការជឿជាក់​លើ​ខ្លួនឯង​ព្រោះ ខ្លាច​ទីលាន​ប្រកួត មិនដឹង​ពី​សមត្ថភាព ជាពិសេស​មិនដឹង​ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​ចំណុច​ខ្វះខាត យកមក​កែតម្រូវ​នោះឡើយ​។

​សូមបញ្ជាក់ថា​កាលពី​ខែមីនា ឆ្នាំ​២០២២​កន្លងទៅ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បានរៀបចំ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៩ ឆ្នាំ​២០២២​ដោយមាន​អត្ត​ព​លិ​ក​ចូលរួម មកពី ៩​ប្រទេស រួមមាន​៖ ម្ចាស់ផ្ទះ​កម្ពុជា​, ព្រុយ​ណេ​, ឥណ្ឌូនេស៊ី​, ឡាវ​, ម៉ាឡេស៊ី​, ហ្វីលីពីន​, សិង្ហ​បុរី​, ថៃ​, និង​វៀតណាម និង​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួតប្រជែង​សរុប ១២១​នាក់ ក្នុងនោះ​កម្ពុ​ជាមាន ២០​នាក់​។ ជា​លទ្ធផល កម្ពុជា​ដណ្តើមបាន​មេដាយ​រហូតដល់ ៧​គ្រឿង មាស​១​គ្រឿង ប្រាក់​១ និង​សំរឹទ្ធ​៥​គ្រឿង​៕​