ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គណៈប្រតិភូនៃសមាជិកសភាអាម៉េរិកមួយក្រុមបានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យទី១៤សីហាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃដែលក្នុងអំឡុងពេលនោះពួកគេនឹងជួបជាមួយប្រធានាធិបតី សៃ អ៊ីងវិន (Tsai Ing-wen)ដែលនេះជាក្រុមមន្ត្រីជាន់ខ្ពស់ទីពីរហើយដែលមកបំពេញទស្សនកិច្ចខណៈមានភាពតានតឹងផ្នែកយោធារវាងកោះគ្រប់គ្រងដោយខ្លួនឯងនិងប្រទេសចិន។
ទីក្រុងប៉េកាំង ដែលអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាជុំវិញកោះនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាម៉េរិក ណាន់ស៊ី ផេឡូស៊ីទៅកាន់ទីក្រុងតៃប៉ិកាលពីដើមខែសីហា។
ចិនបានអះអាងអធិបតេយ្យភាពលើកោះនេះជាយូរមកហើយតែ រដ្ឋាភិបាលតៃវ៉ាន់បដិសេធការអះអាងរបស់ចិន ហើយនិយាយថា ប្រជាជនកោះនេះគួរតែសម្រេចចិត្តលើអនាគតរបស់ខ្លួន។
ស្ថានទូតអាម៉េរិកក្រៅផ្លូវការប្រចាំទីក្រុងតៃប៉ិបាននិយាយថា គណៈប្រតិភូកំពុងត្រូវបានដឹកនាំដោយព្រឹទ្ធសមាជិក លោក អេដ ម៉ាកឃី (Ed Markey)ដែលអមដោយសមាជិកសភាចំនួនបួនរូបក្នុងដំណើរទស្សនកិច្ចដែលពួកគេពណ៌នាថាជាផ្នែកនៃដំណើរទស្សនកិច្ចដ៏ធំទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់បាននិយាយថា ក្រុមនេះនឹងជួបលោកស្រីសៃនៅព្រឹកថ្ងៃចន្ទនេះ។
ការិយាល័យបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាពិសេសនៅពេលដែលចិនកំពុងបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់និងក្នុងតំបន់ជាមួយនឹងសមយុទ្ធយោធា លោកម៉ាកឃី ដែលដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ជាថ្មីម្តងទៀតបានបង្ហាញពីការគាំទ្រយ៉ាងរឹងមាំរបស់សភាអាម៉េរិកចំពោះតៃវ៉ាន់”។
លោកម៉ាកឃីគឺជាប្រធានអនុគណៈកម្មាធិការនៃព្រឹទ្ធសភាទទួលបន្ទុកទំនាក់ទំនងបរទេសនៅអាស៊ីបូព៌ា ប៉ាស៊ីហ្វិក និងសន្តិសុខអ៊ីនធឺណិតអន្តរជាតិ។ អ្នកនាំពាក្យរបស់លោកម៉ាកឃីនិយាយថាសហមេដឹកនាំនៃដំណើរទស្សនកិច្ចនេះគឺតំណាងរាស្ត្រលោក ចន ហ្គារ៉ាមេនឌី (John Garamendi) មកពីក្រុមការងារគ្រប់គ្រងអាវុធនុយក្លេអ៊ែនិងអាវុធយុទ្ធភ័ណ្ឌរបស់សភា និងតំណាងរាស្ត្រលោក ដុន បេយើ (Don Beyer)។
ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃអាទិត្យថា “សមាជិកសភាអាម៉េរិកគួរតែធ្វើសកម្មភាពស្របតាមគោលនយោបាយចិនតែមួយរបស់រដ្ឋាភិបាលអាម៉េរិក” ហើយបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សភាចុងក្រោយនេះ “បង្ហាញជាថ្មីម្តងទៀតថា សហរដ្ឋអាម៉េរិកមិនចង់ឃើញស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ទេ ហើយបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឱ្យមានការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន”។
តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា សមាជិកសភាបានទៅតៃវ៉ាន់អស់ជាច្រើនទសវត្សរ៍មកហើយ ហើយនឹងបន្តធ្វើដូច្នេះ ដោយបន្ថែមថាដំណើរទស្សនៈកិច្ចបែបនេះគឺស្របតាមគោលនយោបាយចិនតែមួយ ដែលអាម៉េរិកប្រកាន់ខ្ជាប់ជាយូរមកហើយ។
នៅក្រោមគោលនយោបាយចិនតែមួយ សហរដ្ឋអាម៉េរិកមានទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងប៉េកាំង មិនមែនតៃវ៉ាន់ទេ។ ទោះយ៉ាងណាទីក្រុងវ៉ាស៊ីនតោនមិនប្រកាន់ជំហរថាតើទីក្រុងប៉េកាំងមានអធិបតេយ្យភាពលើកោះតៃវ៉ាន់ឬយ៉ាងណានោះទេ ហើយត្រូវបានចងនៅក្រោមច្បាប់របស់សហរដ្ឋអាម៉េរិកដើម្បីផ្តល់គ្រប់មធ្យោបាយដើម្បីការពារតៃវ៉ាន់។
ការិយាល័យរបស់លោកម៉ាកឃីបាននិយាយថា សមាជិកសភាអាម៉េរិកនៅតៃវ៉ាន់ “នឹងបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់អាម៉េរិកចំពោះកោះតៃវ៉ាន់ ដែលត្រូវបានណែនាំដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់ សេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាម៉េរិកនិងចិន និងការធានាចំនួនប្រាំមួយ ហើយនឹងលើកទឹកចិត្តឱ្យមានស្ថិរភាពនិងសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”៕
ក្រុមសមាជិកសភាអាម៉េរិកទៅដល់តៃវ៉ាន់កាលពីថ្ងៃអាទិត្យ