​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការផ្ទុះ​ដ៏​ខ្លាំង​មួយ​នៅឯ​កន្លែង​ស្តុក​ទុក​កាំជ្រួច​ផ្កា​មួយ​បាន​ហែក​ផ្សារ​ដ៏​ពេញនិយម​មួយ​ជា​ចម្រៀកៗ​ក្នុង​រដ្ឋធានី​របស់​អា​មេ​នី​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​សីហា​ដោយ​​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់ និង ៦០ នាក់​ផ្សេងទៀត​បាន​រងរបួស និង​បង្កើតបាន​ជា​អគ្គិភ័យ​ដ៏​ធំ​។​

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បានធ្វើការ​ពេញ​មួយ​យប់​ដើម្បី​ពន្លត់ភ្លើង បន្ទាប់​ពី​ការផ្ទុះ​នៅ​ក្បាល​ព្រលប់​នៅ​ផ្សារ​សួ​ម៉ា​លូ (Surmalu) ដែល​បញ្ចេញ​ផ្សែង​យ៉ាង​ក្រាស់​ទៅ​លើ​មេឃ​កណ្តាល​ទីក្រុង​យ៉េ​រ៉េ​វ៉ាន (Yerevan) ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​និង​អ្នកស្ម័គ្រចិត្ត​បាន​ស្វែងរក​ជនរងគ្រោះ ដែល​អាច​ជាប់​នៅ​ក្រោម​បេតុង​និង​ដែក​សរសៃ​ក្នុងពេល​កាំជ្រួច​នៅតែ​បន្ត​ផ្ទុះ​។​

​រដ្ឋមន្ត្រី​គ្រាអាសន្ន លោក អា​មិន ផាម​បូក​យ៉ាន (Armen Pambukhchyan) បាន​និយាយថា ក្រសួង​បាន​ទទួល​របាយការណ៍​ចំនួន ២០ ពី​មនុស្ស​ដែល​និយាយថា​ពួកគេ​មិន​អាច​រកឃើញ​សាច់​​ញាតិ​របស់​ពួកគេ​ទេ​បន្ទាប់​ពី​ការផ្ទុះ​។ ក្រសួង​សុខាភិបាល​ជាតិ​បានឱ្យដឹងថា មនុស្ស​១០​នាក់​រងរបួស និង​អ្នក​ស្លាប់​ម្នាក់​ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក​។​

​អ្នកយក​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press នៅ​កន្លែងកើតហេតុ​បាន​ឃើញ​មនុស្ស​ពីរ​នាក់​ត្រូវ​គេ​ទាញ​ចេញពី​គំនរ​បាក់បែក​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​រងរបួស​ជើង​និង​​យុវជន​ម្នាក់​ហាក់​សន្លប់​ស្តូកស្តឹង​គ្មាន​ដង្ហើម​។​

​ផ្សារ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគខាងត្បូង​នៅ​ចម្ងាយ​ពី​រ​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​គឺ​ពេញនិយម​សម្រាប់​ទំនិញ​តម្លៃ​ទាប និង​ទំនិញ​ជាច្រើន​ប្រភេទ​។​

​មិនទាន់​មាន​ការបញ្ជាក់​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កាំជ្រួច​ឆាបឆេះ​នោះទេ​៕

​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ព្យាយាម​ពន្លត់ភ្លើង​នៅ​ផ្សារ​សួ​ម៉ា​លូ