(ភ្នំពេញ) នាពេលថ្មីនេះក្រុមហ៊ុនអភិវឌ្ឍសឹង្ហបុរី AKRAM Development Co., Ltd បានទិញយកដីធ្លីជាង3.5ហិកតានៅក្នុងតំបន់កោះនរាពី ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សម្រាប់គម្រោងអភិវឌ្ឍបែបប្រណីតលំដាប់កំពូលរបស់ខ្លួន។ ការចុះហត្ថលេខាលើការទិញលក់ជាផ្លូវការ​ក្រោមវត្តមានរបស់លោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd និង លោក​Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM ក្នុងនាមជាតំណាងអ្នកទិញ និងលោកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ជាតំណាងអ្នកលក់។ ការវិនិយោគដោយក្រុមហ៊ុនវិនិយោគ AKRAM នៅក្នុងគម្រោងនេះត្រូវបានព្យាករណ៍ថាមានទំហំទឹកប្រាក់ច្រើនជាង 150 លានដុល្លាអាមេរិក។

នៅក្នុងកម្មវិធីចុះហត្ថលេខាជាផ្លូវការនេះផងដែរ អគ្គនាយកAKRAM លោក Kelvin Chua បានថ្លែងថា គោលបំណងនៃការទិញនេះគឺដើម្បីអភិវឌ្ឍនូវគម្រោងបែបប្រណីតលំដាប់កំពូល ដែលមិនធ្លាប់បានឃើញពីមុនមកនៅកម្ពុជា។ លោកKelvin បានថ្លែងថា “យើងបានមើលឃើញពីការកើនឡើងតម្រូវការនៃគម្រោងបែបប្រណីតលំដាប់កំពូលក្នុងប្រទេសកម្ពុជា។ កោះនរាគឺជាទីតាំងយុត្តិសាស្ត្រដ៏មុតមាំមួយ ដែលមិនត្រឹមតែស្ថិតនៅជាប់នឹងដងទន្លេមេគង្គប៉ុណ្ណោះទេតែក៏ស្ថិតនៅកៀកជាមួយនឹងទីតាំងដ៏ពិសិទ្ធ 2 ផ្សេងទៀត គឺទីក្រុងកោះពេជ្យ និងណាហ្គាវើលផងដែរ។ យើងសូមថ្លែងអំណរគុណដល់លោកឧកញ៉ា ពុង ឃាវសែដែលមានទំនុកចិត្តលើ AKRAM ឲ្យបានក្លាយជាផ្នែកមួយនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន OCIC នៅក្នុងតំបន់កោះនរានេះ។  ដោយកត្តាទីតាំងស្ថិតនៅក្នុងតំបន់សក្ដានុពល ព្រមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គបានធ្វើឲ្យគុណតម្លៃនាពេលអនាគតនៅទីនេះកាន់តែមានសន្ទុះជាលំដាប់។”​

 

លោកបានបន្ថែមថា “ដំណាក់កាលនៃជម្ងឺឆ្លងបានលើកទឹកចិត្តឲ្យប្រជាជនទាំងអស់ឲ្យ កាន់តែយកចិត្តទុកដាក់លើផាសុកភាព និងគុណភាពជីវិត ហើយយើងមានសុទិដ្ឋិនិយមថា ការអភិវឌ្ឍរបស់យើងនឹងនាំមកជូននូវបរិយាកាសដ៏បរិសុទ្ធមួយសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។”

លោក Kelvin គឺជាជនជាតិសឹង្ហបុរីដែលបានមករស់នៅក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ។ លោកជាអ្នកជំនាញការក្នុងវិស័យធនាគារដែលបានប្រែខ្លួនជាវិនិយោគគិន ព្រមជាមួយនឹងកំណត់ត្រាគួរជាទីមោទនៈនៅក្នុងវិស័យសំខាន់ៗដូចជាវិស័យអភិវឌ្ឍអចលនទ្រព្យ វិស័យស្ថាបត្យកម្ម និងសំណង់ និងវិស័យផលិតកម្ម ជាងមួយទស្សវត្ស។ នាពេលបច្ចុប្បន្ននេះលោកក៏ជាអគ្គនាយកនៃក្រុមហ៊ុនសំណង់ SINGBUILD ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ដ៏ល្បីល្បាញមួយ ដែលមានការិយាល័យកណ្ដាលនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

 

លោកអគ្គនាយកបានបង្ហាញមហិច្ឆិតាក្នុងការធ្វើឲ្យគម្រោងអភិវឌ្ឍបែបប្រណីតលំដាប់កំពូលដំបូងបំផុតរបស់ AKRAM ជាគម្រោងដែលកំណត់នូវគុណភាពលំដាប់ខ្ពស់មួយ ដែលនឹងជាការចាប់ផ្ដើមក្នុងដំណើរក្លាយជាអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យបែបប្រណីតដ៏ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនអភិវឌ្ឍAKRAM គឺជាក្រុមហ៊ុនដៃគូរវាង លោក Kelvin Chua និង លោក Melvin Poh មកពីក្រុមហ៊ុន Centra Group Singapore ដែលមានគម្រោងអភិវឌ្ឍជាច្រើនក្រាស់ក្រែលមានតម្លៃជាង 1.65ពាន់លានដុល្លានៅក្នុងដៃ ហើយអ្នកទាំងពីរក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរក្សាជំហរដ៏រឹងមាំរបស់ខ្លួននៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

 

លោក Melvin ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់ខ្ពស់ និងប្រណីតជាច្រើនឆ្នាំ បានថ្លែងថា “ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងការអភិវឌ្ឍគម្រោងប្រណីត និងអចលនទ្រព្យលំដាប់ខ្ពស់ ព្រមជាមួយនឹងស្ថាបត្យកម្ម និងភាពច្នៃប្រឌិតដ៏ល្អដាច់គេ យើងជឿជាក់ថាគម្រោងអភិវឌ្ឍនេះនឹងជាផលិតផលដែលឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យប្រណីតក្នុងតំបន់”។

 

ដីដែលទិញបាននៅកោះនរានេះមានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញដែលចំណាយពេលប្រហែលជា 3 នាទីប៉ុណ្ណោះទៅកាន់ទីក្រុងកោះពេជ្យ និង 5 នាទីទៅកាន់ រីសតដ៏សម្បូរបែបណាហ្គាវើល។ ដើម្បីជាការរួមចំណែកនៅក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ស្ពានចំនួន 2 ដែល ស្ពានមួយសម្រាប់តភ្ជាប់ទៅតំបន់កោះពេជ្យ និងមួយទៀតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ 1 ហើយស្ពាននីមួយៗត្រូវចំណាយទុនរហូតដល់ 38 លានដុល្លាអាមេរិក។ ស្ពានដ៏ធំទូលាយមានដល់ទៅ 6 គន្លងតភ្ជាប់កោះនរាមកកាន់ទីក្រុងកោះពេជ្យត្រូវបានប៉ាន់ស្មានថានឹងបើកដំណើរការនៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំ 2023 ខណៈដែលស្ពានដែលភ្ជាប់ទៅកាន់ផ្លូវជាតិលេខ 1 គ្រោងនឹងបើកឲ្យប្រើប្រាស់នៅក្នុងរយៈពេលប៉ុន្មានខែទៀតនេះ។

 

លោកKelvin បានឆ្លើយតបទៅកាន់សំណួរដែលបានសាកសួរអំពីទីផ្សារគោលដៅនៃគម្រោងអភិវឌ្ឍនេះយ៉ាងដូច្នេះថា “គម្រោងអភិវឌ្ឍរបស់យើងត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលចង់ស្វែងរកប្រណីតភាពឥតខ្ចោះនៅក្នុងជីវិត។ យើងបានធ្វើការរួមបញ្ចូលនូវថាមពល និងចំណេះដឹងនៅក្នុងវិស័យនេះដើម្បីធានាជូនថាយើងអភិវឌ្ឍនូវគម្រោងដែលមានប្រសិទ្ធិភាពខ្ពស់ព្រមជាមួយនឹងការរចនាយ៉ាងពិសេស ពោរពេញដោយឯកជនភាពផងដែរ។ គម្រោងនេះបានសាងសង់ឡើងប្រកបដោយឈរលើគុណភាពជាចម្បងព្រមជាមួយនឹងទេសភាពដែលមិនអាចកាត់ថ្លៃបាននៃដងទន្លេមេគង្គ ដែលនេះគឺជាឱកាសសម្រាប់អ្នកវិនិយោគដែលចង់ពង្រីកភាពចម្រុះនៃអចលនទ្រព្យក្នុងដៃ ហើយងាកមកចាប់អារម្មណ៍លើការវិនិយោគបែបប្រណីតលំដាប់កំពូលវិញ។

 

ខណៈពេលដែលមនុស្សជាច្រើននៅមានមន្ទិលអំពីទស្សនវិស័យនៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ទាំងលោក Kelvin និង Melvin នៅតែមានជំនឿជាក់យ៉ាងខ្លាំងថានេះគឺជាការវិនិយោគដ៏ល្អបំផុត។ លោក Chua បានថ្លែងថា “ពួកយើងពិតជាមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទីផ្សារ និងឱកាសនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាមានការវិវឌ្ឍដ៏គួរឲ្យស្ញប់ស្ញែងជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម 7% ក្នុងរយៈពេល 2 ទស្សវត្សន៍ចុងក្រោយនេះ។ រាជរដ្ឋាភិបាលបានធ្វើជាគម្រូក្នុងការទាក់ទាញនូវវិនិយោគគិនបរទេសមកក្នុងប្រទេស ដែលជាលទ្ធផលការវិនិយោគផ្ទាល់ពីបរទេស​បានរួមចំណែកនៅក្នុងលំហូរចំណូលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជារហូតដល់ 14% ទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្ងឺឆ្លងដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ 2020ក្ដី បើធៀបទៅនឹងការរួមចំណែកត្រឹមតែ 3.2% ការពី 2 ទស្សវត្សន៍មុន។” លោកKelvin បានពន្យល់បន្ថែមថា “ការឆ្លើយតបទៅនឹងជម្ងឺឆ្លងកូវីដ 19 របស់រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជាសាកសមជាឧទាហរណ៍មួយនៃប្រសិទ្ធភាព និងស្ថេរភាពរបស់រាជរដ្ឋាភិបាល និងគោលនយោបាយបើកទូលាយចំពោះការវិនិយោគពីបរទេស មិនប្លែកទេដែលធនាគារពិភពលោកបានធ្វើការព្យាករណ៍អំពីសេដ្ឋកិច្ចកម្ពុជាថា នឹងមានកំណើនរហូតដល់4.5% នៅក្នុងឆ្នាំ 2022នេះ”។

 

ធនាគារពិភពលោកបានធ្វើការព្យាករណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងមានកំណើនប្រហែល 6%ក្នុងមួយឆ្នាំ បន្ទាប់ពីស្ថានភាពជម្ងឺកូវីដ 19 បានបញ្ចប់ ជាមួយនឹងរបាយការណ៍ដែលបានបង្ហាញអំពីកំណើននៃច្បាប់ថ្មីសម្រាប់ការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ Focus Economics បានចាត់ថ្នាក់ប្រទេសកម្ពុជាថា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័សបំផុតលេខ 5 នៅលើពិភពលោក បើធៀបទៅនឹងប្រទេសជាង 130 ផ្សេងទៀតដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ត្រូវបានយកមកសិក្សានៅក្នុងរបាយការណ៍ជាមួយគ្នានេះចាប់តាំងពីឆ្នាំ 2021 ដល់ 2025។

 

ការទិញយកនូវអចលនទ្រព្យដ៏ពោរពេញដោយសក្ដានុពលមួយហាក់មិនទាន់គ្រប់គ្រាន់សម្រាប់សហគ្រិនវ័យ 35 ឆ្នាំមួយរូបនេះនៅឡើយទេ ដោយលោកមានទស្សនវិស័យក្នុងការជម្រុញឲ្យក្រុមហ៊ុន AKRAM ធ្វើការអភិវឌ្ឍនូវគម្រោងដែលពោរពេញដោយសក្ដានុពលនៅលើដីនេះ។ លោកបានសង្កត់ធ្ងន់ថា “ទីតាំងគឺជាកត្តាសំខាន់មួយសម្រាប់ទីផ្សារនៃការអភិវឌ្ឍអចលនទ្រព្យបែបប្រណីត ហើយយើងមានក្ដីសោមនស្សរីករាយជាខ្លាំងក្នុងការទិញយកបាននូវទីតាំងដីនេះពីលោកឧកញ៉ាពុង ឃាវសែរ។ ការទិញយកដីមួយកន្លែងនេះប្រាកដជាមិនអាចធ្វើបាននោះទេប្រសិនបើមិនមានការគាំទ្រ និងទុកចិត្តរបស់លោកនៅក្នុងគម្រោងរបស់យើង។ យើងមានភាពរីករាយដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់លោកនៅក្នុងការអភិវឌ្ឍកោះនរា និងមានក្ដីសង្ឃឹមយ៉ាងមុតមាំថាទីតាំងដ៏មានសក្ដានុពលមួយនេះ និងក្លាយជាចំណុចទាក់ទាញបំផុតមួយនៃគម្រោងរបស់យើង។”

លោក Kelvin បានថ្លែងថា “ការិយាល័យលក់ និងយូនីតគម្រូនឹងត្រូវបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី 1 នៃឆ្នាំ 2023។ ខណៈដែលយើងបាននិងកំពុងធ្វើការអភិវឌ្ឍបន្ថែមទៀតឥតឈប់ឈរ យើងនឹងអាចប្រកាសប្រាប់លោកអ្នកអំពីទីតាំងការិយាល័យលក់ និងព័ត៌មានលម្អិតគម្រោងនាពេលឆាប់ៗខាងមុខនេះ។”