​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ ពីមុន​ធ្លាប់​គេ​ចាត់ទុកថា​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ក្រុមហ៊ុន Tesla​នាំមុខគេ នៅតែ​បរាជ័យ​ក្នុងការ​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​ទាប​ជាង ៤៥.០០០ ដុល្លារ ហើយ​ពួកគេ​បាន​ដំឡើងថ្លៃ​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ ២០២២​ថែម​ទៀត​។ ការដំឡើងថ្លៃ​ទាំងនោះ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចាស់វស្សា​នានា​ចូល​មក​ប្រជែង​ដោយ​អនុញ្ញាត​​ឱ្យ​លេច​វត្ត​មាន​រថយន្ត​ដូចជា Mercedes-Benz EQB ស៊េរី ២០២២ ប្រភេទ Crossover លក់​ថោក​ជាង​រថយន្ត Tesla Model Y ចំនួន​ជាង ១០.០០០ ដុល្លារ​មុន​ពេល​អ្នកទទួលការ​​បន្ថយពន្ធ​ពី​រដ្ឋាភិបាល​ទៅទៀត​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ក្រុមហ៊ុន Mercedes បានប្រកាសថា រថយន្ត EQB នឹង​ចាប់ផ្តើម​ពី ៥៥.៥៥០ ដុល្លារ រួម​ទាំង​ថ្លៃ​គោល​ចាំបាច់​។ ក្នុងនាម​ជា​រថយន្ត​ដឹក​អ្នកដំណើរ​កៅអី​បី​ជួរ​និង​មាន​ប្រាំពីរ​កៅអី រថយន្ត EQB គឺជា​គូ​ប្រជែង​ផ្ទាល់​នឹង​រថយន្ត Tesla Model Y ដែល​មាន​កៅអី​បី​ជួរ មានតម្លៃ​ចាប់ពី ៦៦.១៩០ ដុល្លារ​ក្នុងនោះ​រួម​ទាំង​ថ្លៃ​ដឹកជញ្ជូន ១.២០០ ដុល្លារ​ថែម​ទៀត​។​លើសពី​​នេះ ខណៈ​អតិថិជន Tesla លែង​មាន​សិទ្ធិ​ទទួលបាន​ឥណទាន​ពន្ធ EV របស់​សហព័ន្ធ តែ​អ្នក​ទិញ​រថយន្ត Mercedes នៅតែ​អាច​ដក​យក​លុយ ៧.៥០០ ពី​សហព័ន្ធ​(​នៅ​អាម៉េរិក​)​។ ប្រសិនបើ​​អ្នក​គណនា​ថ្លៃដើម រួម​ទាំង​ថ្លៃ​លើកទឹកចិត្ត​ដូច​របៀប​ដែល Tesla ធ្វើ​នោះ រថយន្ត EQB នឹង​ចាប់ផ្តើម​ពី ៤៨.០៥០ ដុល្លារ មុន​ពេល​លទ្ធភាព​ទទួលបាន​លុយ​លើកទឹកចិត្ត​កម្រិត​រដ្ឋ​នានា​។ នោះ​គឺ​មាន​តម្លៃថោក​ជាង​រថ​យន្ត Tesla Model Y ជាង ១៨.០០០ ដុល្លារ​។​

​ជា​ការពិត​ណាស់ រថយន្ត EQB ត្រូវ​លះបង់​កន្លែង​ណាមួយ​ដើម្បី​ឱ្យ​មាន​តម្លៃថោក​ជាង ហើយ​វា​ធ្វើឡើង​នៅក្នុង​ផ្នែក​រយៈ​ចម្ងាយ​បើកបរ​។ ការប៉ាន់ប្រមាណ​រយៈ​ចម្ងាយ​បើកបរ EPA​ផ្លូវការ​មិនទាន់​​ត្រូវបាន​ប្រកាស​ទេ ប៉ុន្តែ​រថយន្ត EQB ត្រូវបាន​គេ​វាយតម្លៃ​ថា​បើក​បរបាន​ត្រឹមតែ ៤២០ គីឡូម៉ែត្រ​អំឡុង​ការបើកបរ​សាកល្បងរ​បស់ WLTP ដែល​ផ្តល់​ឱ្យ​រថយន្ត EV​នេះ​នូវ​ការវាយតម្លៃ​ប្រសើរ​​ជាង​ពួកគេ​ទទួលបាន​ពី EPA ។ ផ្ទុយទៅវិញ រថយន្ត Tesla Model Y ត្រូវបាន​ផ្សព្វផ្សាយ​ថា​អាច​បើក​បាន​ចម្ងាយ ៥១២ គីឡូម៉ែត្រ លើ​ថាមពល​អាគុយ ៧៥ គីឡូវ៉ាត់ម៉ោង​របស់​វា​ដោយ​ផ្តល់​​ប្រៀប​ឈ្នះ​លើ​អាគុយ ៦៦,៥ គីឡូវ៉ាត់ម៉ោង​របស់ Mercedes ។​

​រថយន្ត Mercedes EQB នឹង​មាន​ជម្រើស​ម៉ាស៊ីន​ពីរ ដែល​មួយ​មាន​កម្លាំង ២២៥ សេះ និង​មួយទៀត​មាន​កម្លាំង ២៨៨ សេះ​។ គ្រឿង​បរិក្ខា​ស្តង់ដារ​រួមមាន ភ្លើង LED ខាងមុខ​និង​ខាងក្រោយ ប្រព័ន្ធ​ព័ត៌មាន MBUX តាប្លូ​រង្វាស់​ឌីជីថល​ទំហំ ១០,២៥ អ៊ី​ញ និង​អេក្រង់​ថាច់ ព្រមទាំង​ប្រព័ន្ធ​នាំ​ផ្លូវ​។ មុខងារ​ជំនួយ​អ្នកបើកបរ​មួយចំនួន គឺ​មាន​ដូចជា​ការរក្សា​គន្លង​ផ្លូវ​សកម្ម​នាឡិកា​ស្វែង​​រក​ចំណុច​ពិបាក​មើល​លើផ្លូវ ជំនួយ​ហ្វ្រាំង​សកម្ម​កម្រិតស្តង់ដារ ប្រព័ន្ធ​បើកបរ​ដោយ​គ្មាន​កូនសោ ឆ្នាំ​សាក​ភ្លើង​ឥត​ខ្សែ និង​កាមេរ៉ា​មើលឃើញ ៣៦០ ដឺ​ក្រេ​ជុំវិញ​ឡាន​៕

​រថយន្ត​អគ្គិសនី Mercedes-Benz EQB ស៊េរី​២០២២