​ដោយៈ ប​.​ខុន / ភ្នំពេញៈ ជំនន់​ទឹក​ស្ទឹងសែន នៅ​ក្រុង​កំពង់ធំ បាន​ឡើង​លើសពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន​ហើយ នៅ​ថ្ងៃទី​១៥ ខែសីហា តែ​ទឹកស្ទឹង​នេះ អាច​នឹង​ចាប់ផ្តើម​ស្រក​ចុះទៅ​វិញ នៅ​ថ្ងៃស្អែក បន្ទាប់ពី​ទឹក​នៅ​ស្ថានីយ​ជលសា​ស្ត្រ រក្សា រវៀង និង​នៅ​សណ្តាន់ ភាគ​ខាងលើ នៃ​ខេត្តកំពង់ធំ បាន​ស្រក​ចុះ​វិញ ជា​លំដាប់​រួចមក​។ បើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​មក​ថ្មី ក៏​ក្រុង​កំពង់ធំ មិនទាន់​អី​ដែរ​។​

​លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុ​និ​យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​ថាៈ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ថ្ងៃនេះ បន្ត​ឡើង​ថែម​បន្តិចទៀត ធ្វើឱ្យ​កម្ពស់​ទឹក នៅ​ស្ថានីយ​ជល​សាស្ត្រ​កំពង់ធំ ឡើងដល់​កម្ពស់ ១៣,៥១ ម៉ែត្រ គឺ​ឡើង​លើសពី​ម្រិ​ត​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ០,០១ ម៉ែត្រ តែ​វា​អាច​នឹង ចាប់ផ្តើម​ស្រក​ចុះ​វិញ នៅ​ថ្ងៃស្អែក (១៦​សីហា​) ដោយសារ​ទឹកស្ទឹង​នេះ នៅ​ភាគ​ខាងលើ ដូចជា នៅ​រក្សា រវាង និង​សណ្តាន់ ទឹកបាន​ស្រក​ចុះ​ជា​លំដាប់​ហើយ​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ ឡើង​ខ្ពស់​នេះ ដោយសារ​នៅ​សងខាង​ដងស្ទឹង មាន​ស្រូវ​ទុំ កំពុង​ច្រូតកាត់ ទ្វារ​ទឹក​នានា​នៅតាម​សងខាង ត្រូវបាន​បិទ កុំឱ្យ​ទឹក​ហូរ​ចូល​លិច​ស្រូវ កំពុង​ទុំ ទើប​ធ្វើឱ្យ​ទឹកស្ទឹង​ឡើង​ខ្ពស់ និង​ស្រក​ចុះ​យឺត​។ ទោះជា​យ៉ាងណា ស្ថានភាព​ទឹកជំនន់ ដែល​បាន​លិច​តំបន់​ទំនាប​ខ្លះ វា​នឹង​បាន​ធូរស្រាល វិញ​ហើយ បើ​មាន​ភ្លៀង​ធ្លាក់ ច្រើន​ថែម​ថ្មី​មកទៀត ក៏​មិនទាន់​អី​ដែរ ដោយសារ​បើ​មាន​ភ្លៀង​ច្រើន នៅ​ភាគ​ខាងលើ រយៈពេល​មួយ​សប្តាហ៍ ទើប​ទឹក​មកដល់​កំពង់ធំ បន្ទាប់ពី​ទឹក ជំនន់​លើក​នេះ បាន​ស្រក​ចុះទៅ​វិញ​ខ្លះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​ថាៈ ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា នឹង​រំកិល​ធ្លាក់ចុះ ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ ) ដែល​អូសបន្លាយ នៅ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​របប​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ លក្ខណៈ​បែប​ខាងលើ នឹងធ្វើ​ឲ្យ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ ភ្លៀង​នឹង​បន្ត​ធ្លាក់ ក្នុង​សភាព​ជា​លក្ខណៈ​ឡូ​កាល់ ស្ទើរ​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ​។​

​នៅក្នុង​សេ​ក្តី​ជូនដំណឹង បានបញ្ជាក់​ថាៈ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ អាចធ្វើ​ឲ្យ​បណ្តា តំបន់​ផ្ទៃ​រងទឹក​ភ្លៀង និង​បណ្តា​ខេត្ត​មួយចំនួន ដែល​កន្លងមក ទទួលបាន​នូវ​បរិមាណ ទឹកភ្លៀង​បង្គួរ និង​ច្រើន រួចមកហើយ អាច​នឹង​បន្ថែម​បរិមាណ​កើនឡើង​ទៀត ដែលជា​ហេតុ​បង្កើតឡើង នូវ​ជំនន់​ទឹកភ្លៀង​សារជាថ្មី មាន​ជាអាទិ៍ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕/V​