​ដោយៈ ស​រិ​ទ្ធ / កណ្តាល​៖ យុវជន​ម្នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​នារី​ម្នាក់ទៀត បាន​រងរបួស​ស្រាល ខណៈ​ជិះ​ម៉ូតូឌុប​គ្នា វ៉ា​ជែង ជ្រុល​ទាក់​ដៃចង្កូត ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​នៅ​ពីមុខ បណ្តាលឱ្យ​ដួល​ខ្ទាត ចូល​ក្រោម​រថយន្ត​កុងតឺន័រ បើក​មកពី​ក្រោយ កិន​ពីលើ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​ល្ងាច ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​សមត្ថកិច្ច បានឱ្យដឹងថាៈ យុវជន​ដែល​ស្លាប់ មានឈ្មោះ ម៉ុង ចែម អាយុ ១៨ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧ មាន​ស្រុកកំណើត នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​នារី​ម្នាក់ រួម​ដំណើរ​ជាមួយ​យុវជន​ម្នាក់ទៀត បាន​ជិះ​ម៉ូតូឌុប​គ្នា ម៉ាក​ហុងដា ប៊ីត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1IG-6207 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង យ៉ាង​លឿន ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ បាន​បើក​វ៉ា​ជែង​រថយន្ត កុងតឺន័រ តែ​ជែង​មិន​ផុត ក៏​ជ្រុល​ទៅ​ទាក់​ដៃចង្កូត ម៉ូតូ​មួយគ្រឿង​ទៀត មិន​ចាំ​ម៉ាក ដែល​បើក​នៅ​ពីមុខ បណ្តាលឱ្យ​ដួល​ខ្ទាត​ជនរងគ្រោះ ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 3F-1855 ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា កិន​ពីលើ​យុវជន​រងគ្រោះ បែកក្បាល​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ចំណែកឯ​នារី ត្រូវជា​បង គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ហើយ​ភ្លាមៗ​នោះដែរ អ្នកបើករថយន្ត​កុងតឺន័រ បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​

​បន្ទាប់​ពីនេះ​មក សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​វាស់វែង រួច​យក​រថយន្ត​កុងតឺន័រ និង​ម៉ូតូ ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ក្រុង​តាខ្មៅ រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕/V