ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ កូនភ្លោះ​៣ លើក​ទី​៣៨៩ ក្នុង​គ្រួសារ​ក្រីក្រ បុគ្គលិក កម្មករ​ក្រុមហ៊ុន រស់នៅ​តាមផ្លូវ​ជាតិ​លេខ​៥ ជិត​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ស្ថិត​ក្នង​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ បានទទួល​បាន​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហើយ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ សីហា ឆ្នាំ​២០២២ ។​

​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​នាំ​អំណោយ ទៅ​ផ្តល់អោយ​ផ្ទាល់ដៃ រួមមាន ទឹកដោះគោ​កូនក្មេង ២​កេះ អង្ករ​១​បាវ ៥០​គីឡូ ថវិកា ៥.០០០.០០០ រៀល ស្ករស ៥​គីឡូ សារុង​២ ក្រមា​២​។​

​ក្នុង​ពិធី​នោះ ក៏មាន​ការចូលរួម​ពី លោក លី សុវណ្ណ​រឹទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃ​យ៉ុង នាយក​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តបន្ទាយមានជ័យ ប្រធាន​ក្រុមការងារ​ខេត្ត ចុះជួយ​សង្កាត់​ព្រះ​ពន្លា លោកស្រី ម៉េង គឹម​ហួយ ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត លោកស្រី ឆាត សុជា ចៅសង្កាត់​ព្រះ​ព្រះ​ពន្លា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រះ​ពន្លា និង​អ្នក​អមដំណើរ ជាច្រើន​នាក់​ទៀត​។​

​អាណាព្យាបាល​កូនភ្លោះ​ទាំងនោះ ឪពុក មានឈ្មោះ ចាន់​សុភាព សព្វថ្ងៃ ជា​បុគ្គលិក របស់​ក្រុមហ៊ុន​ឯកជន​មួយ ម្តាយ​មានឈ្មោះ ឆៃ ស្រីរ័ត្ន មុខរបរ សព្វថ្ងៃ ជា​មេផ្ទះ គាត់​មានកូន ៤​នាក់ កូន​ទី​១ ប្រុស សព្វថ្ងៃ មាន​អាយុ ២​ឆ្នាំ ២​ខែ​។ រីឯ​កូនភ្លោះ​ស្រី​ទាំង ៣ កូនស្រី​ទី​១ ឈ្មោះ ឡាង សុ​ដា​លី ទម្ងន់ ១,៦ គីឡូ កូនស្រី​ទី​២ ឈ្មោះ ឡាង សុ​ដាលីន ទម្ងន់ ១,៥ គីឡូ កូនស្រី​ទី​៣ ឈ្មោះ ឡាង សុ​ដា​លី​ស ទម្ងន់ ១,៦ គីឡូ បច្ចុប្បន្ន រស់នៅ បន្ទប់​របស់​ក្រុមហ៊ុន ឲ្យ​ស្នាក់នៅ ។​

​ឪពុក ម្តាយ និង​គ្រូពេទ្យ បាន​ប្រាប់​ឲ្យ​ដឹងថា​: កូនស្រី​ទាំង ៣ របស់គាត់ កើត​នៅ​ថ្ងៃទី ១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១៥:៣០ នាទី សម្រាល​ដោយ​ធ្វើការ​វះកាត់​នៅក្នុង​មន្ទីរពេទ្យ គន្ធបុប្ផា (​ជ័យ​វរ្ម័នទី​៧) ខេត្តសៀមរាប ពេល​ចាប់ផ្តើម​ពរ​ពោះ ដូច​កូន​ទី​១ ដែរ ។​

​មុននឹង​មានកូន​ភ្លោះ​ស្រី ៣ នាក់ ដែលជា​ចៅ​ទី​៣៨៩ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គឺ​ពួកគេ​បង្កើត​កូនប្រុស​ម្នាក់ អាយុ​ជាង ២ ឆ្នាំ រួចមកហើយ​។​

​ក្នុងឱកាស​នោះ លោក សេង ទៀង បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពីស​ម្តេច​ទាំងពីរ ជូន​ដល់​ក្រុមគ្រួសារ កូនភ្លោះ​ស្រី​៣ ក្នុងនោះ លោក​បាន​ណែនាំ​ឱ្យ​ឪពុកម្តាយ ថែ​ទាំង​កូនភ្លោះ ទាំង​៣​នេះ ដែលជា​ចៅ​ធម៌​របស់ សម្តេច​ឱ្យបាន​ល្អ ដែល​នេះ​ជា​កូនភ្លោះ​៣ ចៅ​សម្តេច លើក​ទី​៣៨៩ គ្រួសារ​ផងដែរ​។​

​ជាការ​ឆ្លើយតប ក្រុមគ្រួសារ មានកូន​ភ្លោះ​៣ និង​ប្រជាពលរដ្ឋ ដែល​ចូលរួម​ពិធី​នេះ ក៏បាន​បង្ហាញ​អំពី ទឹកចិត្ត​រំភើប​រីករាយ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​យកចិត្ត​ទុក ឈឺឆ្អាល​នឹង​ជីវភាព​ប្រជាពលរដ្ឋ និង​តែងតែ​ឧបត្ថម្ភ​ជួយ​ដល់ ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ជា​បន្តបន្ទាប់​កន្លងមក ៕/V​