ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយ៉ូល បាននិយាយកាលពីថ្ងៃចន្ទទី១៥សីហានេះថា លោកនឹងផ្តល់ជំនួយមួយកញ្ចប់ធំដល់កូរ៉េខាងជើង ជាថ្នូរនឹងការរំសាយចោលនុយក្លេអ៊ែរ ។
ការប្រកាសសំណើនេះធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីកូរ៉េខាងជើងគំរាម«បោសម្អាតចោល»អាជ្ញាធរក្រុងសេអ៊ូលដោយសារតែការផ្ទុះជំងឺកូវីដ១៩កាលពីពេលថ្មីនៅកូរ៉េខាងត្បូងនិងមិនដល់មួយខែផងក្រោយពីមេដឹកនាំ គីម ជុងអ៊ុន របស់កូរ៉េខាងជើងបាននិយាយថា ប្រទេសលោក«ត្រៀមចល័ត»សមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសលោកសំរាប់សង្គ្រាមណាមួយជាមួយអាម៉េរិកនិងកូរ៉េខាងត្បូង។
ដោយការរំសាយចោលនុយក្លេអ៊ែរសំខាន់សំរាប់សន្តិភាពជាប់លាប់នៅលើឧបទ្វីបកូរ៉េ លោកយូនកាលពីថ្ងៃចន្ទបានផ្តល់ផែនការផ្តល់ជំនួយទ្រង់ទ្រាយធំយ៉ាងលម្អិត ដែលនឹងរួមមានស្បៀងអារហារនិងថាមពល ព្រមទាំងជួយសំរាប់ធ្វើអោយទំនើបហេដ្ឋារចនាសម្ពន្ធរបស់កូរ៉េខាងជើង ដូចជាកំពង់ផែ អាកាសយានដ្ឋាននិងមន្ទីរពេទ្យ។
លោកបាននិយាយនៅក្នុងសុន្ទរកថាដែលកត់សំគាល់ខួបរំដោះប្រទេសចេញពីការគ្រប់គ្រងបែបអាណានិគមរបស់ជប៉ុននៅឆ្នាំ១៩៤៥ថា « គំនិតផ្តួចផ្តើមឥតកោតក្រែងដែលខ្ញុំបង្កើតឡើងនេះនឹងធ្វើអោយប្រសើរឡើងខ្លាំងសេដ្ឋកិច្ចកូរ៉េខាងជើង និងការរស់នៅរបស់ប្រជាជនរបស់ខ្លួននៅក្នុងដំណាក់កាលដែលកូរ៉េខាងជើងបញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងចាប់ផ្តើមដំណើរការរំសាយចោលនុយក្លេអ៊ែរពិតៗ»។
អ្នកវិភាគជាច្រើននិយាយថា ឳកាសដែលកូរ៉េខាងជើងទទួលយកសំណើដូច្នេះមានតិចតួចណាស់ នៅពេលកូរ៉េខាងជើងបានវិនិយោគក្រាស់ក្រែលលើកម្មវិធីសព្វាវុធ និងធ្លាប់បានបញ្ជាក់ជាយូរមកហើយថាខ្លួននឹងមិនធ្វើការដោះដូរដូច្នេះទេ។
កូរ៉េខាងជើងបានសាកល្បងសព្វាវុធបន្តបន្ទាប់នៅឆ្នាំនេះ រួមទាំងការបាញ់កាំជ្រួចឆ្លងទ្វីបចម្ងាយពេញមួយជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលបានព្រមានថា កូរ៉េខាងជើងកំពុងត្រៀមសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន ៕
ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយ៉ូល ស្នើសុំផ្តល់ជំនួយសេដ្ឋកិច្ចធំដុំជាថ្នូរនឹងការរំសាយចោលកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង