ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាករ ងួន តាក់ បាន​គ្រង​តំណែង​ជើងឯក នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា ប៊ីយ៉ា​ភូ​ល ពាន់រង្វាន់ LUX98-P00L 9-Ball Open 2022 បន្ទាប់ពី​យកឈ្នះ​កីឡាករ ប៊ីយ៉ា​ភូ​ល អា​លែ​ប ជេ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ លទ្ធផល ៩​សិត​ទល់នឹង ៦​សិត នា​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ នៅ​ក្លិប​កីឡា​ប៊ីយ៉ា​ភូ​ល និង​ស្នូក​យ័រ LUX98 ។​

​នេះ​ជាការ​ប្រកួត ចម្រាញ់​រក​កីឡាករ ប៊ីយ៉ា​ភូ​ល​ឆ្នើមៗ ត្រៀមខ្លួន​ប្រកួត​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា រៀបចំ​ដោយ សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា សហការ​ជាមួយ​ក្លិប​កីឡា​ប៊ីយ៉ា​ភូ​ល និង​ស្នូក​យ័រ LUX98 ។​

​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី ជា​ផ្លូវការ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា និង​កញ្ញា ហេង ចាង ម្ចាស់​ក្លិប​កីឡា​ប៊ីយ៉ា​ភូ​ល និង​ស្នូក​យ័រ LUX98 ។​

​កីឡាករ​ប៊ីយ៉ា​ភូ​ល ងួន តាក់ គ្រង​តំណែង​ជើងឯក កីឡាករ​ប៊ីយ៉ា​ភូ​ល អា​លែ​ប ជេ ជើងឯក​រង កីឡាករ​ប៊ីយ៉ា​ភូ​ល ជាប់​ចំណាត់ថ្នាក់​លេខ ៣ ដោយ​ឈ្នះ​កីឡាករ​ប៊ីយ៉ា​ភូ​ល វុទ្ធី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ លទ្ធផល ៩​ទល់នឹង ៥​សិត ។​

​លោក ម៉ា​រ៉ា សុជាតិ បាន​និយាយថាៈ សហព័ន្ធ បានរៀបចំ​បង្កើត​សកម្មភាព​ប្រកួត​ផ្សេងៗ​​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ដោយ​បើកឱកាស​ឲ្យ​អ្នកមាន​ទេពកោសល្យ ផ្នែក​កីឡា​ប៊ីយ៉ា​ភូ​ល និង​ស្នូកឃ័រ ជា​វិញ្ញាសា​កីឡា ដែល​បាន​បញ្ចូល​ទៅក្នុង​ព្រឹត្តិការណ៍ SEA GAMES 2023 លើក​ទី​៣២ កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នា​ឆ្នាំ​២០២៣ ខាងមុខ ចូលរួម​បញ្ចេញ​សមត្ថភាព ដើម្បី​ក្លាយខ្លួនជា​កីឡាករ​តំណាង​ជាតិ តំណាង​ក្លិប​ផ្សេងៗ តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ជាតិ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ នេះដែរ ។​

​លោក​បាន​បន្តថាៈ សហព័ន្ធ សហការ​ជាមួយ​ក្លិប LUX 98 ជា​ក្លិប​មាន​ទីតាំង និង​ទីលាន​ល្អ តុ​ប៊ីយ៉ា​ស្តង់ដារ​អន្តរជាតិ យ៉ាងច្រើន ហើយ​មាន​ផាសុកភាព ដើម្បី​បង្កើត ការប្រកួត​នូវ វិញ្ញាសា​មួយ​គឺ ប៊ីយ៉ា POOL 9-BALL ក្នុងការ​សម្រិតសម្រាំង រក​ធនធាន​កីឡាករ នាពេលខាងមុខ បាន​រៀបរាប់​ខាងលើ ឲ្យ​បាន​គាប់ប្រសើរ​មួយ សម្រាប់​ការចូលរួម​ក្នុង ព្រឹត្តិការណ៍​ទាំងនោះ ដោយ​យើង​បើកទូលាយ​ឲ្យ​ប្លែក​បំផុត ទាំង​ខ្មែរ និង​បរទេស នៅ​កម្ពុជា អាចដាក់​ពាក្យ​ចូលរួម ការប្រកួត​ពានរង្វាន់​បុរស​មួយ មាន​ឈ្មោះថា LUX98-POOL 9-BALL OPEN 2022 ព្រោះ​ប្រភេទ​កីឡា ប៊ីយ៉ា​ភូ​ល​នេះ គឺមាន​អ្នក​ចូលចិត្ត​ច្រើន និង​មាន​សក្តានុពល​ខ្លាំង​ទូទាំង​ពិភពលោក ហើយក៏​ជាការ​ប្រកួតប្រជែង​មួយ ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​ស្មារតី​រវាង​កីឡាករ​បរទេស និង​កីឡាករ​កម្ពុជា យើង​ទៀតផង​៕/V​