​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​ប្រើ “​ការគំរាមកំហែង​នុយក្លេអ៊ែរ​”​ដោយ​ការ​ដាក់​កងទ័ព​នៅ​រោង​​ចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​។​

​រុស្សី​បាន​រឹបអូស​យក​រោងចក្រ​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia)​នៅ​ខែ​មីនា​ក្នុង​ថ្ងៃ​ដំបូងៗ​នៃ​ការ​លុកលុយ​របស់​ខ្លួន​ហើយ​បានប្រែក្លាយ​វា​ទៅ​ជា​មូលដ្ឋានទ័ព​ដើម្បី​បាញ់​ផ្លោង​​លើ​ទីក្រុង​ក្បែរៗ​នោះ​។​នេះ​មានន័យថា កងកម្លាំង​អ៊ុយ​ក្រែន​មិន​អាច​វាយបក​វិញ​បានទេ ព្រោះ​ខ្លាច​មាន​ហានិភ័យ​លេច​ធ្លាយ​វិទ្យុសកម្ម​ដ៏​មហន្តរាយ​ដោយសារ​តែ​មី​ស៊ី​ល​របស់ខ្លួន​។​

​ប៉ុន្តែ​រោងចក្រ​នេះ​បាន​រង​ការបាញ់​ផ្លោង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​ភាគី​ទាំង​សងខាង​បាន​បន្ទោស​គ្នា​ទៅវិញទៅមក​។​

​អ៊ុយ​ក្រែ​ននិយាយថា រុស្ស៊ី​បាន​បាញ់​អាវុធ​ខ្លួនឯង​ដាក់​រោងចក្រ ហើយ​អះអាងថា​វា​ជាការ​វាយប្រហារ​របស់​អ៊ុ​យក្រែន​។​

​ទន្ទឹមនឹងនោះ អង្គការសហប្រជាជាតិ​បាន​ព្រមាន​អំពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែ​រ ខណៈ​ស្ថានការណ៍​កាន់តែ​ឡើង​កម្តៅ​ខ្លាំង​។​

​លោក​ហ្សេ​លេន​ស្គី​និយាយថា ទាហាន​រុស្ស៊ី​ណា ដែល​បាញ់​ដាក់​ឬ​យក​រោងចក្រ​ធ្វើជា​ខែល នឹង​ក្លាយជា​គោលដៅ​ពិសេស​សម្រាប់​កងកម្លាំង​របស់គាត់​។​

​រោងចក្រ​នេះ​មាន​ទីតាំង​នៅ​ទីក្រុង​អេ​ណឺ​ហូ​ដា (Enerhodar) នៅ​ច្រាំង​ខាងកើត​នៃ​ទន្លេ​ឌី​នី​ភើ (Dnieper) ភាគខាងត្បូង​អ៊ុ​យក្រែន​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​ប្រើ “​ការគំរាមកំហែង​នុយក្លេអ៊ែរ​” ដោយ​ការ​ដាក់​កងទ័ព​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​