​ដោយៈ​សុផល​/​ភ្នំពេញ​៖ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ប្រចាំការ នៃ​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ណែនាំ​ដល់​សមាជិក សមាជិកា​គណបក្ស ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ពង្រឹង និង​បន្ដ​រក្សា​សាមគ្គី ឯកភាព​ផ្ទៃក្នុង និង​បន្ដ​កសាង​អំពើ​ល្អ​ក្នុងសង្គម ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​ណែនាំ​ដូច្នេះ​ក្នុងឱកាស​អញ្ជើញ​បិទ​សិក្ខាសាលា​ស្ដីពី «​ការចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធន៍ លើ​ការងារ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​មហាជន​ក្នុង​បរិបទ​ឌីជីថល​» នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​។​

​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ខ្ពស់​ចំពោះ​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល​ដែល​បាន​ផ្តួចផ្តើម​រៀបចំ ឲ្យ​មាន​សិក្ខាសាលា​នេះ​ឡើង ក្នុង​ទម្រង់​ជា​វេទិកា​ចែករំលែក បទពិសោធន៍ រវាង​យន្តការ​នានា​របស់​គណ​បក្ស​ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​ដែល​មកពី​រចនាសម្ព័ន្ធ គណៈ​ចលនា​មហាជន​ទូទាំងប្រទេស និង​យន្តការ​គណបក្ស​ពាក់ព័ន្ធ​បាន​ស្វែងយល់​បន្ថែមទៀត អំពី​តួនាទី អំពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ការងារ​ផ្សព្វផ្សាយ និង​សាធារណមតិ ក្នុង​បរិបទ​នៃ​ការរីកចម្រើន​របស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក៏ដូចជា​បណ្ដាញ​សង្គម​។​

​សម្ដេច ក៏បាន​ផ្ដាំផ្ញើ​ដល់​អង្គសិក្ខាសាលា​ឲ្យ​ខិតខំ​ប្រឹងប្រែង​ស្វែងយល់​ឲ្យ​បាន​កាន់តែច្បាស់ និង​ស៊ីជម្រៅ​ពី​តម្លៃ​នៃ​ព័ត៌មាន​យកចិត្តទុកដាក់​បន្ថែម​ទៅលើ ការប្រើប្រាស់​ព័ត៌មាន​ក្នុងការ​ផ្សព្វផ្សាយ​ធ្វើយ៉ាងណា ឲ្យ​ផ្ដល់នូវ​ព័ត៌មាន​ដែល​ពិត និង​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ផង ហើយ​ផ្ដល់​ភាពជឿជាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ផង​។​

​ទន្ទឹមនឹងនោះ សម្ដេច​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​ការផ្ដល់​ព័ត៌មាន​បែប​ប្រពៃណី និង​ព័ត៌មាន​បែប​ទំនើប ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា ជាពិសេស​តាមដាន​លើ​វឌ្ឍន៍ភាព នៃ​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា ជាប្រចាំ​ដើម្បី​ក្ដាប់​ឲ្យ​ជាប់​រាល់​ព័ត៌មាន និង​ធ្វើការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ទាន់សភាពការណ៍​នៃ​សង្គម​៕​