ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ តាម​ការគ្រោងទុក​នៅក្នុង​ខែសីហា​នេះ​កម្ពុជា​នឹង​បញ្ជូន​កីឡា​ចំនួន ១២​ប្រភេទ​របស់​កម្ពុជា នឹង​ចេញទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រយៈពេល​យូរ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​តាមរយៈ​ការរៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC)​ការចាកចេញ​របស់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ទាំង​១២​ប្រភេទ​កីឡា ដែលមាន​ចំនួន​ស្មើនឹង ១៦១​នាក់ គឺ​នៅក្នុង​ខែសីហា ឆ្នាំ​២០២២ នេះ​តទៅ ក្រោម​ជំនួយឥតសំណង​ពី​សំណាក់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​ការហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ដែល​ដើមឡើយ​គម្រោង​នេះ គ្រោង​ចាប់ផ្ដើម​កាលពី​ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទើប​ត្រូវបាន​ពន្យារពេល​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​មានប្រសាសន៍ថា​ឥឡូវនេះ តាម​កិច្ចព្រមព្រៀង​រវាង រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​បាន​ដល់ពេល​ត្រូវអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ទាំងអស់នោះ​ហើយ​។ ដោយ​ស្ថានភាព​នៅ​ប្រទេស​ចិន​មានការ​ធូរស្រាល​ក្នុងការ​ទទួលយក​នូវ​កីឡាករ​-​កីឡាការិនី យើង​ចំនួន ១៦១​នាក់ ដែល​ត្រូវ​ទៅធ្វើ​ការហ្វឹកហាត់​នៅ​ប្រទេស​ចិន ពី​ឥឡូវ​រហូត​ទៅដល់​ស៊ី​ហ្គេម​។ ពេលនេះ​កីឡា​ទាំង​១២​ប្រភេទ​យើង​បានរៀបចំ​អស់ហើយ​។ យើង​កំពុងតែ​រៀបចំ​ធ្វើ​ទិដ្ឋាការ​ឲ្យ​ហើយ ដើម្បី​បញ្ជូនទៅ​ហើយនឹង​ថ្នាក់ដឹកនាំ​បា​នប​ញ្ចូ​ន​គោលការណ៍​ទៅ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ហើយ​ដើម្បី​ទទួលបាន​នូវ​គោលការណ៍​និង​រៀបចំ​ដំណើរ​ចេញទៅ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ កីឡា​សរុប​ទាំង ១២​ប្រភេទ​រួមមាន កាយសម្ព័ន្ធ​, យូ​ដូ​, វូ​ស៊ូ​,​បាល់បោះ​,​វាយ​កូនឃ្លី​លើ​តុ​, អត្តពលកម្ម​, ចំបាប់​, វាយ​សី​, ហែល​ទឹក​, លើក​ទម្ងន់​, បាល់ទាត់ (​នារី​) និង​បាល់ទះ​។​

​លោក​អគ្គលេខាធិការ​មានប្រសាសន៍​បន្ថែមថា​ពេលនេះ​យើង​ធ្វើយ៉ាងណា​បង្រួម​ពេលវេលា​ឲ្យ​បាន​ឆាប់​ដើម្បី​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​គុណ​ផល​កីឡា​ទទួលបាន​ក៏​ឆាប់​ដែរ​។ ពេលវេលា​យើង​ខ្លី​ក្នុងការ​ហ្វឹកហាត់ ក៏ប៉ុន្តែ​យើង​នៅតែ​មើលឃើញ​នូវ​ការរៀបចំ​របស់​យើង ជម្រុញ​ការរៀបចំ​ឲ្យ​ទាន់ពេលវេលា​។​

​សម្រាប់​ការរៀបចំ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​គឺ​មិនមែន​នៅតែ​ចិន​ទេ​ប៉ុន្តែ​ទៅ​ចិន​ពេលនេះ​គឺ​ទ្រង់ទ្រាយ​ធំ​។​មនុស្ស​ច្រើន​ហើយ​ច្រើន​វិញ្ញាសា​ច្រើន​ប្រភេទ​កីឡា​មាន​ទាំង​ប្រភេទ​កីឡា​ជា​ក្រុម​មាន​ទាំង​ប្រភេទ​កីឡា​ឯកត្តជន​ផងដែរ​។​អ៊ីចឹង​យើង​ត្រូវតែ​យកចិត្តទុកដាក់​លើ​ការថែទាំ លើ​ការថែរក្សា​។​

​លោក​អគ្គលេខាធិការ ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​រដ្ឋអំណាច​កីឡា​ចិន ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ចិន និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ទទួលយក និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការហ្វឹកហាត់​នេះ​ទាំងស្រុង ទាំង​សំបុត្រ​យន្ដហោះ ទាំង​ការ​ស្នាក់នៅ​ហូបចុក ទាំង​ការព្យាបាល ទាំង​ការថែទាំ​សុខភាព​ជំងឺ​កូ​វីដ​ជាដើម​។ នេះ​ជា​កាយវិការ​មួយ​ដ៏​ប្រពៃ​ណាស់​សម្រាប់​ជួយ​ដល់​ព្រឹត្តិការណ៍​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ២០២៣ របស់​យើង​៕​