ដោយ​: ប​.​ខុន / ភ្នំពេញ​: ទឹក​បឹង​ទន្លេសាប​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ក្រគរ កំពង់​លួង​បាន​ឡើងដល់​កម្ពស់​៤,៣៣​ម៉ែត្រ​ន្ងៃ​ទី​១៥​ខែសីហា បន្ទាប់ពី​ទឹកទន្លេ​មេគង្គ​នៅ​ភ្នំពេញ​បាន​ឡើងដល់​កម្រិត​កម្ពស់​៧,៣២​ម៉ែត្រ កាលពី​ថ្ងៃទី​១៤​ខែសីហា តែ​នៅថ្ងៃនេះ​ទឹកទន្លេ​នៅ​គ្រប់​ស្ថានីយ​ជល​សាស្ត្រ​បានចាប់ផ្តើម​ស្រក​ចុះ​វិញ​ជា​លំដាប់​។​

​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន​និង​ព្យាករ​កម្ពស់​ទឹក​ដោយ​ក្រសួង​ធនធានទឹក​សម្រាប់​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២២​បានបង្ហាញ​ឱ្យឃើញថា ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត ស្ទឹងត្រែង​បា​នស្រកម​កនៅ​កម្ពស់​៧,១៦​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៤​ខែសីហា​០,៨៥​ម៉ែត្រ នៅ​ខេត្ត ក្រចេះ​មាន​កម្ពស់​១៧,៦៦​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​១៤​ខែសីហា​០,៧៦​ម៉ែត្រ នៅ​ខេត្ត កំពង់ចាម​ទឹក​មាន​កម្ពស់​១១,៥៤​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៤​ខែសីហា​០,៤២​ម៉ែត្រ នៅ​ទន្លេ​បា​សា​សក់ ចតុមុខ រាជធានី​ភ្នំពេញ​ទឹក​មាន​កម្ពស់​៧,១៤​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៤​ខែសីហា​០,១៨​ម៉ែត្រ នៅ​អ្នក​លឿង​ទឹក​មាន​កម្ពស់​៥,១៤​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៤​ខែសីហា​០,១០​ម៉ែត្រ នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក​មាន​កម្ពស់​៦,៤០​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៤​ខែសីហា​០,១៨​ម៉ែត្រ នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់​៥,៩៧​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​១៤​ខែសីហា​០,០៧​ម៉ែត្រ នៅ​បឹង​ទន្លេ សាប​ក្រគរ កំពង់​លួង ទឹកបាន​ឡើងដល់​កម្ពស់​៤,៣៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៤ ខែសីហា ០,០៦​ម៉ែត្រ​។​

​តាម​ការ​ព្យាក​ដដែល​បង្ហាញថា​ទឹកទន្លេ​មេគង្គ​នៅ ទន្លេបាសាក់ ចតុមុខ អាច​បន្ត​ស្រក​នៅត្រឹម​កម្ពស់​៦,៣០​ម៉ែត្រ​នៅ​ថ្ងៃទី​១៨​ខែសីហា នៅ​ស្ថានីយ​ផ្សេងៗ​ទៀត​ទឹក​បន្ត​ស្រក​ចុះ​ជា​លំដាប់​។ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ព្យាករណ៍​កាលពីដើម​រដូវ​វស្សា​ថា ទឹកទន្លេ​មេគង្គ​នៅ​ចតុមុខ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២២​នេះ អាច​ឡើងដល់​កម្រិត​ក​ម្ព​ស់​ជាង​៩,៦៥​ម៉ែត្រ ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២២​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ថា​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា នឹង​រំកិល​ធ្លាក់ចុះ​ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ )​ដែល​អូសបន្លាយ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​របប​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។ ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា លក្ខណៈ​បែប​ខាងលើ​នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០២២ ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​សភាព​ជា​លក្ខណៈ​ឡូ​កាល់ ស្ទើរ​គ្រប់​ទីកន្លែង​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​និង​ច្រើន​ដោយ​អន្លើ​។​

​នៅក្នុង​សេ​ក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា ស្ថិតក្នុង​ស្ថានភាព​បែប​នេះ អាចធ្វើ​ឲ្យ​បណ្តា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​និង​បណ្តា​ខេត្ត​មួយចំនួន​ដែល​កន្លងមក​ទទួលបាន​នូវ​បរិ មាណទឹក​ភ្លៀង​បង្គួរ​និង​ច្រើន​រួចមកហើយ​អាច​នឹង​បន្ថែម​បរិមាណ​កើនឡើង​ទៀត ដែលជា​ហេតុ​បង្កើតឡើង​នូវ​ជំនន់​ទឹកភ្លៀង​សារជាថ្មី មាន​ជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​