ដោយ​: ជា សីហៈ / ភ្នំពេញ​: លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ នេះ បាន​ដឹកនាំ​អ្នកជំនាញ​ចុះ​ពិនិត្យមើល​កសិកម្ម​ចិញ្ចឹម សត្វ​ធំៗ​នៅ​កំពត​និង​តាកែវ។

​កសិដ្ឋាន​ដែល​លោក​រដ្ឋមន្ត្រី​បាន​ចុះទៅ​ព្រឹក​នេះ រួមមាន កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដែលមាន​ស្តង់ដា ប្រព័ន្ធ​បិទ​ជិត និង​មាន​ប្រព័ន្ធ​ជីវ​សុវត្ថិភាព និង សត្តឃាតដ្ឋាន​ជ្រូក ព្រមទាំង​រោងចក្រ​ផលិត​ចំណីអាហារ ស្ថិតក្នុង​ស្រុក​ជុំ​គី​រី ខេត្តកំពត និង កសិដ្ឋាន ក្រុមហ៊ុន ស៊ី​ភី មួយកន្លែង ស្ថិតក្នុង​ភូមិ​ឬ​ស្សី​មួយ​គុ​ម្ភ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

​នៅ​ចំពោះមុខ​ដៃគូ​អភិវឌ្ឍ​ដែលជា​វិស័យ​ឯកជន លោក​រដ្ឋមន្ដ្រី​បានបង្ហាញ​ឆន្ទៈ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​មាន​ជាអាទិ៍​៖ ផលិត​ចំណី​សត្វ ការចិញ្ចឹម​មាន់​សាច់ មាន់​ពង ជ្រូក​ពូជ ជ្រូក​សាច់ ការផលិត​អាហារ​មនុស្ស និង​សត្តឃាតដ្ឋាន ដែល​សកម្មភាព​ទាំងអស់នេះ​បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​អភិវឌ្ឍ​អនុវិស័យ​ផលិតកម្ម​សត្វ សាច់ និង​ម្ហូបអាហារ​ដែលមាន​ដើមកំណើត​ពីស​ត្វ ពិសេស​រក្សា​ស្ថិរភាព​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ​នៅ​មូលដ្ឋាន និង​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​។

​លោក​រដ្ឋមន្ដ្រី​បាន​កោតសរសើរ និង​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​ភាគី​ទាំងពីរ​រួមគ្នា​សម្រេចបាន​។ ចំពោះ​ថ្លៃដើម​ផលិតកម្ម​នៅ​ខ្ពស់ លោក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ជា​គំនិត​ថា​គួរ​ទាញយក​ថាមពល​ពី​ពន្លឺព្រះអាទិត្យ និង​ថាមពល​បានមកពី​លាមក​ជ្រូក យកមកប្រើ​ដើម្បី​កាត់បន្ថយ​ប្រើ​ថាមពលអគ្គីសនី​ទីមួយ និង​ទី​ពីរ​សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​ធ្វើការ​កែច្នៃ​លាមក​ជ្រូក​លក់ ហើយ​នេះ​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​សំខាន់​មួយ​ផងដែរ​។

​សម្រាប់​ក​សិ​ដ្ឋា​នៅ​ខេត្តកំពត​នាយក​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សត្តឃាតដ្ឋាន​អាច​ពិឃាត​ជ្រូក​បាន ៧​តោន​នៅក្នុង​ថ្ងៃ ឫ​ប្រមាណ​ជា ៧០​ក្បាល​យក​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ខេត្តតាកែវ កំពត និង​ខេត្ត​ព្រះសីហនុ​។ លោក​បាន​បន្តថា បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​មេ​ជ្រូក​ពូជ​សរុប​ទាំងអស់ ៤៨.០០០​ក្បាល​។

​ដោយឡែក លោកស្រី ងិន គ​ន្ធា ម្ចាស់​កសិកម្ម​ដ្ឋា​ន​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ឬ​ស្សី​មួយ​គុម្ព ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​កសិដ្ឋាន​បាន​បង្កើត​នៅ​ឆ្នាំ​២០១៧ ក្នុង​ផ្ទៃដី ១២​ហ​ត បច្ចុប្បន្ន​មាន​រោង​ចិញ្ចឹម​ជ្រូក​ចំនួន ២០​រោង ហើយ​នៅក្នុង​មួយ​រោង អាចដាក់​ជ្រូក​សាច់​បាន ៧០០​ក្បាល សរុប​មាន​ជ្រូក​សាច់ ១៤.០០០​ក្បាល​៕​