ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ​: លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែងថា ដើម្បី​ចូលរួម​ក្នុង​ការបង្ការ​ទប់ស្កាត់ រាល់​ការបំផ្លាញ​ធនធានធម្មជាតិ​នានា បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងនោះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្តតាម​យុទ្ធសាស្ត្រ «​ដៃ​ម្ខាង​ដាំ ដៃ​ម្ខាង​បង្ក្រាប​»​។

​ការលើកឡើង​យ៉ាង​ដូច្នេះ​ក្នុង ពិធី​រុក្ខទិវា​ថ្នាក់​ខេត្ត នៅ​តំបន់​ព្រៃ​សហគមន៍​វាល​អូរ​ក្តី ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ក្រយៀ ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​១៥ ខែសីហា ឆ្នាំ​២០២២​។ ដោយមាន​ការអញ្ជើញ​ចូលរួម លោក​ប្រធាន​មន្ទីរ លោកស្រី មន្ត្រីរាជការ​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស​ប្រមាណ​ជាង ៥០០​នាក់​។​

​លោក ងួន រតនៈ បាន​បន្តទៀតថា ខេត្តកំពង់ធំ ការគ្រប់គ្រង ក្នុងការ​បង្ក្រាប​ទប់ស្កាត់​ធនធានធម្មជាតិ​មិនទាន់មាន​និរន្ត​ន៍​បាន​ភាព ១០០%​នៅឡើយ​ទេ ហេតុ​ដូចនេះហើយ ទើប​រាជរដ្ឋាភិបាល​បាន​បង្កើត​សហគមន៍​ឡើង ដើម្បី​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មាន​សិទ្ធិ​អាទិភាព​ក្នុងការ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​ទាំងអស់គ្នា​។ ក្នុងនោះដែរ​ត្រូវ​រួមគ្នា​ដាំ​ដើមឈើ​ឡើងវិញ ដោយ​ការដាំ​នេះ​មិនមែន​តែ ១​ឆ្នាំ​ម្ដង​នោះទេ គឺ​ចូលរួម​ដាំ​ជា​រៀងរាល់ថ្ងៃ​។ ម្យ៉ាង​វិញ​ក្នុង​យុទ្ធនា​ការដាំ និង ថែទាំ​កូនឈើ គឺជា​ការចូលរួមចំណែក​ទាំងអស់គ្នា ទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ផ្ទាល់​ផងដែរ ដើម្បី​យក​កូនឈើ​ដាំ​បន្ថែម​ឲ្យ​ក្លាយជា​តំបន់​បៃតង នៅក្នុង​សហគមន៍​យើង​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមទៀតថា ខេត្តកំពង់ធំ​កន្លងមកនេះ​គឺមាន​ធនធានធម្មជាតិ​ច្រើនណាស់ ក៏ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​បាន​សម្បទាន​ក្រុមហ៊ុន​ធំៗ ដើម្បី​លើកកម្ពស់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន និង​សេដ្ឋកិច្ចជាតិ ដោយ​យក​ដី​ទាំងនោះ​ទៅ​ដាំ​ចំការកៅស៊ូ ឬ ចំការ​ស្វាយចន្ទី​ជាដើម​។​

​ជាមួយគ្នានេះ​លោក​ងួន រតនៈ អំពាវនាវ នគរបាល​យុត្តិធម៌​ជា​ស្នូល បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី គណៈបញ្ជាការ​ឯកភាព ឃុំ​/​ស្រុក ត្រូវ​បន្ត​ពង្រឹង​អនុវត្ត​ច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់ ក្នុងការ​បង្ការ និង​ទប់ស្កាត់ រាល់​បទល្មើស​បំផ្លាញ​ព្រៃឈើ និង​ការ​ន្ទ្រា​ន​ដីព្រៃ ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។ ម្យ៉ាងវិញទៀត​ត្រូវ​ផ្ដល់​ការអប់រំ​រាល់​វេទិកា​រទាំង​តូច​ទាំង​ធំ ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ ឥស្សរជន​របស់​រាជ​រដ្ឋាភិបាល តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ ក្នុងការ​បង្ក្រាប​នេះ​ជា​ហូរហែ ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ និង​ឈើ​រង​សន្និធិ​ដេប៉ូ​ឈើ អនុវត្ត​ច្បាប់ និង​វិធានការ​ផ្លូវច្បាប់ ជាពិសេស​ទៅលើ​ការទន្ទ្រាន​ដី​របស់​រដ្ឋ​គ្រប់​រូបភាព​។ ចំណែក​ទីតាំង​ដែលមាន​ជនល្មើស​បាន​លួច​កាប់បំផ្លាញ​ព្រៃ​ក្នុង​ខេត្ត ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្ដែង​បង្ក្រាប ហើយ​ដកហូត​ជា​សម្បត្តិ​រដ្ឋ​វិញ​។​

​លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​បាន​សង្កត់ធ្ងន់ថា ចំពោះ​លោក​មេឃុំ សូមកុំ​ចូលរួម ឬ​បញ្ចេញ​ឯកសារ​ស​ម្គ​ល់​ណាមួយ ជាមួយ​ការទិញ​លក់​លើដី​ព្រៃ ដី​របស់​រដ្ឋ​ឲ្យ​សោះ គឺ​មេឃុំ​មាន​សិទ្ធិ​ត្រឹមតែ​សហការ រាយការណ៍ មកកាន់​មន្ត្រី​ជំនាញ ឬក៏​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ប៉ុណ្ណោះ សូម​មេឃុំ​កុំ​ធ្វើ​អ្វី​ឱ្យ​លើសពី​ដែន​សមត្ថកិច្ច​របស់ខ្លួន​អោយសោះ​។​

​ក្នុងនោះ​លោក ប៉ែន វណ្ណ​រិ​ទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ បានឱ្យដឹងថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​ជា​សេនាធិការ បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត អង្គការ​ជាតិ​-​អន្តរជាតិ ជាពិសេស​អាជ្ញាធរ​ស្រុក​សន្ទុក បានរៀបចំ​ពិធី​អបអរសាទរ​រុក្ខទិវា​ឆ្នាំ ២០២២ នៅ​ភូមិសាស្ត្រ​តំបន់​សហគមន៍​ព្រៃឈើ​វាល​អូរ​ក្តី ឃុំ​ក្រយៀ ស្រុក​សន្ទុក ខេត្តកំពង់ធំ​ដោយ​ដាំ​កូនឈើ ៥ ប្រភេទ ធ្នង់ , គ្រញូង​, បេង​, គគីរ ,​ឈើទាល សរុប​ចំនួន ២៥០០ ដើម ក្នុង​ទំហំ​ដី ២​ហិកតា​ផងដែរ​៕​