ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាដ្ឋាន​មួយទៀត នឹង​បើកទ្វារ​ទទួល​ទស្សនិកជន​នៅ​ថ្ងៃទី​២១​ខែសីហា​នេះ នោះ​គឺ​កីឡដ្ឋាន KMF Park នៃ​ក្លិប​ក្របខណ្ឌ​លី​គ​ទី​២ ISI ដង្កោ​សែន​ជ័យ បន្ទាប់ពី​ដំណើរការ​ស្ថាបនា​ឡើងវិញ ជិត​រួចរាល់​១០០​ភាគរយ​។

​កីឡដ្ឋាន​ដែល​ស្ថាបនា​ឡើង​ត្រឹមត្រូវ​តាម​ខ្នាត​ស្ដង់ដារ​នេះ បានចាប់ផ្ដើម​រុះរើ ជួសជុល និង​កែលម្អ​ឡើងវិញ​កាលពីដើមឆ្នាំ​២០២២​កន្លងទៅ​ដើម្បី​ឆ្លើយតប​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​វលី​គ ក្នុង​ការរៀបចំ​ការប្រកួត​ផ្សេងៗ ពិសេស​ការប្រកួត​ក្របខណ្ឌ​លី​គ​ទី​២ ដែល​ក្រុម ISI ដង្កោ​សែន​ជ័យ កំពុង​ចូលរួម ដ្បិត​កន្លងមក​ក្រុម​កំពុង​ឈរ​លេខ​រៀង​ទី​៣ នេះ​ដោយ បាន​ខ្ចី​កីឡដ្ឋាន​របស់​ក្រុម​ផ្សេង ធ្វើជា​ទឹកដី​បណ្ដោះអាសន្ន​របស់ខ្លួន ។​

​លោក សៀក សុវណ្ណ ដែលជា​អគ្គលេខាធិការ​របស់​ក្លិប​បាន​និយាយថា​នេះ​គឺជា​គម្រោង​បើក​សាកល្បង​ដល់​មហាជន​អាច បាន​ចូល​ទស្សនា​ដំណើរការ សាងសង់​កីឡដ្ឋាន ឬ​ហៅថា Soft Opening​។ មិនតែប៉ុណ្ណោះ ក៏​នឹងមាន​កម្មវិធី​ពិសេសៗ​ជាច្រើន រួមទាំង​ការប្រកួត​បាល់ទាត់​យុវជន ISI Community Cup U6 ដល់ U14 ដើម្បី​បង្ហាញ​ដល់​សាធារណៈជន និង​អបអរសាទរ​ក្នុងឱកាស​បើកទ្វារ​ស្វាគមន៍​អ្នកគាំទ្រ​ឡើងវិញ នៅ​កីឡដ្ឋាន KMH Park នោះ​ផងដែរ ។​

​ក្លិប ISI ដង្កោ​សែន​ជ័យ បាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​២០១៦ ក្នុងនាម​ក្រុម​ពាក់កណ្ដាល​អាជីព​មុន​វិវឌ្ឍន៍​ខ្លួន​ជា​ក្រុម​អាជីព​នៅ​ឆ្នាំ​២០២០ ហើយ​បាន​ចូលរួម​ប្រកួត​ក្របខណ្ឌ​លី​គ​ទី​២ (Second Leaque) កម្ពុជា​។ រដូវ​កាល​ដំបូង​ក្លិប មាន​មូល​ដ្ឋា​នៅ​តំបន់​វេ​ង​ស្រេង​(​សង្កាត់​ចោមចៅ​) បានបញ្ចប់​ការប្រកួត​របស់ខ្លួន ដោយ​ឈរ​លេខ​៤ និង​រដូវ​កាល​ឆ្នាំ​២០២១ ពួកគេ​បានបញ្ចប់​ត្រឹម​តំណែង​ជើងឯក​រង​៕