ដោយៈ បាយ័ន / សៀមរាបៈ ថ្ងៃនេះ ក្រសួងទេសចរណ៍ សូម​ណែនាំ​កន្លែង​មួយ ដែល​អ្នក​ទៅលេង ស្រុក​បន្ទាយស្រី មិនគួរ​មើលរំលង បើ​និយាយ​ពី​ទេសភាព​វិញ ស្អាត​ខ្លាំង​តែម្ដង គឺ​សហគមន៍​ទេសចរណ៍ ធម្មជាតិ​បឹង​ឈូក បន្ទាយស្រី​។ ក្រសួង​ទេស​រណ៍ បានបញ្ជាក់​ឱ្យដឹង នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ នេះ​។​

​ក្រសួងទេសចរណ៍ បាន​បង្ហាញថា អ្នក​ទាំងអស់គ្នា ភាគច្រើន ប្រហែលជា​ធ្លាប់​អង្គុយ​ញាំ អាហារ​ឆ្ងាញ់ៗ នៅតាម​កញ្ចុះ ក្បែរ​មាត់ទឹក ឬ​លើទឹក តែ​នៅជាប់​នឹង​ច្រាំង​នៃ​ទឹក ឬ​មាន​ស្ពាន ដើរទៅ​ដល់ក​ញ្ចុះ លើទឹក​តែម្ដង ត្រូវ​ទេ​? តែ​សម្រាប់​រមណីយដ្ឋាន បឹង​ឈូក​វិញ កញ្ចុះ​ស្ធើ​រ​តែ​ទាំងអស់ គឺ​នៅ​ឆ្ងាយ​ពី​ច្រាំង ដូច្នេះ​ដើម្បី​ទៅ​ញាំ​អី​នៅ​កញ្ចុះ​បាន បងប្អូន ត្រូវ​ជិះទូក ទើប​ទៅដល់ (​ជិះ​ទៅ​-​មក​កញ្ចុះ មិន​គិតថ្លៃ​ទេ​) ព្រោះ​គ្មាន​ស្ពាន​ឲ្យ​ឆ្លង ទៅដល់​កញ្ចុះ​នោះទេ (​នៅតាម​ទូក​មាន​អាវ​ពោង​) ។​

​នេះ​ជា​ចំណុច​ដ៏​ទាក់ទាញ​មួយ​ផងដែរ របស់​រមណីយដ្ឋាន​មួយ​នេះ ព្រោះ​ការ​ជិះទូក ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ និង​ភ្លេច​អស់ នៅ​ទុក្ខ​កង្វល់​នានា ជាពិសេស នៅពេល​ខ្យល់​ត្រជាក់ៗ នៃ​បឹង​ធម្មជាតិ​មួយ​នេះ បក់​មក​ប៉ះ​នឹង​យើង ។

​បន្ទាប់ពី​ញាំ​អាហារ​ឆ្ងាញ់ៗ​រួច បងប្អូន អាច​ងូតទឹក​លេង ឬក៏​បងប្អូន​អាច​ជួល​ទូក Kayak ដើម្បី​អុំ​លេង​កម្សាន្ត បាន​ផងដែរ ដែលមាន​តម្លៃ​សមរម្យ​។ បើ​និយាយ​ពី​សម្រស់​ធម្មជាតិ នៅទីនេះ ពេល​អេ​ត​មីន​ទៅដល់ មាន​អារម្មណ៍​ថា ដូច​កំពុង​ស្ថិតនៅ​មាត់​ព្រែក​កំពត​ណាស់ គឺថា​មាន​ភ្នំ មាន​ព្រៃកោងកាង​ទឹកសាប លាយឡំ​នឹង​ផ្ទៃ​ទឹក​ខៀវស្រងាត់ គឺ​មើលទៅ ស្អាត​ណាស់ (​ដូច​ក្នុង​គំនូរ​) ។ បើ​មិន​ជឿ​អេ​ត​មីន សាក​ទៅ ល​មើល​។​

​បើ​និយាយ​ពី រសជាតិ​ម្ហូបអាហារ នៅទីនេះ ក៏​មិន​ចាញ់​រមណីយ​ដ្ខា​ន​ផ្សេងៗ ក្នុង​តំបន់ ផងដែរ សម្រាប់​អេ​ត​មីន ចូលចិត្ត​មាន់​អាំង​អំបិលម្ទេស និង​កង្កែប​អាំង​អំបិលម្ទេស នៅទីនេះ ហើយ​ទឹកជ្រលក់ គេ​ក៏​ឆ្ងាញ់​ដែរ​។​

​សូម​បញ្ជា​ក៉​ថា ទៅលេង​កន្លែង​ទឹក​ដូចនេះ គួរ​ប្រយ័ត្ន ជាពិសេស ជាមួយ​ក្មេងៗ​បន្តិច ព្រោះ​ជុំវិញ​សុទ្ធតែ​ទឹក (​ក្មេងៗ​ចូលចិត្ត​ទឹក គួរតែ​កុំ​ធ្វេសប្រហែស​) ។ សម្រាប់​ទីតាំង ស្ថិតនៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​៕/V​