​ដោយៈ​ទេព មង្គល / ភ្នំពេញៈ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ព្រមាន ផាកពិន័យ និង​ណែនាំ​ចំពោះ​លោក វេជ្ជបណ្ឌិត ស៊ីម វន់ ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ និង​បានធ្វើ​សេចក្ដីណែនាំ ទៅគ្រប់​គ្លីនិក​ឯកជន ទាំងអស់ មិន​អនុញ្ញាតឱ្យ​យក​រថយន្ត​គិលានសង្គ្រោះ​ឯកជន​របស់ខ្លួន ចេញទៅ ដឹក​អ្នករបួស ដោយ​គ្រោះថ្នាក់​ចរាចរ តាម​ដងផ្លូវ យកមក​ព្យាបាល នៅក្នុង​គ្លីនិក​ឯកជន របស់ខ្លួន ជាដាច់ខាត​។ ការព្រមាន ផាកពិន័យ និង​ការណែនាំ​នោះ បាន​ត្រូវធ្វើឡើង តាមរយៈ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ នេះ ។​

​នៅក្នុង​លិខិត​នោះ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ជម្រាបជូន​លោក វេជ្ជបណ្ឌិត ស៊ីម វន់ ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ដែលមាន​ទីតាំង​ស្ថិត នៅផ្ទះ​លេខ​១៨៣ ផ្លូវ​លេខ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជ្រាបថា រយៈកាល​កន្ល​មក ក្រសួងសុខាភិបាល បាន​សង្កេតឃើញថា មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ តែងតែ​យក​រថយន្ត គិលានសង្គ្រោះ​របស់ខ្លួន ចេញទៅ​ដឹក​អ្នករបួស ដោយ​គ្រោះថ្នាក់​ចរាចរ តាម​ដងផ្លូវ យកមក​ព្យាបាល នៅ​កន្លែង​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ របស់ខ្លួន ខុសច្បាប់ ដែល​ក្រសួងសុខាភិបាល បាន​ហាមឃាត់ និង​បានធ្វើ​សេចក្ដីណែនាំ ទៅគ្រប់​គ្លីនិក​ឯកជន ទាំងអស់ មិន​អនុញ្ញាតឱ្យ​យក​រថយន្ត​គិលានសង្គ្រោះ ឯកជន​របស់ខ្លួន​ចេញទៅ ដឹក​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ យកមក​ព្យាបាល នៅក្នុង​គ្លីនិក​ឯកជន របស់ខ្លួន ជាដាច់ខាត​។​

​ក្រសួងសុខាភិបាល សូម​ធ្វើការ​ព្រមាន ផាកពិន័យ និង​ណែនាំ​ចំពោះ​លោក វេជ្ជបណ្ឌិត ស៊ឹម វ៉ន់ ដូចខាងក្រោម​នេះ ៖
១. ត្រូវ​បញ្ឈប់​ជាបន្ទាន់ ចំពោះ​ការយក​រថយន្ត​គិលានសង្គ្រោះ​របស់ខ្លួន​ទៅ​ដឹក​អ្នករបួស ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ យកមក​ព្យាបាល នៅក្នុង​គ្លីនិក​របស់ខ្លួន ចាប់ពី​ថៃ្ង ណែនាំ​នេះ តទៅ​។​
២. ត្រូវ​ផាកពិន័យ​អន្តរ​ការ​ជា​ប្រាក់ ចំនួន ១០ ០០០ ០០០ ៛ (​ដប់​លាន​រៀល​) ចំពោះ​កំហុសឆ្គង​ដែលមាន​។​
៣. ត្រូវគោរព​ឱ្យបាន​ត្រឹមត្រូវ ទៅតាម​ច្បាប់ អនុក្រឹត្យ ប្រកាស និង​សារាចរ​ណែនាំ​ផ្សេងៗ របស់​ក្រសួងសុខាភិបាល​។​
៤. ត្រូវគោរព​ទៅតាម​កិច្ចសន្យា​របស់ខ្លួន ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ ដែល​បាន​សន្យា ជាមួយ​ក្រសួងសុខាភិបាល​។​
៥. ក្នុងករណី​ដែល​លោក វេជ្ជបណ្ឌិត ស៊ឹម វ៉ន់ មិន​គោរព​តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​ទេនោះ ក្រសួង នឹងមាន​វិធាន​ការបិទ​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ដោយ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ តទៅទៀត​ឡើយ​។​

​ទទួលបាន​នូវ​ការព្រមាន និង​ការណែនាំ ខាងលើនេះ សូម​លោក​វេជ្ជបណ្ឌិត ស៊ឹម វ៉ន់ អនុវត្ត​ឱ្យបាន​ល្អប្រសើរ ដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ តទៅ​។

​មុនពេល​កើតមាន​ការព្រមាន ដូចខាងលើ​នេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ បានចេញ​លិខិត​ដោយឡែក មួយច្បាប់​ដែរ ដោយ​ជម្រាបជូន​លោក អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ស្តីពី​ការពង្រឹង និង​ចាត់វិធានការ ចំពោះ​ការប្រើប្រាស់​រថយន្ត​គិលានសង្គ្រោះ ខុសពី​ការណែនាំ​របស់ ក្រសួងសុខាភិបាល របស់​ម្ចាស់​គ្លីនិក​ឯកជន ដែល​តែងតែ​យក រថយន្ត​គិលានសង្គ្រោះ របស់ខ្លួន ទៅ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរ នៅតាម​ដងផ្លូវ មក​ព្យាបាល នៅក្នុង​គ្លីនិក​របស់ខ្លួន និង​បុគ្គល ដែល​យក​ឡានពេទ្យ មិនមាន​សញ្ញា​សម្គាល់ និង​មិនមាន​ឈ្មោះ​គ្លីនិក ត្រឹមត្រូវ ច្បាស់លាស់ ទៅ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរ ឬ សាកសព​នៅតាម​ដងផ្លូវ​។​

​ក្រសួងសុខាភិបាល បាន​ជម្រាបជូន​លោក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​លិខិត​នោះ​ថា រយៈកាល​កន្លងមក ក្រសួងសុខាភិបាល បានធ្វើ​សារាចរ​ណែនាំ ជាច្រើនលើក ច្រើនសារ​រួចមកហើយ អំពី​ការហាមឃាត់​មិន​អនុញ្ញាតឱ្យ​គ្លីនិក​ឯកជន យក​រថយន្ត​គិលានសង្គ្រោះ​របស់ខ្លួន ទៅ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរ តាម​ដងផ្លូវ មក​ព្យាបាល នៅក្នុង​គ្លីនិក​របស់ខ្លួន ជាដាច់ខាត​។ ប៉ុន្តែ​បច្ចុប្បន្ននេះ សង្កេតឃើញ មាន​គ្លីនិក​ឯកជន​មួយចំនួន មិនបាន​អនុវត្ត​ទៅតាម​សារាចរ​ណែនាំ​របស់ ក្រសួងសុខាភិបាល​ឡើយ ដោយ​នៅតែ​បន្តធ្វើ សកម្មភាព​យក​រថយន្ត​គិលានសង្គ្រោះ គ្លីនិក​ឯកជន​របស់​ខ្លួន ទៅ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរ តាម​ដងផ្លូវ យកមក ព្យាបាល​នៅក្នុង​គ្លីនិក​ទៀត និង​ឃើញ​មាន​ឡានពេទ្យ​ឯកជន មួយចំនួនទៀត ដែល​ពុំមាន ឈ្មោះ​គ្លីនិក ទៅ​ដឹក​អ្នក​គ្រោះថ្នាក់​ចរាចរ និង​សាកសព​គ្រោះថ្នាក់​ចរាចរ នៅតាម​ដងផ្លូវ រហូតដល់​មានការ​ឈ្លោះប្រកែក ដណ្ដើម​គ្នា​ដឹក យ៉ាង​អនាធិបតេយ្យ ដែលជា​កត្តា​មួយ ជះឥទ្ធិពល​មិនល្អ ដល់​វិស័យ​សុខាភិបាល​ទាំងមូល និង​សេចក្ដីថ្លៃថ្នូរ​បស់​គ្រូពេទ្យ​ដទៃទៀត ហើយ​ក៏មាន​រថយន្ត​គិលានសង្គ្រោះ​មួយចំនួនទៀត ដែល​ពុំមាន​អាជ្ញា​បណ្ណ ពី​ក្រសួងសុខាភិបាល និង​ពុំមាន​ឈ្មោះ​គ្លីនិក ច្បាស់លាស់ ដែល​កំពុង​ធ្វើចរាចរ នៅតាម​ដងផ្លូវ​។​

​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​ចាត់វិធានការ យ៉ាង​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​បំផុត ចំពោះ​គ្រប់​ម្ចាស់​គ្លីនិក​ឯកជន ដែល​បាន​យក​រថយន្ត​គិលានសង្គ្រោះ ឬ​ឡានពេទ្យ​របស់ខ្លួន ទៅ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរ ឬ​សាកសព​តាម​ដងផ្លូវ ខុសច្បាប់ ដែល​ក្រសួងសុខាភិបាល បាន​ហាមឃាត់ និង​រថយន្ត​គិលានសង្គ្រោះ​ដទៃទៀត ដែល​ពុំមាន​អាជ្ញា​បណ្ណ ពី​ក្រសួងសុខាភិបាល តាម​ការគួរ​៕/V