ដោយ​: ភ្នំ​សន្ទុក / កំពង់ធំ: នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា ចាន់​កុសល ស្នងការរង​នគរបាល​ខេត្ត ជា​ប្រធាន​ក្រុមការងារ​ទទួលខុសត្រូវ នៅ​ឃុំ​ផាត់​សណ្តាយ និង​សហការ​រី​បាន​ដឹកនាំ​ក្រុមការងារ​ប្រចាំការ​អនុវត្ត​បទបញ្ជា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប ឈរជើង​នៅ​ចំណុច​ផាត់​សណ្តាយ​។ ការចេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ នៅត្រង់ចំណុច​ចាប់ពី បឹង​ម៉ា ដល់​បឹង​កំភ្លាញ​ធំ ក្នុងភូមិ​សាស្ត្រ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា ចាន់​កុសល និង​ក្រុមការងារ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប ដែល​ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ហួស​ដែន​កំណត់​កំពុងតែ​បំផ្លាញ​នូវ​ធនធានធម្មជាតិ​កើតឡើង​វិញ នៅ​បឹង​ទន្លេសាប លទ្ធផល​មានដូចជា​៖ បង្ក​សំណុំរឿង​បាន​ចំនួន​០១​ករណី បាន​ចុះ​រុះរើ​បំផ្លាញចោល​វត្ថុតាង​នៅ​និង​កន្លែង​រួមមាន របាំង​សាច់​អួន​ក្រឡា​ញឹក ចំនួន​៥​របាំង​ប្រវែង​១៥០០​ម៉ែត្រ ឡុ​ក​ចំនួន​១០​គ្រឿង លប​លូ​ចំនួន​១៥​មាត់ បង្គោល​ចំនួន​៨០០​ដើម ចាក់​លែង​ត្រី​ស្រស់​ចំរុះ​ចំនួន​១៥​គី​ឡុ​ក្រាម ចូល​ទន្លេ​វិញ ។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា ចាន់​កុសល បាន​សំណូមពរ​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ដែល​នេសាទ​នៅ​រដូវ​ត្រី​ពង​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ក្រុមការងារ​នៅតែ​បន្ត​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប​។ អ្វីដែល​ព្រួយបារម្ភ ការបំផ្លាញ​នៅ​ធនធានធម្មជាតិ យើងទាំងអស់គ្នា​ចូលរួម​ទប់ស្កាត់ និង​ការពារ ថែរក្សា​ឲ្យ​បានជា​និរន្តរ៍​៕​