​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែម​)៖ យោធា​ចិន​នៅ​ថ្ងៃ​ចន្ទ​ទី​១៥​សីហា​នេះ​បាន​និយាយថា​ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​បន្ថែម​នៅក្បែរ​កោះ​តៃវ៉ាន់ នៅពេល​សមាជិកសភា​អាម៉េរិក​មួយក្រុម​កំពុង​ធ្វើ​ទស្សន​​កិច្ច​កោះ​តៃវ៉ាន់​និង​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី សាយ អ៊ីង​វិន របស់​កោះ​នេះ​។​

​សមាជិក​សភា​អាម៉េរិក​ប្រាំ​រូប ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក​លោក អេ​ដ ម៉ា​គី បាន​ទៅដល់​ទីក្រុង​តៃប៉ិ​ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាសប្រាប់​មួយ​កាលពី​ថ្ងៃអាទិត្យ ។​វា​ជា​ដំណើរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​លើក​​ទី​ពីរ​បន្ទាប់​ពី​ប្រធានសភា​អាម៉េរិក​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី ដឹកនាំ​គណៈប្រតិភូ​សភា​មួយ​មក​កាន់​កោះ​ដែល​ជា​ទឹកដី​របស់​ចិន​មួយ​នេះ​កាលពី​ដើម​ខែ​សីហា ដែលនាំអោយ​ចិន​ច្រឡោតខឹង​និង​ធ្វើ​សម​​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​ប្រជាធិបតេយ្យ​នេះ​។​

​បញ្ជាការ​យោធភូមិភាគ​បូព៌ា​របស់​កងទ័ព​រំដោះ​ប្រជាជន​បាន​និយាយថា កងឯកភាព​ទ័ព​ចិន​ដែល​ទទួលខុសត្រូវ​តំបន់​ជាប់​តៃវ៉ាន់ បានធ្វើការ​ល្បាត​ប្រយុទ្ធ និង​ការហ្វឹកហាត់​ប្រយុទ្ធ​រួមគ្នា​នៅក្នុង​សមុទ្រ​​និង​ដែនអាកាស​ជុំវិញ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ​។​សមយុទ្ធ​នេះ ជា​«​ការហាត់​រារាំង​អាម៉េរិក​និង​តៃវ៉ាន់​កុំ​អោយ​បន្ត​លេង​ល្បិច​នយោបាយ​និង​បំផ្លាញ​សន្តិភាព​ព្រមទាំង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​ការពារ​ជាតិចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ដំណើរ​របស់​សមាជិក​សភា​មួយក្រុម​នេះ ជ្រៀតជ្រែក​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ចិន ហើយ​បង្ហាញ​​មុខមាត់​ពិត​របស់​អាម៉េរិ​ក ថា​ជា​អ្នក​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​វា​បន្ថែម​ថា «​កងទ័ព​រំដោះប្រជាជន​ចិន​បន្ត​ហ្វឹកហាត់​និង​ត្រៀម​សំរាប់​សង្គ្រាម ការពារ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ខ្លួន​ដាច់ខាត ហើយ​នឹង​កំទេច​ការ​បំបែក​ខ្លួន​នៃ​កម្លាំង​ទាមទារ​ឯករាជ្យ​តៃវ៉ាន់​ក្នុង​​ទំរង់​ណាមួយ ព្រមទាំង​ការជ្រៀតជ្រែក​ពី​បរទេស​»​។​

​រថក្រោះ​ចុះ​ទឹក​ក៏​បាន​ឡើង​គោក​ក៏​បាន​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចូលរួម​ក្នុង​សមយុទ្ធ​វាយប្រហារ​មួយ​នៅ ក្នុង​ខេត្ត​ហ្វ៊ុយ​ជៀន កាលពី​ថ្ងៃ​១៤​សីហា

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​តៃវ៉ាន់​បាន​និយាយថា តៃវ៉ាន់​មិន​ញញើត​នឹង​ចម្លើយ​តប​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​ពី​មិត្ត​បរទេស​ដូច្នេះ​ឡើយ​៕

​ក្រុម​សមាជិកសភា​អាម៉េរិក​ចុងក្រោយ​នេះ​បាន​ចូលជួប​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​