​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​សម្រាប់​វគ្គ​ជួញដូរ​ទី​ពីរ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​សីហា​ខណៈ​ទិន្នន័យ​សេដ្ឋកិច្ច​ចិន​ខ្សោយ​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​អំពី​តម្រូវការ​របស់​​អ្នក​នាំ​ចូល​ប្រេង​ឆៅ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ ខណៈ​អ្នក​នាំចេញ​ប្រេង​កំពូល​របស់​ពិភពលោក​គឺ​ក្រុមហ៊ុន Saudi Aramco បាន​និយាយថា ខ្លួន​ត្រៀម​ជា​ស្រេច​ដើម្បី​បង្កើន​ទិន្នផល​។​

​ប្រេង​ឆៅ​របស់​ទីផ្សារ Brent បាន​ធ្លាក់ចុះ ១,១៤ ដុល្លារ ឬ ១,២% មក​នៅត្រឹម ៩៧,០១ ដុល្លារ​ក្នុង​មួយ​បារ៉ែល​គិត​ត្រឹម​ម៉ោង ០៦៖៣១ ម៉ោង​សកល បន្ទាប់ពី​បាន​ធ្លាក់ចុះ ១,៥% កាលពី​ថ្ងៃ​សុក្រ​។ ប្រេង​ឆៅ​នៅ​ទីផ្សារ​អាម៉េរិក West Texas Intermediate មានតម្លៃ ៩១,០៣ ដុល្លារ​ក្នុង​មួយ​បារ៉ែល គឺ​ធ្លាក់ចុះ ១,០៦ ដុល្លារ ឬ ១,២% បន្ទាប់​ពី​ធ្លាក់ចុះ ២,៤% នៅក្នុង​វគ្គ​ជួញដូរ​មុន​នោះ​។​

​ទិន្នន័យ​រដ្ឋាភិបាល​បានបង្ហាញ​ថា សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​មិន​នឹកស្មាន​ដល់​ក្នុង​ខែកក្កដា ខណៈ​ទិន្នផល​រោងចក្រ​ចម្រាញ់​ប្រេង​បាន​ធ្លាក់ចុះ​មក​នៅត្រឹម ១២,៥៣ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែ​មីនា​ឆ្នាំ ២០២០​។​

​លោក ហេ​រ៉ូន លីន (Heron Lin) អ្នក​សេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន Moody’s Analytics បាន​និយាយថា​”​ទិន្នន័យ​ផ្លូវការ​បង្ហាញថា​តម្រូវការ​ប្រេង​កំពុង​ធ្លាក់ចុះ​ដោយសារ​ភស្តុភារ​ក្នុងស្រុក​និង​​តម្រូវការ​អ្នក​ប្រើប្រាស់​ត្រូវ​បាន​រារាំង​ដោយ​តម្លៃ​ប្រេង​ដែល​បូម​ខ្ពស់​ពេក​”​។​

​លោក​បាន​បន្ថែមថា តម្រូវការ​ប្រេង​អាច​ស្ថិត​នៅលើ​ទិសដៅ​ធ្លាក់ចុះ​រហូតដល់​ចុងឆ្នាំ​នេះ ខណៈ​ការ​គំរាម​នៃ​ការ​រឹតត្បិត​ទប់ស្កាត់​កូវី​ដ​១៩​បាន​លើកទឹកចិត្ត​ឱ្យ​មាន​ការ​សន្សំ​លុយ​និង​កាត់បន្ថយ​​ការប្រើប្រាស់​ប្រេង​។​

​នាយក​ប្រតិបត្តិ​លោក អា​មីន ណាស​សឺ (Amin Nasser)​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន Saudi Aramco​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការបង្កើន​ទិន្នផល​ប្រេង​ឆៅ​ដល់​​សមត្ថភាព​អតិបរមា​របស់​ខ្លួន​ចំនួន ១២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ប្រសិនបើ​រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត​ស្នើសុំ​ឱ្យធ្វើ​ដូច្នេះ​។​

​លោក​ណាស​សឺ​បាន​និយាយថា “​យើង​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​យើង​ក្នុង​ការបង្កើន​ទិន្នផល​ប្រេង​រហូតដល់ ១២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅពេល​ណា​មាន​តម្រូវការ​ឬ​ការអំពាវនាវ​ពី​រដ្ឋា​ភិ​​បាល​ឬ​ពី​ក្រសួង​ថាមពល​ដើម្បី​បង្កើន​ផលិតកម្ម​របស់​យើង​” ។ លោក​បាន​បន្ថែមថា​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ជំងឺ​កូវី​ដ​១៩​នៅ​ចិន​និង​ការកើនឡើង​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​អាច​បន្ថែម​​តម្រូវការ​៕