ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៤ ខែសីហា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រៀបចំ​វេទិកា​អន្តរ​ជំនាន់​ចុង​សប្តាហ៍​ស្ដីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​ដោយមាន​ការចូលរួម​របស់​យុវ​សិស្ស​មកពី​វិទ្យាល័យ​ឈី​ន លាន ហាន់ជ័យ​។

វេទិកា​អន្តរ​ជំនាន់​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ជំរុញ​ឲ្យ​ការយល់ដឹង​របស់​យុវ​សិស្ស​បន្ថែម​លើ​ប្រវត្តិ សាស្ត្រ​ខ្មែរក្រហម​។ ជា​កិច្ច​ចាប់ផ្ដើម លោក ស៊ា​ង ចិន្ដា នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បានទទួល​ស្វាគមន៍ និង ដឹកនាំ​យុវ​សិស្ស​ចូល​ទស្សនា​ផ្ទាំង​ពិព័រណ៍​ធំៗ​ស្តីពី​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម ការជម្លៀស​ប្រជាជន និង​ការធ្វើការងារ​នៅ​ការដ្ឋាន និង​ពិព័រណ៍​រូបភាព​អំពី​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​ខេត្តកំពង់ចាម ចងក្រង​ដោយ​អ្នកស្ម័គ្រចិត្ត​កម្ពុជា​។

សិស្សានុសិស្សទស្សនាផ្ទាំងពិព័រណ៍ដាក់តាំងនៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។
(ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

ឆ្លៀត​ក្នុងឱកាស​នេះ យុវ​សិស្ស​បន្ត​ចូល​ទស្សនា បន្ទប់​ឯកសារ​ខ្មែរក្រហម​ដែល​ផ្ទុក​ឯកសារ​រាប់សែន​ទំព័រ​។ កម្មវិធី​បន្ទាប់ គឺជា​ការចាក់​បញ្ចាំង​វីដេអូ​ឯកសារ ដែលមាន​ចំណងជើង​ថា «​កុំ​ស្មាន​បង​ភ្លេច​» ដែល​បង្ហាញ​អំពី​តន្ត្រី វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ យុវ​សិស្ស​ទាំងអស់​ទស្សនា​វីដេអូ​ឯកសារ​ដែលមាន​រយៈពេល​ជិត​២​ម៉ោង​នេះ ជា​លើកដំបូង​ដោយ​យកចិត្តទុកដាក់​។

​ជា​កិច្ច​បន្ត ទេព សារី ដែលជា​អតីត​សិល្បករ​ជំនាញ​ប្រើប្រាស់​ឧបករណ៍​ទ្រអ៊ូ ទ្រសោរ និង​ជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រំឭក​អំពី​សាវតារ និង​បទពិសោធន៍​ជីវិត​របស់គាត់​មុន និង​ក្នុង​របប​ខ្មែរក្រហម ដូចជា​ការ​បែក​ចេញពី​ក្រុមគ្រួសារ ការហូបចុក​មិន​គ្រប់គ្រាន់ ការធ្វើ​កម្លាំង​ពលកម្ម និង​ការ​រស់នៅក្នុង​ភាពភ័យខ្លាច​។ ទេព សារី បញ្ជាក់ថា​៖ ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៥២ ក្នុង​គ្រួសារ កសិករ​នៅ​ភូមិ​ពន្លៃ​ចក ឃុំ​មៀន ស្រុក​អូ​រាំង​ឪ​។ នៅ​អាយុ​៦​ឆ្នាំ ខ្ញុំ​ពិការភ្នែក​ទាំងសងខាង ព្រោះ​ខ្ញុំ​មាន​ជំងឺ​ពិស​កុក​។ ខ្ញុំ​មិនអាច​ទៅ​រៀន​បានទេ គ្រាន់តែ​នៅផ្ទះ​ជាមួយ​ឪពុកម្ដាយ​ប៉ុណ្ណោះ​។ នៅ​អាយុ​១០​ឆ្នាំ ខ្ញុំ​ចាប់ផ្ដើម​រៀន​ប្រើប្រាស់ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ជំនាញ​ផ្នែក​ទ្រអ៊ូ និង​ទ្រសោរ​។ បន្ទាប់ពី រៀន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខ្ញុំ​អាច​ដើរលេង​ភ្លេង​បាន​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​។ ពេលនោះ គឺជា​សម័យ​សង្គមរាស្ត្រនិយម​។ បន្ទាប់ពី​មាន​រដ្ឋប្រហារ លន់ នល់ នៅ​ឆ្នាំ​១៩៧០​មក ភូមិ​របស់ខ្ញុំ​គឺជា​សមរភូមិ​ប្រទាញប្រទង់​រវាង​ទាហាន លន់ នល់ និង​កងទ័ព រំដោះ​ខ្មែរក្រហម និង​ក្រោយមក​ត្រូវបាន​រំដោះ​។

សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ថតរូបជុំគ្នានៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។
(ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលនោះ ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​។ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចូលទៅ​ព្រៃម៉ាគី​តស៊ូ​ជាមួយ​អ្នកភូមិ​ផ្សេងទៀត​។ ដោយសារតែ​ពិការភាព និង​ជំនាញ​សិល្បៈ​របស់ខ្ញុំ ខ្ញុំ​ត្រូវ​បានដាក់​ឲ្យ​បម្រើ​ក្នុង​កង​សិល្បៈ​ខ្មែរក្រហម​។ ខ្ញុំ​អាចធ្វើ​ដំណើរ​ចុះឡើង​បាន​ដោយ​ប្រើប្រាស់​ដំបង​ឈើ និង មានពេលខ្លះ​សម​មិត្ត​នៅក្នុង​កង​សិល្បៈ​ជួយ​ដឹក​ដៃ​ដើរ​។
​រហូតដល់​ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​ផ្លាស់​ទៅធ្វើ​ការ​សហករណ៍​នៅ​ម្ដុំ​សួង​។ នេះ​គឺជា​ការចាប់ផ្ដើម​រង​ទុក្ខលំបាក ពីព្រោះ​ខ្ញុំ​ត្រូវ​ធ្វើការ​នៅក្នុង​កង​សិល្បៈ​ផង និង​នៅ​វាលស្រែ​ផង​។ ខ្ញុំ​ត្រូវ​បានកំណត់​ឲ្យ​ធ្វើការ​ជីកដី ដូច​ប្រជាជន​ដទៃ​។ ចំណែកឯ របប​អាហារ​វិញ​គឺ​មិន​គ្រប់គ្រាន់​នោះឡើយ​។ ខ្ញុំ​បាន​រួច​ផុតពី​សេចក្ដី​អត់ឃ្លាន បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ដើមឆ្នាំ​១៩៧៩​។

​បន្ទាប់ពី ការចែករំលែក​រឿងរ៉ាវ​ជីវិត​របស់​វាគ្មិន​មក យុវ​សិស្ស​ទាំងអស់​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ចេតិយ​រំឭក​សម្រាប់​សហគមន៍​ស្ថិតនៅ​វាលស្រែ​ក្នុងភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម​។ ក្នុងឱកាស​ចុះមក​កាន់​ទីតាំង​ចេតិយ​នេះ យុវ​សិស្ស ជួប​និយាយ​ជាមួយ​អ្នក​រស់​រានមាន ជីវិត​ពីរ​បប​ខ្មែរក្រហម​គឺ អៀង សារឿន ដែល​បាន​រៀបរាប់​អំពី​បទពិសោធន៍​រស់នៅ និង​ការសម្លាប់ ប្រជាជន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​គគរ​។ ក្នុងជំនួប​សន្ទនា​ផ្ទាល់​រយៈពេល​៣០​នាទី យុវ​សិស្ស​ស្គាល់​អំពី​ទីតាំង​ធ្វើ​ទារុណកម្ម សួរចម្លើយ និង​សម្លាប់​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម​ដូចជា​៖ ទី​១) វាលស្រែ​នៅ​ភូមិ​ចំការ​សាមសិប ទី​២) ឡ​ដុត​ថ្នាំជក់ និង ទី​៣) មន្ទីរ​សន្តិសុខ​គគរ​ដែល​ស្ថិតនៅក្នុង​វត្ត​គគរ​។

​បន្ទាប់ពី​ការនិយាយប្រាប់​របស់ អៀង សារឿន យុវ​សិស្ស​បាន​សួរ​សំណួរ​ជាច្រើន​ទៅកាន់​វាគ្មិន​។ សិស្ស​ឈ្មោះ គុណ ស្រី​និ​ច រៀន​ថ្នាក់​ទី​១២-C មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម នៃ​វិទ្យាល័យ ឈី​ន លាន ហាន់ជ័យ បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា​៖ ខ្ញុំ​ធ្លា​ប់រៀន​មេរៀន​ប្រវត្តិសាស្ត្រ​នៅក្នុង​ថ្នាក់ ទាក់ទង​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ​។ ខ្ញុំ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ជាច្រើន តាមរយៈ​ផ្ទាំង​រូបភាព និង​វីដេអូ​ឯកសារ​។ ខ្ញុំ​កាន់តែ​យល់​ពី​ទុក្ខលំបាក​របស់​ប្រជាជន​ក្នុង​របប​ខ្មែរក្រហម​នៅពេល​លោក​អ៊ំ​សារី បាន​ចែករំលែក​បទពិសោធន៍​ជីវិត​របស់គាត់​។ សិស្ស​ឈ្មោះ ឃាង ម៉េង​លាង រៀន​ថ្នាក់​ទី​១២-C មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម នៃ​វិទ្យាល័យ ឈី​ន លាន ហាន់ជ័យ ចែករំលែក​ទស្សនៈ​រប​ស់​ខ្លួន​ថា​៖ ខ្ញុំ​យល់ដឹង​កាន់តែច្រើន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម បន្ថែម​។ ខ្ញុំ​មានការ​ឈឺចាប់ និង​ការអាណិតអាសូរ​ដល់​ប្រជាជន​កម្ពុជា​ដែល​ឆ្លងកាត់​សង្គ្រាម និង​របប​ខ្មែរក្រហម​។ ខ្ញុំ​បានដឹង​អំពី​ការធ្វើការងារ​ហួសកម្លាំង ការហូប​មិន​គ្រប់គ្រាន់ ការកាប់សម្លាប់ និង​ការ​រស់នៅក្នុង​ភាពភ័យខ្លាច​នៅក្នុង​របប​ខ្មែរក្រហម​។ ការចំណាយ​ពេលវេលា​ស្វែងយល់​អំពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នាពេល​ចុង​សប្ដាហ៍​នេះ គឺ​ពិតជា​ល្អ​ណាស់​សម្រាប់​ខ្ញុំ និង​សិស្សានុសិស្ស​ផ្សេងទៀត​។ ខ្ញុំ​សូម​អរគុណ​ដល់​លោកគ្រូ និង​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​រៀបចំ​កម្មវិធី​នេះ​ឡើង​។

សិស្សានុសិស្សទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច» នៅក្នុងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ (ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

​សិស្ស​ឈ្មោះ ចម្រើន ស្រី​ម៉ី រៀន​ថ្នាក់​ទី​១២-C មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម នៃ​វិទ្យាល័យ ឈី​ន លាន ហាន់ជ័យ ចែករំលែក​អំពី​ចំណេះដឹង​ដែល​ខ្លួន​ទទួលបាន​ថា​៖ នេះ​គឺជា​លើក​ទី​១​ដែល​ខ្ញុំ​ចូលរួម កម្មវិធី​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នាពេល​ចុង​សប្ដាហ៍​នេះ​។ ខ្ញុំ​មានការ​យល់ដឹង​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ បន្ថែម​លើ​នេះ​ទៀត ខ្ញុំ បាន​ទៅដល់​ទីតាំង​ចេតិយ​រំឭក​សម្រាប់​សហគមន៍ និង​ដឹង​ទីតាំង​សម្លាប់​រង្គាល​របស់​ខ្មែរក្រហម​។ ខ្ញុំ នឹង​សួរនាំ​ជីតា​របស់ខ្ញុំ​ពីបទ​ពិសោធន៍​ដែល​គាត់​បាន​ឆ្លងកាត់​នៅក្នុង​របប​ខ្មែរក្រហម​។ សិស្ស​ឈ្មោះ សុខ​ខេង រក្សា រៀន​ថ្នាក់​ទី​១២-E មុខវិជ្ជា​វិទ្យាសាស្ត្រ​សង្គម នៃ​វិទ្យាល័យ ឈី​ន លាន ហាន់ជ័យ យល់ឃើញថា​៖ ការចូលរួម​កម្មវិធី​នេះ​គឺ​ពិតជា​ល្អ​ណាស់ ពីព្រោះ​ខ្ញុំ​ទទួលបានចំណេះ ដឹង​ថ្មីៗ​បន្ថែម​លើ​អ្វីដែល​ខ្ញុំ​រៀន​នៅក្នុង​ថ្នាក់​។ ខ្ញុំ​ទស្សនា​វីដេអូ​ឯកសារ ស្ដាប់​ការនិយាយ​ប្រាប់ អំពី​បទពិសោធន៍​ជីវិត​របស់​អ្នក​រស់​រានមាន​ជី​វីត​ពីរ​បប​ខ្មែរក្រហម និង​ទស្សនកិច្ច​ទៅកាន់​ស្ដូប​រំឭក​សម្រាប់សហគមន៍ដើម្បី​រំឭក​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​ពេញចិត្ត​ចំពោះកម្មវិធី​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នាពេល​ចុង​សប្ដាហ៍​នេះ​៕សរន
អត្ថបទ និង រូបថត ៖ ទូច វ​ណ្ណេ​ត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​

សិស្សានុសិស្សទស្សនាពិព័រណ៍រូបថតដាក់តាំងនៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។
(ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សានុសិស្សស្តាប់លោក ទេព សារី កូតទ្រ និងរៀបរាប់បទពិសោធន៍ជីវិតជាជនពិការឆ្លងកាត់របបខ្មែរក្រហម។(ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សានុសិស្សកំពុងមើលឯកសារដម្កល់ទុករាប់សែនទំព័រនៅក្នុងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។(ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សានុសិស្សថតរូបជុំគ្នានៅខាងមុខមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។
(ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូទស្សនកិច្ចចេតិយរំឮកសម្រាប់សហគមន៍។(ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សានុសិស្សថតរូបជុំគ្នានៅចេតិយរំឮកសម្រាប់សហគមន៍។(ទូច វណ្ណេត / មជ្ឈមណ្ឌលឯកសារកម្ពុជា)