​ដោយៈ​សុផល​/​សៀមរាប​៖ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់ (CFC) និង​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌ “​ជិះ​កង់​ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ ឆ្នាំ​ទី​៨” ដែល​បាន​ប្រព្រឹត្តឡើង​នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២​ដោយមាន​ការចូលរួម​ប្រមាណ ១០០០​នាក់​

​ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​រៃអង្គាស​ថវិកា​ពី​សាធារណជន វិស័យ​ឯកជន និង​ស្ថាប័ន​នានា​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដែលមាន​បេសកកម្ម​ព្យាបាល និង​ជួយសង្គ្រោះ​អាយុជីវិត​របស់​កុមារ​កម្ពុជា ប្រកបដោយ​គុណភាព ក្តីមេត្តា​ករុណា និង​មិន​គិត​កម្រៃ​។ មន្ទីរពេទ្យ​កុមារ​អង្គរ​គឺ​ពឹងផ្អែក​ទៅលើ​ជំនួយ​សប្បុរសធម៌​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​បើក​បំរើសេវា​សុខភាព​ជូន​កុមារ​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។​ទោះបី​ជាមាន​បញ្ហា​កង្វះ​ថវិកា​នៅក្នុង​ដំណើរការ​ប្រតិបត្តិ​យ៉ាងណាក៏ដោយ មន្ទីរពេទ្យ​មួយ​នេះ មិនដែល​រួញរា​នឹង​ស​ង្ក្រោះ​អាយុជីវិត​កុមា​រណា​ម្នាក់​នោះ​ឡើង​។​

ជាមួយ​គុណ​តម្លៃ និង​ទឹកចិត្ត​ក្នុងការ​ចូលរួម​ទ្រទ្រង់​ដល់​ដំណើរការ​ប្រចាំថ្ងៃ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ មី​ជាតិ បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ធំ​នៅក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌ នេះ​។​

​លោក សោមនស្ស វិបុល ប្រធាន​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា “​មី​ជាតិ ពិត​ជាមាន​សេចក្តី​រីករាយ ដែល​បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ជាថ្មី​ម្តងទៀត ។ ព្រឹត្តិការណ៍​ឆ្នាំ​ទី​៨​នេះ នឹង​នៅ​បន្ត​ជា​និមិត្តរូប នៃ​ស្មារតី​សាមគ្គី ការរួបរួម​គ្នា និង​ការបង្ហាញ​ក្តី​ស្រលាញ់ របស់​ប្រជា​ជាតិខ្មែរ ។ ខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ នឹង​បន្ត​ចូលរួម​គាំទ្រ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ ដើម្បី​បុ​ព្ធ​ហេតុ​កុមារ​កម្ពុជា ។ បន្ថែម​ពីនេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បន្ត​ផ្តល់​ការគាំទ្រ និង​ប្រើប្រាស់​ផលិតផល​មី​ជាតិ ដែលមាន​ច្រើន​ជម្រើស និង​រសជាតិ ក៏ដូចជា​ផលិតផល​ខ្មែរ​ដទៃទៀត ដែល​នេះ​បានបង្ហាញ​ពី​ស្មារតី​នៃ​ការគាំទ្រ​ផលិតផល​ក្នុងស្រុក និង​រួម ចំណែក​លើកកម្ពស់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏ដូចជា​មោទនភាព​របស់​ជាតិ​យើង ។​”

 

​លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ជិះ​កង់​នាពេលនេះ គឺជា​សកម្មភាព​មនុស្ស​ធម៌​ដ៏​ពិសេស​មួយ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុងការ​ចូលរួម​ថែរក្សា​បរិស្ថាន និង​សុខភាព ជាពិសេស​គឺ​ការចូលរួមចំណែក​ក្នុងការ​បរិច្ចាគ​នូវ​ថវិកា ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា ។ លោក បន្តថា បច្ចុប្បន្ន​មន្ទីរពេទ្យ​កុមារ​អង្គរ កំពុងមាន​ភាព​មមាញឹក​ក្នុងការ​ជួយសង្គ្រោះ និង​ព្យាបាល​ជំងឺ​ដល់​កុមារ ដែល​កំពុងមាន​ការកើនឡើង​ឥតឈប់ឈរ ហើយ​ក្នុងនោះ​មាន​តម្រូវ​ការព្យាបាល​ដោយ​ឯកទេស​ជំនាញ មាន​ចំនួន​កាន់តែច្រើន ដែល​ជំងឺ​ទាំងនោះ​មានដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធ​ប្រសាទ ជំងឺ​ទារក និង​ជំងឺ​មួយចំនួនទៀត ។​

​គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍​នា​ឆ្នាំនេះ​ទទួលបាន​ការចូលរួម​ពី​សាធារណជន ក្រុមហ៊ុន​ឯកជន និង​សា្ថ​ប័ន​នានា ប្រមាណ ១០០០​នាក់ ដែល​ការ​ជិះ​កង់​នេះ ចាប់​ផ្តើម ចេញពី គ្រឹះស្ថាន​អង្គរ​(​នៅ​ផ្លូវ​៦០ ម៉ែត្រ​) ឆ្ពោះទៅ​ឧទ្យាន​ព្រៃអង្គរ ជាមួយ​ការឆ្លងកាត់​ប្រាសាទបាយ័ន លានជល់ដំរី សំដៅទៅ​សាលាបឋមសិក្សា​នគរ​ក្រៅ ដែលជា​ទីតាំង​បញ្ចប់​កម្មវិធី បន្ថែម​ពីនេះ មី​ជាតិ​ក៏បាន​ចូលរួម​ផ្តល់​ជា​កញ្ចប់​អំណោយ​ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​នគរ​ក្រៅ​ផងដែរ​។​ក្នុងនាម​ជា​ផលិតផល​ជាតិ មី​ជាតិ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​គាំទ្រ​សកម្មភាព​សប្បុរសធម៌​នានា ក៏ដូចជា​ផលិតផល​ជាតិ​ដើម្បី​រួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ ឆ្លើយ តប​នឹង​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា មី​ជាតិ​ប្តេជ្ញាចិត្ត​បន្ត​ចូលរួមចំណែក​ក្នុង​សកម្មភាព​សង្គម និង​សប្បុរសធម៌​នានា​បន្ថែមទៀត​៕Ph