​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ៊ីរ៉ង់ “​បដិសេធ​យ៉ាង​ដាច់អហង្ការ​” នៅ​ថ្ងៃ​ចន្ទ ទី​១៥ សីហា​នេះ​ចំពោះ​ការជាប់​ពាក់ព័ន្ធ​ណាមួយ​ជាមួយ​ជន​វាយប្រហារ ដែល​បាន​ចាក់​អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស លោក សាល់​មែន រុស​ឌី (Salman Rushdie) ឱ្យ​របួស​ធ្ងន់ធ្ងរ​។​

​ផ្ទុយទៅវិញ ទីក្រុង​តេ​ហេ​រ៉ង់​បាន​បន្ទោស​អ្នកនិពន្ធ​ខ្លួនឯង​ផ្ទាល់​ចំពោះ​ឧបទ្ទវហេតុ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក ណាស​សឺ កា​ណា​អា​នី (Nasser Kanaani)​បាន​និយាយ​នៅក្នុង​ប្រតិកម្ម​ផ្លូវការ​លើកដំបូង​របស់​ទីក្រុង​តេ​ហេ​រ៉ង់​ចំពោះ​ការចាក់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ថា “​យើង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការជាប់​ពាក់ព័ន្ធ​ណាមួយ​នឹង​ការវាយប្រហារ​នេះ ហើយ​គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ចោទប្រកាន់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​នោះទេ​”​។​

​លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ថា “​នៅក្នុង​ការវាយប្រហារ​នេះ យើង​មិន​ចាត់ទុក​នរណា​ផ្សេង​ក្រៅ​តែ​ពី​លោក​សាល់​មែន​ខ្លួនឯង​ផ្ទាល់​និង​អ្នកគាំទ្រ​របស់គាត់ ដែល​សម​នឹង​ទទួល​ការស្តីបន្ទោស​និង​សូម្បី​ការ​ថ្កោលទោស​”​។​

“​តាមរយៈ​ការប្រមាថ​ដល់​សាសនា​អ៊ីស្លាម​ដ៏​ពិសិដ្ឋ​និង​ការដើរ​ហួស​បន្ទាត់​ក្រហម​នៃ​ប្រជាជន​មូស្លីម​និង​អ្នក​កាន់​សាសនា​នេះ​ជាង​មួយ​ពាន់​លាន​កន្លះ​លោក​សាល់​មែន​បានធ្វើឱ្យ​ខ្លួន​គាត់​ប្រឈម​នឹង​កំហឹង​​និង​កំហុល​របស់​ប្រជាជន​ទាំងនោះ​”​។​

​លោក​រុស​ឌី អាយុ ៧៥ ឆ្នាំ កំពុង​ពាក់​បំពង់ខ្យល់​ដកដង្ហើម​ជាមួយនឹង​របួសស្នាម​ដោយ​កាំបិត​ជាច្រើន​កន្លែង​បន្ទាប់ពី​គាត់​ត្រូវ​បាន​វាយប្រហារ​នៅឯ​ព្រឹត្តិការណ៍​អក្សរសាស្ត្រ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​​នៅ​រដ្ឋ​ញូវយ៉ក​ភាគ​ខាងលិច​។​

អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស លោក សាល់​មែន រុស​ឌី ត្រូវគេ​ចាក់​ជាច្រើន​កាំបិត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន

​រំលឹក​បន្តិច​ថា​រុស​ឌី អាយុ​៧៥​ឆ្នាំ ត្រូវ​បាន​លេច​មុខមាត់​ដោយសារ​តែ​សៀវភៅ​ប្រលោមលោក​ឈ្មោះថា Midnight’s Children​នៅ​ឆ្នាំ​១៩៨១ ដែល​ទទួលបាន​ការសរសើ​រ​ជា​អន្តរជាតិ និង​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព Booker Prize​របស់​អង់គ្លេស​ដោយសារតែ​ការពណ៌នា​របស់​វា​អំពី​ប្រទេស​ឥណ្ឌា​ក្រោយ​ទទួលបាន​ឯករាជ្យ​។​

​តែ​សៀវភៅ​ប្រលោក​លោក​«​កំណាព្យ​បិសាច​-The Satanic Verses»​នៅ​ឆ្នាំ​១៩៨៨​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ហួស​ក្តី​ស្រម៉ៃ​របស់​លោក​នៅ​ពេល​វា​បង្កកំហឹង​ក្នុងចំណោម​អ្នក​កាន់​សាសនា​អ៊ីស្លាម​និង​នាំ​ដល់​ការចេញ​ក្រិត​សាសនា​ហៅថា​«​ហ្វា​តវ៉ា​»​ដោយ​មេដឹកនាំ​សាសនា​អ៊ីរ៉ង់​លោក​អាយ៉ា​តុឡា រូហុ​លឡា ខូ​មេនី (Ayatollah Ruhollah Khomeini)​អំពាវនាវ​អោយ​មាន​ការ​តាម​សម្លាប់​លោក​។​

​ប្រលោក​លោក​នេះ​ត្រូវបាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​ចាត់ទុកថា​ជា​ការ​ម​ងាយ​ព្យាកា​រី ម៉ូ​ហា​ម៉េដ​៕​