​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ តុលាការ​មី​យ៉ាន់​ម៉ា​មួយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់ទោស​អតីត​មេដឹកនាំ​ស៊ីវិល អ៊ុង សាន ស៊ូ​ជី ចំពោះ​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​បន្ថែមទៀត និង​បាន​​កាត់ទោស​អោយ​លោកស្រី​ជាប់គុក​៦​ឆ្នាំ​បន្ថែម នេះ​បើ​តាម​មន្ត្រី​ច្បាប់​ម្នាក់​។​

​សវនាការ​ធ្វើឡើង​ដោយ​បិទទ្វារ ដោយ​មិន​អោយ​អ្នកសារព័ត៌មាន​ឬ​សាធារណជន​ចូលរួម​ស្តាប់ ។​មេធាវី​របស់​លោកស្រី​ក៏​ត្រូវ​ហាម​មិន​អោយ​ទម្លាយ​ព័ត៌មាន​ជុំវិញ​ស្ថានភាព​ដំណើរការ​ក្តី​របស់​លោកផងដែរ ។​

​ក្នុង​ការចោទប្រកាន់​ពុករលួយ​មួយក្នុងចំណោមការចោទប្រកាន់ចំនួន​បួន​ដែល​ត្រូវបាន​លើក​មក​បើក​សវនាការ​កាលពី​ថ្ងៃ​ចន្ទ លោកស្រី​ស៊ូ​ជី ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​រំលោភ​មុខតំណែង​របស់​លោកស្រី​ដោយ​ជួល​ដី​រដ្ឋ​ក្នុង​តំលៃ​​ក្រោម​ទីផ្សារ​និង​បាន​សង់​ផ្ទះមួយ​ជាមួយ​លុយ​ជំនួយ​សំរាប់​គោលបំណង​សប្បុរសធម៌​។​

លោកស្រី​ត្រូវតុលាការតំរូវអោយទទួលទោស​ជាប់គុក​បី​ឆ្នាំ​ចំពោះ​ការចោទប្រកាន់​មួយៗ​ក្នុងចំណោម​ការចោទប្រកាន់​ទាំង​បួន តែ​ការ​ចោទ​​ប្រកាន់​បី​ត្រូវ​ទទួលទោស​ស្របពេល​គ្នា ដែល​នាំ​អោយ​លោកស្រី​ត្រូវ​ជាប់គុក​បន្ថែមត្រឹម​តែ​៦​ឆ្នាំ​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​លោកស្រី​បាន​បដិសេធ​រាល់​ការចោទប្រកាន់ និង​មេធាវី​របស់​លោកស្រី​នឹង​ប្តឹង​ឧទ្ធរណ៍​។​

​តាមពិត​ស៊ូ​ជី​ត្រូវបាន​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​១១​ឆ្នាំ​រួចស្រេច​ទៅ​ហើយ​ចំ​ពោះ​ទោស​បះបោរ​ប្រឆាំង​អាជ្ញាធរ ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​ការចោទប្រកាន់​ដទៃ​ទៀត​ក្នុង​សវនាការ​មុនៗ​ក្រោយ​ក្រុម​​យោធា​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​និង​ចាប់​ឃុំ​លោកស្រី​ចាប់តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១​មក​។​

​ពួក​អ្នកវិភាគ​និយាយថា ការ​ចោទ​ប្រ​កាន់​ដ៏​ច្រើន​លើ​ជ័យលាភី​ណូបែល​សន្តិភាព​រូប​នេះ​និង​សម្ពន្ធមិត្ត​របស់គាត់ ជាការ​ព្យាយាម​ធ្វើ​អោយ​ការដណ្តើម​អំណាច​ដោយ​យោធា​ទៅ​ជា​ស្របច្បាប់ ហើយ​ក្នុងពេល​​ជាមួយ​គ្នា​កំចាត់​លោកស្រី​ចេញពី​ឆាក​នយោបាយ​មី​យ៉ាន់​ម៉ា នៅ​មុន​ក្រុម​យោធា​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​ខ្លួន​បាន​សន្យាថា​នឹង​ធ្វើ​នៅ​ឆ្នាំក្រោយ​៕

​ពួក​អ្នក​ប្រឆាំង​តវ៉ា​ដើរកាត់​ផ្សារ​មួយ​ជាមួយនឹង​រូប​លោក​ស្រី ស៊ូ​ជី នៅ​ទីក្រុង​យ៉ាងហ្គោន​កាលពី ឆ្នាំ​២០២១​ដោយ​ទាមទារ​អោយ​ដោះលែង​លោកស្រី​