ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអះអាងថា ការចោទប្រកាន់ទៅលើលោក កៅ សារ៉ាណា មេប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បង្ខិតបង្ខំកូនចៅឲ្យយកលុយពីភ្ញៀវបរទេសដែលចូលមកកម្ពុជា គឺជាការមិនពិតនោះទេ។ ការអះអាងបែបនេះ បានធ្វើឡើងបន្ទាប់ពីលោកកៅ សារ៉ាណា បានធ្វើរបាយការណ៍បំភ្លឺជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីមានសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មាន។

លោក កៅ សារ៉ាណា (រូបថតឯកសារ)

លោក កៅ សារ៉ាណា មេប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៥ ខែសីហានេះថា “ករណីនេះ ខ្ញុំបានធ្វើរបាយការណ៍បំភ្លឺជូនទៅនាយកដ្ឋានអន្តោប្រវេសន៍របស់ខ្ញុំ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចរាល់ហើយ ឯកឧត្តមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានធ្វើរបាយការណ៍ជូនទៅក្រសួងមហាផ្ទៃ ក៏ដូចជាបំភ្លឺជូនទៅសម្តេចក្រឡាហោមរួចរាល់ដែរ”។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គ នាយកដ្ឋានអន្តោ ប្រវេសន៍(រូបថតឯកសារ)

ចំណែកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គ នាយកដ្ឋានអន្តោ ប្រវេសន៍បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១៥ ខែសីហា នេះថា “នៅពេលដែលសារព័ត៌មានបានចុះផ្សាយអគ្គនាយកដ្ឋាន បានចាត់ឲ្យនាយកដ្ឋានជំនាញហៅគាត់មកធ្វើការបំភ្លឺ ហើយគាត់បាន ធវើរបាយការណ៍បំភ្លឺ គឺមិនមែនជាការ ពិតទេ ហើយបច្ចុប្បន្ននេះ របាយការណ៍បានមកដល់ដៃឯកឧត្តមអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចហើយ”។

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បានបញ្ជាក់ប្រាប់រស្មីកម្ពុជាដែរ​ថា ចំពោះករណីនេះ នាយឧត្កមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន​ធ្វើរបាយការណ៍ជូនទៅក្រសួង​មហាផ្ទៃ និងជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រួចរាល់​អស់ហើយរឿងលោកកៅ សារ៉ាណា គឺអ្វី​ដែល​ជាការ​ចោទ​ប្រកាន់ គឺជាការមិនពិតនោះទេ។

បើយោងតាមពាក្យបណ្តឹងរបស់បុគ្គលិកបម្រើការនៅអាកាសយានដ្ឋានខេត្តព្រះសីហនុ ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទប្រកាន់លោក កៅ សារ៉ាណា ថា បានឲ្យកូនចៅយកលុយពីភ្ញៀវបរទេសតាមជើងយន្តហោះក្នុងម្នាក់ ១០ដុល្លារ ដោយមន្ត្រីមួយចំនួននោះបានសម្តែងការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកកៅ សារ៉ាណា និងបានចោទប្រកាន់ថា លោកកៅ សារ៉ាណា និងមន្ត្រីមួយចំនួនប្រព្រឹត្តអំពើពុករលួយ៕សរន