ដោយ:បាយ័ន,សុផល/សៀមរាបៈ នៅចុងសប្តាហ៍ថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានភ្ញៀវសរុបចំនួន ២៣៣ ៩៣៣នាក់ បានធ្វើដំណើរកម្សាន្ត។ក្នុងនោះភ្ញៀវជាតិ ២១២ ៣១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១ ៦២០នាក់។

ក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥ ខែសីហាថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទៅទស្សនាមាន: ខេត្តសៀមរាប ៣៨ ២៤៩នាក់, ខេត្តព្រះសីហនុ ៣១ ៥៨៩នាក់ ,ខេត្តកំពត ២៣ ៨១៩នាក់,
ខេត្តបាត់ដំបង ២១ ១៧៧នាក់,ខេត្តកំពង់ស្ពឺ ១៨ ៨២៦នាក់,រាជធានីភ្នំពេញ ១៨ ៣៩៥នាក់
,ខេត្តកែប ១២ ៧២០នាក់,ខេត្តពោធិ៍សាត់ ១១ ៥៤១នាក់និងខេត្តកណ្តាល ១១ ០៨៥នាក់។

ប្រភពដដែលបន្តថាក្នុងរយៈពេល ៤-៥ សប្តាហ៍កន្លងមកនេះ សង្កេតឃើញថាចរន្តភ្ញៀវមានការប្រែប្រែលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់តិចឬច្រើនទៅតាមតំបន់ ជំនន់ទឹកភ្លៀងដោយកន្លែង និងរលកសមុទ្រធំៗ ដែលបានធ្វើចរន្តភ្ញៀវទៅកាន់គោលដៅទេសចរណ៍មួយចំនួនក៏មានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែរ។

បច្ចុប្បន្នក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរមក ទស្សនាច្រើនដង និងការត្រួតពិនិត្យវាយតម្លៃលើកទីពីរនៃគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសការស្តារ និងពង្រឹងឡើងវិញវិស័យធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍នៅគោលដៅសៀមរាប-អង្គរ ដែលជាផ្នែកមួយគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ៕សរន