ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៥ ខែសីហា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី បាន​ដឹកនាំ​កីឡាករ​កម្ពុជា​ចំនួន ២៤​រូប​ចូលរួម​ព្រឹត្តិការណ៍​កីឡាវាយកូនគោល ប្រពៃណី លើក​ទី​១ រវាង​នគរបាល​ថៃ និង​នគរបាល​កម្ពុជា នៅ​ទីលាន​វាយកូនគោល CHATRIUM GOLF RESORT SOI DAO នា​ខេត្ត​ច័ន្ទបូរី ប្រទេស​ថៃ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​មិត្តភាព នគរបាល​ថៃ និង​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២២ ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ។ ចំពោះ​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក Sithiphon Krudnat ប្រធាន​សមា​គ​កីឡាវាកូន​គោល​​​​​ប្រចាំ​​ខេត្ត CHANTHABURI​។ ជា​លទ្ធផល​គឺ​ក្រុម​កីឡាករ​កម្ពុជា​បានទទួល​ជ័យជម្នះ​លើ​កីឡាករ​
​ថៃ​។​

​ការប្រកួត​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ផ្សារភ្ជាប់ រឹតចំណង​មិត្តភាព សាមគ្គីភាព រវាង​នគរបាល​ព្រះរាជាណាចក្រ​ថៃ និង​នគរបាល​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​បន្ថែមទៀត​។​លោក​បាន​គូសបញ្ជាក់ថា​បន្ទាប់ពី​ចប់​ការប្រកួត​នេះ​កម្ពុជា​នឹង​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​លើក​ទី​២ វិញ​ម្ដង ដែល​គ្រោង​រៀបចំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស​ថេត​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់ដឹកនាំ និង​ក្រុម​កីឡាករ​ថៃ ដែល​បានរៀបចំ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ក្រុម​កីឡាករ​កម្ពុជា អស់​រយៈពេល ៣​ថ្ងៃ ដែល​បាន​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​មួយ​នេះ ពោរពេញ​ដោយ​អនុស្សាវរីយ៍ និង​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ទៀតផង​៕​