ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កម្ពុជា​បានប្រកាសថា​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​​រថយន្ដ OFF ROAD គម្រប់​២០​ឆ្នាំ​នៅ​ខេត្ត​កាន់​ឆា​ណាក់​បុរី​ប្រទេស​ថៃ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃ ទី​២៨ ខែសីហា ឆ្នាំ​២០២២ ដោយមាន​៥​ប្រទេស​ចូលរួម គឺ​ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ថៃ​ម្ចាស់ផ្ទះ ព្រមទាំង​មាន​រថយន្ត​សរុប​ចូលរួម​ប្រណាំង​ប្រមាណ​ជាង​១០០​គ្រឿង​ក្នុងនោះ​កម្ពុជា មាន​៣​ក្រុម​ដែលមាន​រថយន្ដ​ចំនួន​៩​គ្រឿង​ចូលរួម មាន​ក្រុម​ខេ​ម​បូ 4×4 , ក្រុម VKH និង​ក្រុម​គោព្រៃ​មណ្ឌលគិរី​។​

​លោក ព្រុំ រស្មី ប្រធាន​ក្រុម​ខេ​ម​បូ 4×4 និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​ក្រុម​រថយន្ត OFF ROAD កម្ពុជា​ចូលរួម​ប្រកួត​នៅ​ប្រទេស​ថៃ​បាន​ថ្លែង​ឲ្យ​ដឹងថា​ការប្រណាំង​ខាងលើនេះ​គឺជា​វិញ្ញាសា​ថ្មី​មួយ​និង​ប្លែក​សម្រាប់​កម្ពុជា​ដោយសារ​កន្លងមក​គឺ​យើង​លេង​ជា​វិញ្ញាសា​ឯកត្តជន ប៉ុន្តែ​កម្មវិធី​ប្រណាំង​នៅ​ថៃ តែ​ពេលនេះ​ត្រូវ​លេង​ជា​ក្រុម​។ ការលេង​ជា​ក្រុម​បែបនេះ ទាមទារ​អោយ​កីឡាករ​ទាំងអស់​ត្រូវ​សា​ម​គ្គី​គ្នា និង​សហការគ្នា​ជា​ក្រុម ដើម្បីអោយ​ការប្រណាំង ឈានទៅ​ដល់ទី​ជា​ក្រុម ទើប​ទទួលបាន​ជ័យជំនះ​។

​លោក​ប្រធាន​ក្រុម​រូបនេះ​បន្តថា​ដើម្បី​ត្រៀមខ្លួន​អោយបាន​ល្អ​ទាំង​៣​ក្រុម​បានធ្វើការ​​ហ្វឹកហាត់​ជា​ក្រុម​តាម​លក្ខណៈ​ដូចតទៅ​៖ ទី​១-​សាកល្បង​កម្លាំង​ម៉ាស៊ីនរថយន្ត​, ទី​២-​សាក​​របៀបការ​ប្រើ​ត្រើយ និង​ទី​៣- សាកល្បង​បច្ចេកទេស​អ្នកបើកបរ និង​ជំនួយការ​អ្នកបើកបរ អោយបាន​ល្អប្រសើរ ធ្វើការ​ប្រណាំង​ជា​ក្រុម នៅ​ព្រឹត្តិការណ៍​ប្រណាំង​កម្រិត​អន្តរជាតិ ឆ្នាំ​២០២២​នេះ​។

​លោក​ព្រុំ រស្មី​បាន​វាយតម្លៃថា ក្រុម​ទាំងមូល​សហការគ្នា​បាន​៧០​ភាគរយ ដោយសារ​​យើង​បាន​សាក​កម្លាំង​ម៉ាស៊ីន សាក​ប្រណាំង​ជា​ក្រុម និង​យល់​ពី​របៀប​នៃ​ការលេង​ជា​ក្រុម​ច្រើន តាមរយៈ​បទពិសោធន៍​នៃ​ការប្រណាំង​កម្រិត​ដល់​ក្រុម​ជាពិសេស​អ្នកបើកបរ និង​ជំនួយការ​អ្នកបើកបរ​។​

​គួរ​បញ្ជាក់ថា​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត OFFROAD ឆ្នាំ​២០២២​នេះ រៀបចំ​ដោយ​ប្រ​​ទេស​ថៃ​។ ការចូលរួម​របស់​ក​ម្ពុ​ជា គឺ​ដើម្បី​ចង់​រឹតចំណង​សាមគ្គីភាព​មិត្តភាព​ជាមួយ​ប្រទេសជិតខាង ពិសេស​ចង់បង្ហាញ​ទៅកាន់​ពិភពលោក​ថា​កម្ពុជា​ក៏​ជាមាន​ធនធាន​កីឡាករ​ក្នុង​វិស័យ​កីឡា​រថយន្ត OFF ROAD នេះដែរ ហើយ​កម្ពុជា នឹង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ចន្លោះ​ពី​លេខ​១ ដល់​លេខ​៥ ពី​ការប្រណាំង​កម្រិត​អន្តរជាតិ​មួយ​នេះ​៕​