​ដោយៈ ទេព មង្គល – មុនី​រ័ត្ន – ភ្នំ​សន្ទុក / ភ្នំពេញៈ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹងធ្វើ​សន្និសីទ សារព័ត៌មាន​មួយ នៅ​ថ្ងៃទី​១៧ សីហា ស្អែកនេះ វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក នៅ​សាលប្រជុំ​នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ស្ថិតនៅ​ភូមិ​ក្ដី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ក្នុង​គោលបំណង​បង្ហាញ អំពី​លទ្ធផល​នៃ ការ​ស៊ើប​ង្កេ​ត​ស្រាវជ្រាវ ករណី​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) និង​ការស្លាប់​របស់​ជនសង្ស័យ​ម្នាក់ ឈ្មោះ សួង ឌ័​ន និង​ការឃាត់ខ្លួន​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចំនួន​ពីរ​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ល្មើស មាន​ជាអាទិ៍ៈ ១-​ឈ្មោះ សុខ ម៉េង​ហុង និង​២-​ឈ្មោះ លុយ តាំង​ឈួ​យ​។ នេះ​បើ​យោង តាម​ការ​ឱ្យដឹងពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន មួយ ចុះ​នៅ​ថ្ងៃ​ចន្ទ​ទី​១៥ ខែសីហា ឆ្នាំ​២០២២​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​ពណ៌នា​ថាៈ កងរាជអាវុធហត្ថ សូម​គោរព​ជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និង​គ្រួសារ​របស់​សព​ឈ្មោះ សួង ឌ័​ន ជ្រាបថា ចាប់ពី​ថ្ងៃទី​៩ ខែសីហា ក្រុមការងារ​ចំពោះ​កិច្ច​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ចុះ​មកដល់​ខេត្តកំពង់ធំ ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​ប្រតិបត្តិការ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) នៅ​ចំណុច​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ហើយនឹង​បិទ​បញ្ចប់​ការស៊ើបអង្កេត ស្រាវជ្រាវ​នេះ​។​

​សង្ខេប​អំពី​ដំណើររឿង​៖ កាលពី​ថ្ងៃទី​០៧ ខែសីហា កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន ចុះ​ប្រតិបត្តិការ ប្រើប្រាស់​កម្លាំង​ចំនួន ១៣​នាក់ មធ្យោបាយ​រថយន្ត ២​គ្រឿង ម៉ូតូ​១​គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សុខ ម៉េង​ហុង មុខងារ​ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​, លោក​អនុសេនីយ៍ឯក លុយ តាំង​ឈួ​យ មុខងារ ជា​ប្រធាន​អង្គភាព​យុត្តិធម៌ និង​មានការ សម្របសម្រួល​ពី​លោក សាយ វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយបាន​ឱ្យ​លោក ឃឿន សុ​លាភ ជា​ក្រឡាបញ្ជី នៃ​អយ្យការ​អម​សាលាដំបូង ខេត្តកំពង់ធំ ចូលរួម​ក្នុង​កិច្ចប្រតិបត្តិការ​នោះ​ផងដែរ​។​

​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ៤​នាក់ និង​ចាប់យក​វត្ថុតាង​ម៉ូតូ ចំនួន​៦​គ្រឿង ទូរទស្សន៍​១ គ្រឿង CPU ចំនួន​១ គ្រឿង បញ្ជូន​ទៅកាន់​បញ្ជាការ​ដ្ឋា​ន កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ប៉ុន្តែ​ក្នុងពេល​កំពុង​ធ្វើ ដំណើរ​តាម​រថយន្ត​ម៉ាក Toyota Sienna មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សួង ឌ័​ន បានទទួល​មរណភាព​។ តាម​ការបញ្ជាក់​របស់​លោក វេជ្ជបណ្ឌិត សុខ មុន្នី​ឧ​ត្ត​ម ថា អ្នកជំងឺ បាន​ស្លាប់​មុននឹង​ដល់​មន្ទីរពេទ្យបង្អែក ស្រុក​បារាយណ៍ សន្ទុក​។​

​អំពី​ចំណាត់ការ​របស់​កងរាជអាវុធហត្ថ បានឃើញ​របាយការណ៍ របស់លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​បានឃើញ គណនី​ហ្វេ​ស ប៊ុ​ក​ឈ្មោះ “Nearadey Din” បាន​បង្ហោះ​ថា “07/08/22 ភូមិ​រូង ឃុំ​ក្រ កំពង់ធំ ឈ្មោះ​សួង ឌ័​ន អាយុ​៤៧​ឆ្នាំ វេលា​ម៉ោង ៥​ល្ងាច គាត់​មកពី​ប្រជុំ​វិញ ចៃដន្យ​ភ្លៀង គាត់​ក៏បាន​ជ្រក​ភ្លៀង នៅ​តូប​កាហ្វេ មិនបាន​ប៉ុន្មាន ស្រាប់​តែមាន​ប៉េអឹម ចាប់​លោកឪពុក​ខ្ញុំ ទៅ​សង្កត់​ត្រង់ចំណុច ក រហូត​គាត់​ដកដង្ហើម​មិន​ចេញ គាត់​ក៏​ស្រែក​ឱ្យគេ យកទៅ​ពេទ្យ តែ​បែរ​គិតថា ពុក​ខ្ញុំ​យក​លេស​ទៅវិញ​ទៀត រហូត​គាត់​ផុតដង្ហើម​លើ​ឡាន អនុវត្ត​ច្បាប់ តែ​គ្មាន​ទំនួល​ខុសត្រូវ អយុត្តិធម៌​ណាស់​សម្រាប់​គ្រួសារ​ខ្ញុំ ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ផង (​គាត់​ជាម​នុស្ស​ស្លូតត្រង់ ស្រលាញ់​គោរព​អ្នកភូមិ អ្នកណា​ក៏​ស្រលាញ់​ចូលចិត្ត​គាត់​គ្រប់គ្នា គាត់​ក៏​មិន​ព្រម ដោយ​គ្មាន​យុត្តិធម៌​បែបនេះ ដូចគ្នា​)”​។​

​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​បញ្ហា​ការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីសម្រេច លេខ ១០២/២០២២ សសរ​, ស្តីពី​ការបង្កើត​ក្រុមការងារ ចំពោះ​កិច្ច ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាវជ្រាវ នូវ​បាតុភាព​មិន​ប្រក្រតី ក្នុងការ​ប្រតិបត្តិ​តួនាទី ភារកិច្ច​ពាក់ព័ន្ធ​នឹង​ករណី​យោធិន នៃ​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ​។​

​អំពី​ការអនុវត្ត​ច្បាប់​៖ ក្រោយពី​ក្រុមការងារ​ចំពោះ​កិច្ច បានធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត តាម​នីតិវិធី​រួចមក – ជំនាញ​មន្ត្រីនគរបាល​យុត្តិធម៌ បាន​សុំ​គោលការណ៍​ឃាត់ខ្លួន​យោធិន កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ល្មើស ចំនួន​០២​រូប មាន​ជាអាទិ៍​៖ ១-​ឈ្មោះ សុខ ម៉េង​ហុង ឋានៈ​អនុសេនីយ៍ឯក មុខងារ​នាយការិយាល័យ ព្រហ្មទណ្ឌ​។ ២ ឈ្មោះ លុយ តាំង​ឈួ​យ ឋានៈ​អនុសេនីយ៍ឯក មុខងារ​ប្រធាន​អង្គភាព នគរបាល​យុត្តិធម៌​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ បានបញ្ជាក់​ថាៈ កងរាជអាវុធហត្ថ​យើងខ្ញុំ នឹងធ្វើ​សន្និសីទ សារព័ត៌មាន អំពី​លទ្ធផល​នៃ​ការស៊ើបអង្កេត ស្រាវជ្រាវ​ករណី​បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់ (​ជល់​មាន់​តាម​អន​ឡាញ​) និង​ការស្លាប់​ជនសង្ស័យ ម្នាក់​ឈ្មោះ សួង ឌ័​ន​។ សន្និសីទ​សារព័ត៌មាន​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​វេលា​ម៉ោង​៩​និង​០០ នាទី ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២ ទីកន្លែង​សាលប្រជុំ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កំពង់ធំ ស្ថិតនៅ​ភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​គោរព​អញ្ជើញ​អ្នកសារព័ត៌មាន​ទាំងអស់ មេត្តា​ចូលរួម​តាម​ការគួរ ដើម្បី​ទទួលបាន​ព័ត៌មាន​ពិតៗ​៕/V