​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា ពលរដ្ឋ​អឺរ៉ុប​ប្រាំ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​បាន​ឡើង​សវនាកា​រកា​លពី​ថ្ងៃ​ចន្ទ​ទី​១៥​សីហា​នៅក្នុង​តុលាការ​ដែល​គ្រប់គ្រង​ដោយ​ពួក​បំបែក​ខ្លួន​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង​នៅក្នុង​ទីក្រុង​ដូណិត​ស​ខ៍ (Donetsk)​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី អ្នក​ទាំង​ប្រាំ​រួម​មាន​ជនជាតិ​ស៊ុយអែត​ឈ្មោះ ម៉ាត់​ធៀ​ស ហ្គូ​ស្តា​ហ្វ​សុន (Matthias Gustafsson) ក្រូត វីជេកូ​ស្លាវ ប្រេ​បឺក (Croat Vjekoslav Prebeg) និង​ជនជាតិ​អង់គ្លេស​ឈ្មោះ ច​ន ហា​ឌី​ង (John Harding) អេន​ឌ្រូ ហ៊ីល (Andrew Hill) និង ឌី​លែ​ន ហ៊ី​លី (Dylan Healy)​។​ទាំងអស់គ្នា​មិន​បាន​សារភាព​កំហុស​ចំពោះ​ការ​ចោទ​ប្រ​​កាន់​ពីបទ​ធ្វើ​ជា​ទាហាន​ស៊ីឈ្នួល​និង “​កំពុង​ឆ្លងកាត់​ការហ្វឹកហាត់​ដើម្បី​ដណ្តើម​អំណាច​ដោយ​កម្លាំង​” នោះទេ​។​

​ពួកគេ​អាច​ប្រឈម​មុខ​នឹង​ការកាត់ទោស​ប្រហារជីវិត​ក្រោម​ច្បាប់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ដូណិត​សខ៍ប្រកាស​ដោយ​ខ្លួនឯង ដែល​គ្មាន​អ្នក​ទទួល​ស្គាល់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន Interfax បាន​រាយការណ៍​ដោយ​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​តុលាការ​របស់​ក្រុម​ផ្តាច់ខ្លួន​ថា សវនាការ​បន្ទាប់​ក្នុងករណី​របស់​ពួកគេ​គ្រោង​ធ្វើ​នៅ​ខែតុលា​។​

​នៅ​ថ្ងៃទី ៩ ខែមិថុនា តុលាការ​កំពូល​នៃ​សាធារណរដ្ឋ​ស្វ័យ​ប្រកាស​នេះ​បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​អង់គ្លេស​ពីរ​នាក់​និង​ជនជាតិ​ម៉ារ៉ុក​ម្នាក់​ដែល​ពួកគេ​ទាំងអស់​ត្រូវបាន​ចាប់ខ្លួន​ដោយ​​កងកម្លាំង​គាំទ្រ​រុស្ស៊ី​នៅ​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​អ៊ុ​យក្រែន ពី​បទ​ធ្វើ​ជា​ទាហាន​ស៊ីឈ្នួល​។ អ្នក​ទាំង​បី​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​របស់​ខ្លួន​៕

អ្នកទោស​បរទេស​ទាំង​ប្រាំ​មិន​បាន​ឆ្លើយ​សារភាព​ទោស​នៅ​តុលាការ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ដូណិត​ស៍​នោះ​ទេ