​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានកំណត់​នូវ​កាលបរិច្ឆេទ​ ​ហើយ​សម្រាប់​ការប្រកួត​ជើងឯក​ជាតិ នា​ឆ្នាំនេះ​។​

​តាម​ការគ្រោងទុក​នោះ ការប្រកួត​ដែល​គ្រោង​នឹងធ្វើ​នៅ​អគារ​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​នោះ នឹងមាន​រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧ ដល់ ១៩ កញ្ញា ២០២២​។ នេះ​ជាការ​ប្រកួត​មួយ ដែល​ប្រើប្រាស់​ថវិកា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ាំ ថៃ​សាន់ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​នោះ​ថា ការប្រកួត មាន​ចំនួន ១៨ វិញ្ញាសា ។ វិញ្ញាសា​ផ្នែក​មេគុន​ឯកត្តជន​ពេញវ័យ មាន ៩ ប្រភេទ ដោយ​នារី មាន ៤ ប្រភេទ​គឺ ឡុង​ហួ​ង្វៀង ថាប់​ថឺ​ង្វៀង មេគុន​ដាវ និង កាំបិត​ធំ ។ សម្រាប់​បុរស​មាន ៥ ប្រភេទ​នោះ​គឺ ថាប់​ថឺ​ង្វៀង មេគុន​ដាវ កាំបិត​ធំ ងួន​មួង​ង្វៀន និង ដំបង ។ វិញ្ញាសា​មេគុន អាយុ​ក្រោម ១៦ ឆ្នាំ មានតែ ២ ប្រភេទ​ប៉ុណ្ណោះ​គឺ ឡុង​ហូ​ង្វៀង សម្រាប់​នារី និង​បុរស​។​

​វិញ្ញាសា​ប្រយុទ្ធ មាន ៧ វិញ្ញាសា ដោយ​នារី មាន ៣ វិញ្ញាសា សម្រាប់​ប្រភេទ​អាយុ ១៤ ឆ្នាំ​គឺ ប្រភេទ​ទម្ងន់ ៥១ ដល់ ៥៥ គីឡូក្រាម ទម្ងន់ ៥៥ ដល់ ៦០ គីឡូក្រាម និង​ទម្ងន់ ៥១ ដល់ ៦០ គីឡូក្រាម ។ ប្រយុទ្ធ​បុរស​មាន ៤ ប្រភេទ​ទម្ងន់​គឺ ៥១ ដល់ ៥៥ គីឡូក្រាម ៦០ ដល់ ៦៤ គីឡូក្រាម ៦៤​ដល់ ៦៨ គីឡូក្រាម និង ៥១ ដល់ ៦៨ គីឡូក្រាម ។​

​សមាគម ឬ ក្លិប មាន​សិទ្ធិ​ចុះឈ្មោះ​កីឡាករ កីឡាការិនី បានតែ​១​រូប ឬ ១​ក្រុម ក្នុង​មួយ​វិញ្ញាសា ព្រមទាំង​មាន​អាយុ ចាប់ពី ១៣ ដល់ ៣៥ ឆ្នាំ ជាមួយគ្នា​នោះ ក្នុង​ម្នាក់ ចូលរួម​ប្រកួត​បានតែ ២ វិញ្ញាសា ហើយ​មួយ​សមាគម ឬ ក្លិប អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត បានតែ ៨ រូប​ប៉ុណ្ណោះ ។​

​មានតែ​វិញ្ញាសា​ប្រយុទ្ធ​តែមួយគត់ ត្រូវបាន​កំណត់​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​​លេខ​៣ ស្ទួន សម្រាប់​វិញ្ញាសា​ដទៃទៀត គ្មាន​ចំណាត់ថ្នាក់​លេខ​៣ ស្ទួន​នោះទេ មានតែ លេខ​៣ ម្នាក់​គត់ ៕/V​