​ប្រែ​សម្រួលៈ​បំណង​(ST)៖ ធនាគារ​កណ្តាល​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​កាត់បន្ថយ​អត្រា​កា​ប្រាក់កំចី​ដើម្បី​ជំរុញ​សេចក្តីត្រូវការ​ឥណទាន នៅក្នុង​ចំណាត់ការ​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​ពួក​អ្នកវិភាគ​និយាយថា​​នឹង​ជួយ​រក្សា​កំណើន​សេដ្ឋកិច្ច​ប្រទេស​អោយ​នៅ​ថេរ​។​

​ធនាគារ​ប្រជាជន​ចិន​(PBOC)​បាន​និយាយថា ខ្លួន​បន្ទាប​អត្រា​ការប្រាក់​លើ​ឥណទាន​រយៈពេល​មធ្យម​ទៅកាន់​បណ្តា​ស្ថាប័នហិរញ្ញវត្ថុ​ខ្លះ​ត្រឹម​ដប់​កណ្តក់សញ្ញា​(bps)​ពី​២,៨៥​មក​២,៧៥​ភាគរយ​។​

​សូមបញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​ចិន​បាន​ចុះ​ខ្សោយ​ដោយ​មិន​រំពឹងទុក​មុន​កាលពី​ខែ​កក្កដា នាំ​អោយ​ធនាគារកណ្តាល​កាត់​អត្រា​ការប្រាក់​ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច​នៅពេល​ការ​អត់​ការងារ​ក្នុងចំណោម​​យុវជន​បន្ត​កើនឡើង​ដល់​កំរិត​ខ្ពស់បំផុត​។​

​ការ​លក់រាយ​ក្នុង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅក្នុង​លោក​នេះ​ក៏​ធ្លាក់ចុះ​នៅពេល​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅតែ​មិន​ភ្លឺស្វាង​មួយ​ផ្នែក​បណ្តាលមកពី​ភាពមិនប្រាកដប្រជា​អំពី​ជំងឺ​កូវី​ដ​១៩​។​

​ទិន្នន័យ​ចុងក្រោយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​សីហា​បាន​បង្ហាញថា ផលិតកម្ម​ឧស្សាហកម្ម​ដែល​វាស់​សកម្មភាព​ក្នុង​វិស័យ​រោងចក្រ រ៉ែ​និង​វិស័យ​ទឹក​ភ្លើង បាន​កើនឡើង​៣,៨​ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា​កាលពី​​ឆ្នាំ​មុន​តែ​ទាប​ជាង​ការរំពឹងទុក​របស់​អ្នកសេដ្ឋកិច្ច​។​ការអង្កេត​មួយ​ដោយ​សារព័ត៌មាន​ប្លូម​ប៊ឺក បាន​ព្យាករណ៍​កំណើន​៤,៣​ភាគរយ នៅពេល​ការវិភាគ​ដោយ​សារព័ត៌មាន​រ៉​យ​ទ័​ររំពឹងថា​វា​កើន​៤,៦​ភាគរយ​។​​តួលេខ​ចុងក្រោយ​នេះ​ក៏​ទាប​ជាង​កំណើន​៣,៩​ភាគរយ​កាលពី​ខែ​មិថុនា​។​

​ការលក់​រាយ​ក៏​ធ្វើអោយ​អ្នកសេដ្ឋកិច្ច​ខកចិត្ត ដោយ​កើន​បាន​២,៧​ភាគរយ​នៅ​ខែកក្កដា ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​មួយ​ឆ្នាំ​មុន គឺ​ស្ទើរតែ​ពាក់កណ្តាល​នៃ​កំណើ​៥​ភាគរយ​ដែល​ប្លូម​ប៊ឺក​និង​រ៉យ​ទ័របាន​​ព្យាករណ៍​។​

​ទោះជា​យ៉ាង​ដូច្នេះ​ក្តី លោក ហ្វ៊ុយ លីង​គ្វី​(Fu Linghui) អ្នកនាំពាក្យ​ការិយាល័យ​ស្ថិតិ​ចិន បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​ចិន​រក្សា​សម្ទុះ​រីកចំរើន​របស់​ខ្លួន​កាលពី​ខែ​មុន ទោះជា​​ប្រទេស​ជួប​ការ​ប្រឈម​ស្មុគស្មាញ​និង​បរិយាកាស​អន្តរជាតិ ព្រទាំង​ការផ្ទុះកូ​វីដ​១៩​ម្តងម្កា​លក្តី​។​

​នៅ​ទូទាំង​ពិភពលោក សេដ្ឋកិច្ច​កំពុង​តស៊ូ​រើប​រើ​ចេញ​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន និង​ធនាគារកណ្តាល​នៅ​ទូទាំង​ពិភពលោក​បាន​ដំឡើង​អត្រា​កា​ប្រាក់​ដើម្បី​ប្រយុទ្ធ​នឹង​អតិផរណា​៕