​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាល្លឺម៉ង់​កំពុង​បញ្ជូន​យន្តហោះ​យោធា​ចំនួន ១៣ គ្រឿង​ទៅ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​អូស្ត្រាលី​ដែល​ជា​ការ​ដាក់​ពង្រាយ​នា​សម័យ​សន្តិភាព​ដ៏​ធំ​បំផុត​របស់​កង​​ទ័ពអាកាស​អាល្លឺម៉ង់ ដោយ​គូសបញ្ជាក់​ពី​ការកើនឡើង​នៃ​ការ​ផ្តោត​ជា​សំខាន់​របស់​ទីក្រុង​បែរ​ឡាំង​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជាមួយ​ចិន​នៅក្នុង​តំបន់​។​

​កាលពី​ឆ្នាំមុន នាវាចម្បាំង​អាល្លឺម៉ង់​បាន​ធ្វើដំណើរ​ចូល​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត ២០ ឆ្នាំ​ជា​ចំណាត់ការ​មួយ​ដែល​ឃើញ​ទីក្រុង​បែរ​ឡាំង​ចូលរួម​ជាមួយ​ប្រទេស​លោក​ខាង​​លិច​ផ្សេងទៀត​ក្នុង​ការពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​នៅក្នុង​តំបន់ ចំ​ពេល​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​មហិច្ឆតា​ពង្រីក​ទឹកដី​របស់​ទីក្រុង​ប៉េកាំង​។​

​ភាព​តានតឹង​បាន​កើនឡើង​ផង​ដែរ​ជុំវិញ​កោះ​តៃវ៉ាន់ ចាប់តាំងពី​ចិន​បានចាប់ផ្តើម​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​នេះ បន្ទាប់​ពី​ប្រធាន​សភា​តំណាងរាស្ត្រ​អាម៉េរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តៃប៉ិ​នៅ​ដើម​ខែ​សីហា​។​

​កាលពី​ថ្ងៃ​ចន្ទ យន្តហោះ​ចម្បាំង Eurofighter ចំនួន​ប្រាំ​មួយគ្រឿង​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​នៅ​ទីក្រុង​នូ​បឺ​កអាន​ដឺដូ​ណាវ (Neuburg an der Donau) នៅ​ភាគខាងត្បូង​ប្រទេស​អាល្លឺម៉ង់ និង​យន្តហោះ​ដឹក​ប្រេង A330 ចំនួន​បី​គ្រឿង​ចេញពី​ទីក្រុង​កូឡូញ (Cologne) សម្រាប់​ជើងហោះហើរ​រយៈពេល​បី​ថ្ងៃ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ជា​កន្លែង​ដែល​ពួកវា​នឹង​រួមជាមួយ​នឹង​យន្តហោះ​ដឹក​​ជញ្ជូន A400M របស់​អាល្លឺម៉ង់​ចំនួន​បួន ដែល​បាន​ចាក​ចេញ​រួច​ហើយ​ដើម្បី​ចូលរួម​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ចំនួន ១៦ នៅក្នុង​លំ​ហាត់​សមយុទ្ធ​ធ្វើឡើង​រាល់​ពីរ​ឆ្នាំ​ម្តង ឈ្មោះថា Pitch Black ។​

​មេ​ទ័ពអាកាស​អាល្លឺម៉ង់ លោក អ៊ី​ន​ហ្គោ ជើ​ហាត (Ingo Gerhartz) បាន​ប្រាប់​អ្នកយក​ព័ត៌មាន​មុន​បេសកកម្ម​នេះ​ថា ក្នុង​អំឡុងពេល​នៃ​ការ​ដាក់​ពង្រាយ​ដែល​រួម​មាន​ផ្លូវ​ហោះហើរ​ទៅកាន់​​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង អាកាសយានិក​នឹង​ធ្វើការ​ចាក់​សាំង​ដល់​យន្តហោះ​ចម្បាំង​នៅ​ពាក់កណ្តាល​អាកាស​ចំនួន​ជិត​២០០​ដង​។​

​នៅពេល​សួរ​ថា​តើ​យន្តហោះ​ចម្បាំង​នឹង​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​និង​ច្រក​សមុទ្រ​តៃវ៉ាន់​ឬ​យ៉ាងណា លោក​ជើ​ហាត​បាន​និយាយថា យន្តហោះ​នេះ​នឹង​ប្រើប្រាស់​ផ្លូវអាកាស​ស៊ីវិល​ហើយ​ថា​គ្មាន​គម្រោង​​ការឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នោះទេ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​សមុទ្រ​ចិន​ខាងត្បូង តៃវ៉ាន់ ទាំងនេះ​ច្បាស់​ណាស់​ជា​ចំណុចក្តៅ​នៅក្នុង​តំបន់​។ យើង​នឹង​ហោះហើរ​ក្នុង​រយៈកម្ពស់​ជាង ១០ គីឡូម៉ែត្រ​ហើយ​ស្ទើរតែ​មិន​ប៉ះ​សមុទ្រ​​ចិន​ខាងត្បូង​ទេ ហើយ​យើង​នឹង​ធ្វើដំណើរ​លើ​ផ្លូវ​អន្តរជាតិ​”​។​

​លោក​ជើ​ហាត​បាន​និយាយថា ជាមួយនឹង​ការ​ដាក់​ពង្រាយ​នេះ គាត់​មានបំណង​ចង់​បញ្ជូន​សញ្ញា​មួយ​ទៅ​កាន់​ដៃគូ​របស់​អាល្លឺម៉ង់​ជាជាង​ប្រទេស​ចិន​។ លោក​និយាយថា​”​ខ្ញុំ​មិន​គិត​ថា​យើង​កំពុង​​ផ្ញើ​សារ​គំរាមកំហែង​ណា​មួយ​ទៅកាន់​ប្រទេស​ចិន​ដោយ​ការហោះហើរ​ទៅកាន់​សមយុទ្ធ​នៅ​អូស្ត្រាលី​នោះទេ​”​។​

​សម្តី​របស់​ឧត្តមសេនីយ៍នេះ​ត្រូវបានប​ន្ទ​រដោយ​ឯក​អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ លោក ហ្វី​លីព ហ្គ្រី​ន (Philip Green) ដែល​បាន​សង្កត់ធ្ងន់ថា​គ្មាន​ហេតុផល​ដែល​ទីក្រុង​ប៉េកាំង​គួរតែ​​មើលឃើញ​សមយុទ្ធ​ជា​ទៀងទាត់​នេះ​ថា​ជា​ការបង្ក​អស្ថិរភាព​ដល់​តំបន់​នោះទេ​។​

​លោក​ហ្គ្រី​ន​បាន​និយាយ​នៅពេល​សួរ​អំពី​ការផ្ញើ​សារ​សម្រាប់​ប្រទេស​ចិន​ថា “​យើង​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​តំបន់​មួយ​មាន​លំនឹង​ស្ថិរភាព សន្តិភាព និង​វិបុលភាព​ជា​យុទ្ធសាស្ត្រ​ដែល​ប្រទេស​នីមួយៗ​អាច​ជ្រើស​​រើស​ជម្រើស​អធិបតេយ្យភាព​រៀងៗ​ខ្លួន​”៕

​អាល្លឺម៉ង់​កំពុង​បញ្ជូន​យន្តហោះ​យោធា​ចំនួន ១៣ គ្រឿង​ទៅ​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​អូស្ត្រាលី