ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០២២​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២៣ ខែសីហា​ថា​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ)​អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​សកម្ម​(Active Low) មួយ​នៅលើ​ភាគ​ខាងជើង​នៃ​សមុទ្រ ចិន​ខាងត្បូង រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់​ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​

​ក្នុង​សេចក្តីជូនដំណឹង​សរសេរ​ទៀតថា ស្ថានភាព​បែប​ខាងលើនេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ក្នុងនោះ​ក៏មាន​ច្រើន​ដោយ​អន្លើ និង​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ បរិមាណ​ទឹកភ្លៀង​ធ្លាក់​ច្រើន​បន្តបន្ទាប់​អាច​នឹងធ្វើ​ឲ្យ​ភូមិសាស្ត្រ មួយចំនួន​នៃ​ខេត្តកំពង់ធំ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​សារជាថ្មី​។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣១​ទៅ​៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ទៅ​បង្គួរ​និង​ច្រើន​ដោយ​អន្លើ​លាយឡំ​ទៅដោយ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ អាច​បង្ក​មាន​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ មួយចំនួន​នៃ​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​/PC