ដោយ៖ សៀង កញ្ញា អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​/ភ្នំពេញ៖ខ្ញុំ​ឈ្មោះ ចាប គឹម​ណា អាយុ​៧០​ឆ្នាំ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ត្រពាំង​តា​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ចាប ឃី​ត និង​ម្តាយ​ឈ្មោះ សេង សំ ។ បងប្អូន​បង្កើត​របស់​ខ្ញុំ​មាន​ចំនួន​១០​នាក់​។ សព្វថ្ងៃ​នៅរស់​តែ​បួន​នាក់​ប៉ុណ្ណោះ ដោយសារ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​សម្តេច ព្រះ​នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ប្អូនបង្កើត​របស់ខ្ញុំ​ប្រាំ​នាក់ បាន​ចូលធ្វើ​កងទ័ព​ខ្មែរក្រហម​តាម​ការស្នើសុំ​របស់​ប្រធានភូមិ ហើយ​ចាប់តាំងពី​ចេញពីផ្ទះ​ទៅធ្វើ​ទ័ព ប្អូន​របស់ខ្ញុំ​ទាំង​ប្រាំ​នាក់​មិនដែល​ឃើញ​វិល​ត្រឡប់មកផ្ទះ​វិញ​រហូតមកទល់​សព្វថ្ងៃ​នេះ​។ ខ្ញុំ​មិនដឹងថា​ប្អូន​របស់ខ្ញុំ​នៅឯណា​និង​ស្លាប់​ឬ​រស់​នោះទេ​។

ចាប គឹម​ណា អាយុ​៧០​ឆ្នាំ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​ត្រពាំង​តា​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

បន្ទាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ឃើញ​មាន​ប្រជាជន​ថ្មី​ជាច្រើន បានមក​ដល់​ភូមិ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ហ៊ាន​សួរនាំ​អ្នក​ទាំង​នោះទេ ព្រោះ​ខ្លាច​ខ្មែរក្រហម​យក​ខ្ញុំ​ទៅ​សម្លាប់ចោល​។ ទាំង​ប្រជាជន​មូលដ្ឋាន និង​ប្រជាជន​ដែល​ជម្លៀស​មក​ថ្មី គឺ​ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​ប្រើ​ឲ្យ​ធ្វើការ​ដូចៗ​គ្នា​។ កាលនោះ ប្រជាជន​ទាំងអស់​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​បែងចែក​ឲ្យ​នៅតាម​កង​រៀងៗ​ខ្លួន រួមមាន កង​នារី​, កង​យុវជន​, កងកុមារ​, កង​មេម៉ាយ និង​កង​បុរស​។ កង​យុវជន ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​រែក​ដីដំបូក​ដាក់​តាម​វាលស្រែ​។ កងកុមារ​ត្រូវបាន​ខ្មែរក្រហម​ឲ្យ​ដើរ​រើស​អាចម៍គោ​ដាក់​ស្រែ​។ ខ្ញុំ​ធ្វើការ​នៅក្នុង​កង​នារី មាន​ភារកិច្ច​រែក​ដី​និង​ជីក​ប្រឡាយ​។ ខ្ញុំ​មិនដែល​ទទួល​អាហារ​ហូបចុក​គ្រប់គ្រាន់​ឡើយ ហើយ​ខ្ញុំ​មានតែ​សម្លៀកបំពាក់​មួយ​សម្រាប់​ប៉ុណ្ណោះ​។

​នៅ​ដើមឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម​ចូលមក​វាយ​ខ្មែរក្រហម ខ្ញុំ​និង​កង​នារី​ទាំងអស់​នាំគ្នា​រត់ឡើង​ភ្នំ​។ ខ្ញុំ​បាន​បែក​គ្នា​ជាមួយ​ឪពុកម្តាយ និង​បងប្អូន​ទាំងអស់​។ ប្រហែល​មួយខែ​ក្រោយមក ទើប​ខ្ញុំ វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​។ នៅតាម​ផ្លូវ​មកកាន់​ស្រុកកំណើត កងទ័ព​វៀតណាម​បាន ឲ្យ​អង្ករ និង​របស់របរ​ខ្លះទៀត​សម្រាប់​ដោះស្រាយ​ពេលធ្វើ​ដំណើរ​មក​ផ្ទះ​។ មកដល់​ភូមិកំណើត ខ្ញុំ​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​នៅលើ​ដីស្រែ​ដែល​រដ្ឋអំណាច​បែងចែក​ឲ្យ​។ នៅ​ឆ្នាំ​១៩៧៩​ដដែល ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​របស់ខ្ញុំ​គឺជា​ទាហាន​កម្ពុជា​ក្រោម​ឈ្មោះ កន សារិន​។ កាលនោះ​ខ្ញុំ​អាយុ​២៧​ឆ្នាំ​ហើយ​។

ចាប គឹម​ណា ទទួល​ប្រអប់​អនុស្សាវរីយ៍​ពី​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​របស់​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​សព្វថ្ងៃ ខ្ញុំ​មានកូន​៩​នាក់​។ កូនៗ​របស់ខ្ញុំ​មាន​ប្តី​ប្រពន្ធ​អស់ហើយ ហើយ​ខ្ញុំ​ក៏​មិន​ពិបាក​រត់លូន ឬ​ខំ​ធ្វើស្រែ​ដូច​ពីមុន​ទៀត​ទេ ព្រោះ​មានកូន​ប្រុស​ស្រី​ចិញ្ចឹម​។ ពេលខ្លះ​ខ្ញុំ​បាន​និយាយ​រឿងរ៉ាវ​ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ពី​សម័យ​ខ្មែរក្រហម​ប្រាប់​ទៅ​កូន​។ ពេល​ស្តាប់​រឿងរ៉ាវ​ទាំងនោះ​ហើយ កូន​របស់ខ្ញុំ​មាន​អារម្មណ៍​អាណិត​ខ្ញុំ​ជាខ្លាំង​។ កូន​ខ្លះ​យំ​ពេល​ស្តាប់ឮ​ប្រវត្តិ​របស់ខ្ញុំ​។ សព្វថ្ងៃនេះ ខ្ញុំ​និង​ប្តី​គិតតែ​ធ្វើ​បុណ្យទាន សន្សំ​កុសល ដើម្បី​បន់ស្រន់​កុំ​ឲ្យ​កើត​ក្នុង​របប​ដូច​ខ្មែរក្រហម​ទៀត​៕​សរន​