ដោយ៖ ទូច វ​ណ្ណេ​ត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម​/ភ្នំពេញ៖ខ្ញុំ​ឈ្មោះ ស៊ឹង គឹម​ស្រ៊ុន អាយុ​៧២​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៨ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំ​មានមុខរ​បរជាកសិក​រ​ធ្វើស្រែ​ចម្ការ​។ ខ្ញុំ​មាន​ភូមិកំណើត​នៅ​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ កៅ ឡេង និង​ម្ដាយ​ឈ្មោះ ពិន ស្រ៊ី​។ ខ្ញុំ​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​៧​នាក់​។ នៅ​វ័យ​កុមារ ខ្ញុំ​ចូលរៀន​នៅ​សាលាបឋមសិក្សា​គ្រូ​អ៊ុក​។ ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០​ចាស់​។ ខ្ញុំ​ឈប់រៀន​នៅ​អាយុ​១៣​ឆ្នាំ ដើម្បី​មកជួយ​ការងារ​ឪពុកម្ដាយ​នៅផ្ទះ និង​មើល​ប្អូនៗ​។ នៅ​អាយុ​១៥​ឆ្នាំ ខ្ញុំ​រៀបការ​ប្ដី ធ្វើជា​ប៉ូលីស​នៅ​ជី​ហែ​។ ខ្ញុំ​ទៅ​រស់នៅ​ជាមួយ​ប្ដី​នៅ​ជី​ហែរ​។ មួយរយៈ​ក្រោយមក ប្ដី​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់​ទៅធ្វើ​ការ​នៅ​ត្រពាំង​ថ្លុ​ង​។ នៅពេលនោះ ខ្ញុំ​បង្កើតកូន​បាន​មួយ​នាក់ និង​វិល​មក​រស់នៅ​ជី​ហែរ​វិញ​។​

ស៊ឹង គឹម​ស្រ៊ុន អាយុ​៧២​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៨ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​
(​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​បន្ទាប់ពី​មាន​រដ្ឋប្រហារ​របស់ លន់ នល់ នៅ​ដើមឆ្នាំ​១៩៧០ បាតុកម្ម​បាន​ផ្ទុះឡើង និង​ដង្ហែរ​ទៅ​ទី​រួម​ខេត្តកំពង់ចាម​។ អ្នកភូមិ​ជាច្រើន​បាន​ចូលរួម​បាតុកម្ម​នោះ​។ ចំណែក​ខ្ញុំ​បានមក​រស់នៅ​ផ្ទះ​ជាមួយ​ម្ដាយ​ខ្ញុំ​នៅ​ស្រុក​កោះសូទិន​។ នៅ​ឆ្នាំ​១៩៧១ ខ្ញុំ​ឃើញ​កងទ័ព​រំដោះ​ខ្មែរក្រហម​ចូលមក​ដល់​ភូមិ ហើយ​ប្ដី​របស់ខ្ញុំត្រូវបាន ចាត់តាំង​ឲ្យ​ទៅធ្វើ​ការងារ​នៅ​ភស្ដុភារ​នៅ​ខេត្តព្រៃវែង​។ នៅពេលនោះ ប្ដី​របស់ខ្ញុំ​មិនដែល​មកលេង​ផ្ទះ​នៅ​កោះសូទិន​ទេ​។ នៅ​ឆ្នាំ​១៩៧៣ ភូមិ​ទី​៨ គឺជា​សមរភូមិ​ក្ដៅ​រវាង​ទាហាន លន់ នល់ និង​កងទ័ព​រំដោះ​ខ្មែរក្រហម​។ ទាហាន​លន់ នល់ បាន​ទម្លាក់​គ្រាប់បែក​ជាច្រើន​ទៅលើ​ទីតាំង​ដែលមាន​កងទ័ព​រំដោះ​ខ្មែរក្រហម​លាក់ខ្លួន​។ នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​រត់​ភៀសខ្លួន​ជាមួយ​កូន​ទៅ​រស់នៅ​ជាមួយ​ប្ដី​ដែល​ទើបតែ​ត្រូវបាន​ផ្លាស់​មក​នៅ​ស្រុក​អូររាំងឪ​។

នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​ដឹង​ដំណឹង​ថា​ម្ដាយ​របស់ខ្ញុំ​ដែល​រស់នៅ​កោះសូទិន​បាន​ស្លាប់​។ ខ្ញុំ​បាន​នាំ​កូន និង​ប្អូន​តូច​ត្រឡប់មក​ភូមិ​វិញ ដោយបាន​ដើរ​ពី​អូររាំងឪ រហូតមកដល់​កោះ​ចិន និង​ឆ្លង​ទៅខាង​កោះសូទិន​នៅ​ព្រឹក​បន្ទាប់​។ នៅ​ឆ្នាំ​១៩៧៦ អង្គការ​ចាត់តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​នៅ​កងចល័ត​វ័យ​កណ្ដាល ដោយ​ឲ្យ​ដើរទៅ​រែក​ដី ជីក​ប្រឡាយ ស្ទូងស្រូវ កាត់​ថ្នាំ និង​កាច់​ពោត​។ ខ្ញុំ​ត្រូវ​ក្រោក​នៅ​ម៉ោង​៤​ព្រឹក ដើម្បី​តម្រង់​ជួរ និង​ចាប់ផ្ដើម​ធ្វើការ​នៅ​ម៉ោង​៦​ដល់​ម៉ោង​១១​ព្រឹក និង​ពី​ម៉ោង​១​ដល់​ម៉ោង​៥​ល្ងាច​។ ខ្ញុំ​ទទួលបាន​របប​អាហារ​ត្រឹមតែ​បបរ​រាវ​ប៉ុណ្ណោះ​។

​នៅ​ឆ្នាំ​១៩៧៧ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​បាន​ចូលមក​គ្រប់គ្រង និង​ចាប់ផ្ដើម​ចាប់ខ្លួន​ប្រធាន​កង មេភូមិ និង​ប្រជាជន​១៧​មេសា​ដើម្បី​យកទៅ​សម្លាប់ចោល​។ នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវ​បានដាក់​ជា​ប្រជាជន​ត្រៀម គឺជា​ក្រុម​ប្រជាជន​ដែល​ខ្មែរក្រហម​យកទៅ​សម្លាប់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ មាន​ប្រជាជន​ចាស់ និង​ប្រជាជន​១៧​មេសា​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន​យកទៅ​សម្លាប់​នាពេល​នោះដែរ​។ ខ្ញុំ​ធ្វើការ​នៅក្នុង​កងចល័ត​វ័យ​កណ្ដាល រហូតដល់​ពេលដែល​ក​ង​ទ័ព​វៀតណាម​ចូលមក​នៅ​ដើមឆ្នាំ​១៩៧៩​។ ខ្ញុំ​រួច​ផុតពី​សេចក្ដីស្លាប់​ក្នុង​របប​ខ្មែរក្រហម និង​ប្រកបរ​បរជាកសិក​ររ​ហូត​ដល់​សព្វថ្ងៃ​៕សរន