​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្ត្រី​បុរស​ដោះអាវ​ជាច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឆ្នេរ​ទីក្រុង​ប្រាយ​តុ​ន (Brighton) ចក្រភព​អង់គ្លេស កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ទី​១៤​សីហា​សម្រាប់​ការតវ៉ា​ប្រចាំ​ឆ្នាំ​ដែល​មានឈ្មោះ​ថា “​ដោះលែង​ចុង​សុដន់​” ក្នុង​គោលបំណង​ជំទាស់​នឹង​ស្តង់ដារ​ភេទ​ទ្វេ ខណៈ​គេ​អាច​ទទួលយក​បាន​ចំពោះ​បុរស​ដោះ​អាវ​នៅ​ទី​សាធារណៈ​បាន ប៉ុន្តែ​មិន​ទទួលយក​បាន​ចំពោះ​ស្ត្រី​។​

​រូបថត​បាន​បង្ហាញ អ្នក​ធ្វើ​យុទ្ធនាការ​ដោយ​សន្តិវិធី​រាប់រយ​នាក់​ដើរ​តាម​មាត់សមុទ្រ​នៃ​ទីក្រុង​ក្នុង​ខេត្ត​អេស​សិច​ខាងកើត (East Sussex)​។​

​ក្រុមបាតុករ​បាន​ជួបជុំគ្នា​នៅ​សួន​ហូឡ​ន (Hove Lawns) នៅ​ម៉ោង ២ រសៀល ដើម្បី​លាប​ពណ៌​រាងកាយ​និង​ធ្វើ​ស្លាក​សញ្ញា​ផ្សេងៗ​។ បន្ទាប់មក​ពួកគេ​បាន​ដើរ​ក្បួន​ទៅ​ប៉​ម i360 ជា​កន្លែង​ដែល​ពួកគេ​ធ្វើ​ការជួបជុំ​និង​ទទួលទាន​អាហារ​។​

​យោង​តាម​កាសែត The Argus បដា​សរសេរ​ថា​ដោះលែង​ចុង​សុដន់​ក្រុង​ប្រាយ​តុ​ន​២០២២ បានសរសេរថា “​ការដោះលែង​ចុង​សុដន់​” គឺជា​ចលនា​មនុស្ស​ទូទាំង​ពិភពលោក​ដែល​តវ៉ា​ជំទាស់​នឹង​ស្តង់ដារ​ទ្វេ​នៃ​ការហាមឃាត់​ការបញ្ចេញ​ចុង​សុដន់ ការ​ចម្អក​អំពី​រាងកាយ និង​ការប្រកាន់​ភេទ​។​

“​រៀងរាល់ឆ្នាំ ពួកយើង​មក​ជុំ​គ្នា​នៅ​ទីក្រុង​ប្រាយ​តុ​ន​ដើម្បី​និយាយ​បដិសេធ​ចំពោះ​របៀប​ដែល​បុរស​សម្លឹង​មើល​ហើយ​វិនិច្ឆ័យ​ពី​របៀប​ដែល​យើង​ប្រព្រឹត្ត​នៅក្នុង​សង្គម​របស់​យើង​”​។​

​រូបភាព​បានបង្ហាញ​ហ្វូង​បាតុករ​ចម្រុះ​ពណ៌ លាប​ពណ៌​រាងកាយ ស្រែក​ពាក្យស្លោក និង​កាន់​ស្លាក​សញ្ញា​ពីលើ​ក្បាល​របស់​ពួកគេ ខណៈ​ពួកគេ​ដើរ​ក្បួន​ក្រោម​អាកាសធាតុ​បើក​ថ្ងៃ​ភ្លឺ​ចែស​។​

​នៅក្នុង​រូបភាព​ទាំងនោះ សារ​សរសេ​រលើ​ស្លាក​សញ្ញា​នានា​រួមមាន “​ដោះលែង​ចុង​សុដន់​”, “​ចាំ​ដល់​អង្កាល់​ទើប​ទាមទារ​សេរីភាព​បញ្ចេញ​ចុង​សុដន់​!!!”, “​តើ​វា​មិន​ឆ្កួត​ទេ​ឬ ដែល​មាន​ចុង​ដោះ​ស្របច្បាប់​និង​ចុង​សុដន់​ខុសច្បាប់​?”, “​ប្រកាន់​ភេទ​តាំងពី​ឆ្នាំ ១៩៩៩” និង “​រូប​កាយ​របស់​ខ្ញុំ​ជា​ជម្រើស​របស់ខ្ញុំ ជីវិត​របស់​ខ្ញុំ​ជា​សំឡេង​របស់​ខ្ញុំ​”៕

​បាតុករ​រាប់រយ​នាក់​ដោះអាវ​ដើរ​តវ៉ា​នៅ​ឆ្នេរ​ប្រាយ​តុ​ន​កាលពី​ថ្ងៃអាទិត្យ